តើមកទល់ពេលនេះ អ៊ុយក្រែន ទទួលបានជំនួយថវិកាសរុបទាំងអស់ប៉ុន្មានហើយ?

រយៈពេល៨ខែក្រោយផ្ទុះសង្គ្រាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានជំនួយថវិកា១០០ពាន់លានដុល្លារ


បើតាមអង្គការមូលនិធិ Devex បានកត់ត្រាពីទំហំមូលនិធិដែលអ៊ុយក្រែនបានទទួលពីសម្ព័ន្ធមិត្ត រួមទាំងអង្គការស្ថាប័នហិរញ្ញវត្ថុមួយចំនួន គិតចាប់តាំងថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្លៃទី ១៧ ខែតុលា មានសរុបដល់ ១០០ពាន់លានដុល្លារ ហើយមានភាគរយតិចតូចណាស់នៃមូលនិធិទាំងនោះ គឺត្រូវបានផ្តល់ជាជំនួយមនុស្សធម៌។
រយៈពេល៨ខែក្រោយផ្ទុះសង្គ្រាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានជំនួយថវិកា១០០ពាន់លានដុល្លារ

យោងតាមទិន្នន័យ​ផ្លូវការ​របស់អង្គការ ដេវេច (Devex) បានឲ្យដឹងថា អង្គការនេះ​បានតាមដាន​ប្រភពព័ត៌មានជាង ៨៥០ អំពីអ្នកផ្តល់មូលនិធិធំជាងគេនៅជុំវិញពិភពលោក រួមទាំងរដ្ឋាភិបាលថ្នាក់ជាតិ ទីភ្នាក់ងារអន្តរជាតិ​ពហុភាគី និងស្ថាប័នក្រៅរដ្ឋាភិបាល​ជាច្រើនទៀត។

ក្នុងនោះ អង្គការ Devex បានរកឃើញថា ជំនួយឥតសំណងដែលអ៊ុយក្រែនទទួលបានពីគ្រប់ភាគីសរុបមានចំនួនជាង ១៩ ពាន់លានដុល្លារ ដែលមូលនិធិនេះគឺត្រូវផ្តល់សម្រាប់សកម្មភាពមនុស្សធម៌ ឬដើម្បីរក្សាហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅក្នុងអ៊ុយក្រែន ដោយរហូតមកដល់ពេលនេះ​ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ​ឥតសំណងធំជាងគេដល់អ៊ុយក្រែនមានចំនួន ៤ពាន់រយលានដុល្លារ តាមរយៈធនាគារពិភពលោក។

លើសពីនេះ ការវិភាគរបស់អង្គការ Devex ប្រទេសនានា​បានផ្តល់ប្រាក់កម្ចីជិត ៨០ ពាន់លានដុល្លារ និងហិរញ្ញប្បទាន​​ដែលអាចសង​បានផ្សេងទៀតដល់ប្រទេសអ៊ុយក្រែន ដែលនេះទំនងជាដើម្បីធ្វើការរក្សាដំណើរការសេដ្ឋកិច្ចអ៊ុយក្រែន ខណៈខ្លួនកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្សី។

កាលពីដើមឆ្នាំនេះ ម្ចាស់ជំនួយ និងរដ្ឋាភិបាល​នៃប្រទេសធំៗ​មួយចំនួនបានសន្យាផ្តល់ជំនួយជាច្រើន​ពាន់ដុល្លារ​បន្ថែមទៀត​សម្រាប់អនាគតអ៊ុយក្រែន ដូចជា​ប្រាក់កម្ចីជាង ១០ ពាន់ដុល្លារដែលបានព្រៀមព្រៀងគ្នានៃកិច្ចប្រជុំមួយក្នុងប្រទេសប៉ូឡូញ​កាលពីខែមេសា និងជិត ២០ ពាន់លានដុល្លារផ្សេងទៀតនៅឯកិច្ចប្រជុំនៃប្រទេស G៧ ក្នុងខែឧសភាកន្លងទៅ។ រហូតមកដល់ពេលនេះ វាមិនច្បាស់ទេថា មូលនិធិទាំងនោះបានហូរចូលដល់ដៃរដ្ឋាភិបាលទីក្រុងកៀវកម្រិតណា ដើម្បីប្រើប្រាស់វាទៅជាជំនួយ និងកម្ចីសម្រាប់​ទ្រទ្រង់ប្រទេសនោះ។

ទោះយ៉ាងណាក៏ដោយ ទំហំនៃតម្រូវប្រើប្រាស់ការគឺច្រើនសន្ធឹកសន្ធាប់​ណាស់ដូចគ្នា បើតាមអង្គការសហប្រជាជាតិបាននិយាយកាលពីខែមេសាថា យ៉ាងហោចណាស់មនុស្សជាង ១៥ លាននាក់នៅក្នុងប្រទេសអ៊ុយក្រែនកំពុងត្រូវការជំនួយជាបន្ទាន់។ ហើយអ៊ុយក្រែន​បាននិយាយថា ប្រទេសខ្លួនក៏កំពុងឆ្ពោះទៅរកឱនភាពនៃសេដ្ឋកិច្ច ដែលត្រូវការថវិកាចំនួន ៥ ពាន់លានដុល្លារជារៀងរាល់ខែ។ យោងតាម អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រាប់អង្គការ Devex ថា ប្រាក់ទាំងអស់ ដែលទទួលបាន​រហូតមកដល់ពេលនេះ​ត្រូវបានប្រើប្រាស់អស់ហើយ ដោយខ្លួនមិនមានផែនការ​ច្បាស់លាស់សម្រាប់ត្រៀម​ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ទៀតនោះទេ។

