វិធានការជុំទី៩

ក្រុមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញដូចម្ដេចខ្លះជុំវិញវិធានការជុំទី៩របស់រាជរដ្ឋាភិបាល?


ស្របពេលដែលស្ថានការណ៍កូវីដ-១៩ នៅកម្ពុជាបន្ដអូសបន្លាយកាន់តែយូរ ហើយមិនទាន់មានសញ្ញាថមថយសោះនោះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា បានសម្រេចដាក់ចេញនូវវិធានការជុំទី៩ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គមដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ។ តើក្រុមអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញបែបណាជុំវិញវិធានការជុំទី៩នេះ?
កម្មកររោងចក្រ នៅម្តុំផ្លូវវេងស្រេងចេញពីធ្វើការគ្រាដែលមិនទាន់មានការបិទទ្ទប់ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ដ្បិតថាវិធានការជុំទី៩នេះ មិនសូវជួយបានច្រើន ធៀបនឹងផលប៉ះពាល់នាពេលបច្ចុប្បន្ននេះ ក៏ពិតមែន តែវាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដុតដៃដុតជើងទប់ទល់នឹងវិបត្តិនេះយ៉ាងយកចិត្តទុកដាក់ ហើយស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ននេះ វិធានការជុំទី៩នេះ ក៏មានសារៈសំខាន់ណាស់ ក្នុងការជួយដល់អាជីវកម្ម កម្មករនិយោជិត និងពលរដ្ឋក្រីក្រងាយរងគ្រោះដោយសារតែមេរោគរាតត្បាតកូវីដ-១៩។ 

អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិធានការជុំទី៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនាពេលនេះ ដ្បិតថាជួយមិនសូវបានច្រើនចំពោះផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នាពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្ដែ វាបានឆ្លុះបញ្ចាំងពីឆន្ទៈ សមត្ថភាព និងលទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិនេះ ហើយវិធានការនេះ គឺជាការដំណោះស្រាយចាំបាច់ និង បន្ទាន់មួយក្នុងការជួយកម្មករនិយោជិត រោងចក្រសហគ្រាស និងពលរដ្ឋក្រីក្រងាយរងគ្រោះដែលកំពុងត្រូវការជំនួយពីរដ្ឋ។

វិធានការជុំទី៩នេះ ក៏មិនសូវខុសគ្នាពីវិធានការទាំង៨ជុំនាពេលកន្លងមកដែរ គឺនៅបន្ដជួយដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ, ក្នុងវិស័យទេសចរណ៍, អាជីវកម្មអាកាសចរណ៍ និង គ្រួសារក្រីក្រ និង ងាយរងគ្រោះជាដើម។

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការចំណាយថវិកាសម្រាប់ជុំទី៩របស់រាជរដ្ឋាភិបាលកម្ពុជានេះ នៅតែស្ថិតនៅក្នុងគម្រោងកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលបានកំណត់ទុកពីមុនដដែល ដែលធ្លាប់បានគ្រោងទុកប្រមាណ ៨០០លានដុល្លារនៅឆ្នាំ២០២១ ហើយអាចបន្ថែម ៣០០ទៅ៤០០លានដុល្លារទៀតក្នុងករណីចាំបាច់ ដូច្នេះ សរុបទៅនៅឆ្នាំនេះ ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់កូវីដ-១៩ និង ស្ដារសេដ្ឋកិច្ចនេះ អាចនឹងកើនដល់ប្រហាក់ប្រហែលនឹងឆ្នាំ២០២០ដែរ ក្នុងរង្វង់ជាង១ពាន់លានដុល្លារ។

នៅក្នុងវិធានការជុំទី៩នេះ មានមានគោលបំណងចម្បង៤ចំណុចសំខាន់ៗ រួមមាន៖

ទី១, កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងលក្ខណៈទ្រង់ទ្រាយធំ។

ទី២,បន្ដសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ

ទី៣, បន្ដដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច សំដៅបង្កើតឲ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃការវិវឌ្ឍនៃជំងឺកូវីដ-១៩។ និងទី៤ បន្ដជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

ក្នុងនោះដែរ កម្មកររោងចក្រកាត់ដេរវាយនភណ្ឌ និងវិស័យទេសចរណ៍បន្ដទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣ខែបន្ដទៀតផងដែរ ពោលចាប់ពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២១។

សម្រាប់កម្មករនិយោជិតរោងចក្រកាត់ដេរវាយនភណ្ឌ, ស្បែកជើង,ផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានព្យួរការងារ និងទទួលបានការអនុញ្ញាតពីក្រសួងការងារ នឹងទទួលបានថវិកាឧបត្ថម្ភចំនួន៤០ដុល្លារក្នុងមួយខែ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ម្ចាស់រោងចក្រសហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារ សម្រាប់កម្មករនិយោជិត ០១នាក់។ សរុបទៅកម្មករនិយោជិតម្នាក់ ទទួលបាន៧០ដុល្លារក្នុងមួយខែ។

ដោយឡែក សម្រាប់កម្មកនិយោជិតក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ៤០ដុល្លារក្នុងមួយខែដែរ។

ក្រៅពីនេះអាជីវកម្មទេសចរណ៍ និងអាកាសចរណ៍ ក៏បន្ដទទួលបានការជួយសម្រួលបន្ធុកចំណាយលើការបង់ពន្ធប្រចាំខែមួយចំនួនសម្រាប់រយៈពេល៣ខែដូចគ្នា ខណៈដែលគ្រួសារក្រីក្រ និងងាយរងគ្រោះវិញ នៅអំឡុងពេលកូវីដ១៩នេះ រាជរដ្ឋាភិបាលក៏បន្ដឧបត្ថម្ភសាច់ប្រាក់សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញឆ្នាំ២០២១។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅវិធានការជុំទី៩នេះ វិស័យដឹកជញ្ជូន និងឡូជីស្ទិកក៏ទទួលបានការលើកលែងកម្រៃអាជ្ញាបណ្ណជើងសារគយសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ដែរ ហើយការលើកលែងនេះ គឺផ្អែកលើការវាយតម្លៃជាក់ស្ដែង។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា ការជួយរបស់រាជរដ្ឋាភិបាលនៅជុំទី៩ចំពោះវិស័យដឹកជញ្ជូននេះ គឺនឹងជួយសម្រួលបានមួយផ្នែកថែមទៀតសម្រាប់វិស័យនេះ ដ្បិតថានៅអំឡុងពេលកូវីដ-១៩រាតត្បាតនេះ វិស័យដឹកជញ្ជូន និងឡូជីស្ទិកក៏ជួបញ្ហាធ្លាក់ចុះ មួយវិញទៀត បញ្ហាដឹកជញ្ជូនឡើងថ្លៃ និងកង្វះខាតទូកុងតឺន័រក៏នៅតែជាបញ្ហាចាក់ស្រះសម្រាប់វិស័យនេះ នៅតែមិនទាន់ដោះស្រាយចេញនៅឡើយទេ។

សូមបញ្ជាក់ថា បើតាមការកត់សម្គាល់របស់រាជរដ្ឋាភិបាល ទោះបីជារាជរដ្ឋាភិបាលបន្ដកិច្ចខិតប្រឹងប្រែងទប់ទល់នឹងកូវីដ-១៩ ក៏ដូចជាការសម្រុកការចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្ដែ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅតែរងផលប៉ះពាល់។ ជាក់ស្ដែង វិស័យមួយចំនួនដូចជាកាត់ដេរវាយនភណ្ឌ, អាកាសចរណ៍, ទេសចរណ៍ គឺសុទ្ធសឹងតែបាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩នេះ។ បន្ថែមពីនេះ ពលរដ្ឋគ្រប់ស្រទាប ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏នៅតែប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ នៅតែ​បន្ដ​បោះទុន​វិនិយោគ​គម្រោង​លំនៅដ្ឋាន​តម្លៃខ្ទង់លាន​ដុល្លារ ទោះបីវិបត្តិកូវីដ-១៩បន្ដអូសបន្លាយ

ព័ត៌មាន
មហាសេដ្ឋីដ៏ល្បីឈ្មោះ អ្នកឧកញ៉ា លី ហួរ នៅតែជំនះសាងសង់គម្រោងលំនៅដ្ឋានថ្មីបន្ថែមទៀត ដែលមាន​តម្លៃចន្លោះពីជាង២២ម៉ឺនដុល្លារ ដល់ជាង១លានដុល្លារ …

កូវីដ-១៩នៅអូស្ត្រាលី៖ទីក្រុង៤ទៀតត្រូវបានបិទខ្ទប់ខណៈវិធានការថ្មីត្រូវបានពង្រីកបន្ថែម

ព័ត៌មាន
អាជ្ញាធរអូស្ត្រាលីនៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចពង្រីកវិសាលភាពវិធានការរិតត្បិតការរីករាលឆ្លងកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួនកាន់តែធំ និង តឹងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