ជាការពិត តម្លៃនៃ​ជនភៀសខ្លួន​​អ៊ុយក្រែន​ក៏​បាន​ក្លាយ​​ជា​បញ្ហា​​បន្ទាន់មួយផង​ដែរ។ គិតត្រឹមដើមខែតុលានេះ មានជនភៀសខ្លួនអ៊ុយក្រែនជាង ៧ លាននាក់ ដែលបន្តស្ថិតក្នុងបណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុប ជាពិសេស​នៅប្រទេសប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក។

គួរកត់សម្គាល់ថា​​ អ៊ុយក្រែនកំពុងទទួលបាន​ការប្តេជ្ញាផ្តល់ជំនួយ​ដ៏ច្រើន​មហាសាល​ពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។ កាលពីខែ​មិថុនាកន្លងទៅ​ ការវិភាគមួយរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួល​កិច្ចការមនុស្សធម៌បាន​រកឃើញថា ជំនួយមនុស្សធម៌​ដែលត្រូវបានផ្តល់ទៅឲ្យអ៊ុយក្រែន វាច្រើនជាងមូលនិធិ​ដែលផ្តល់ទៅឲ្យប្រទេសស៊ីរី យេម៉ែន និងអាហ្វហ្គានីស្ថានរាប់ដងឯណោះ។

បើតាមទិន្នន័យដែលបានចុះផ្សាយដោយអង្គការ Devex បានរៀបរាប់ឲ្យដឹងថា​ សហភាពអឺរ៉ុបបានប្រកាសកញ្ចប់ថវិកាចំនួន ៣៥៣ លានដុល្លារ និង ៥៣៥ លានដុល្លារផ្សេងទៀតទៅដល់អ៊ុយក្រែនសម្រាប់តែជំនួយម​នុស្សធម៌មួយមុខគត់។ ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលមួយជាមួយអង្គការអន្តរជាតិ (Global Citizen) និងរដ្ឋាភិបាលកាណាដា សហភាពអឺរ៉ុបក៏បានសន្យានឹងផ្តល់ជំនួយ ៥៩៣ លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន និងជាង ៣៩៥ លានដុល្លារទៀតសម្រាប់ទទួលយកជនភៀសខ្លួន។

យោងតាមកាសែត The New York Times រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ជាច្រើនសម្រាប់អ៊ុយក្រែន ដែលចុងក្រោយបំផុតមានចំនួន ៤០ ពាន់លានដុល្លារ ដោយបែងចែកស្មើៗគ្នាទៅលើជំនួយផ្នែកយោធា និងជំនួយមនុស្សធម៌ ។ ម្យ៉ាងវិញទៀត ចក្រភពអង់គ្លេសក៏បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចសរុបចំនួន ១ពាន់៧ រយលានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ជាមួយនឹងជំនួយផ្នែកយោធាចំនួន ២ពាន់៥រយលានដុល្លារផងដែរ។

រី​ឯប្រទេសអាល្លឺម៉ង់ក្នុងពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងចំនួន ១ ពាន់លានដុល្លារដល់អ៊ុយក្រែន និងបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនប្រហែលមួយលាននាក់។​ ហើយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃសរុបជាង ៥ ពាន់លានដុល្លារ ហើយកាលពីថ្ងៃចន្ទ ទី​ ២៤ តុលានេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនបានបញ្ចេញទឹកប្រាក់បន្ថែមចំនួន ៥០០ លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការបំពេញតម្រូវការចំណាយបន្ទាន់ជាដើម។

ទោះបីជាយ៉ាងក៏ដោយ អង្គការអន្តរជាតិមួយនេះ​ រួមជាមួយរដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មាធិការអឺរ៉ុបបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែកញ្ញាថា ការឈ្លានពានរបស់រុស្ស៊ីបានបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំទៅលើប្រទេសអ៊ុយក្រែន ដោយគិតជាទឹកប្រាក់មានជាង ៩៧ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ អ៊ុយក្រែន ក៏ត្រូវការចំណាយប្រាក់ ៣៥០ ពាន់លានដុល្លារដើម្បីកសាងប្រទេសមួយនេះឡើងវិញផងដែរ។




អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឲ្យរដ្ឋថៃហ៊ានខ្ចីបុលជាង ២៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០២៣-២០២៧?

ព័ត៌មាន
ការិយាល័យគ្រប់គ្រងបំណុលសាធារណៈនៃប្រទេសថៃ (PDMO) គ្រោងខ្ចីបំណុលប្រមាណជាង ២៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ចាប់ពីឆ្នាំ២…

កូរ៉េខាងត្បូងថា កូរ៉េខាងជើងត្រៀមខ្លួនរួចស្រេចហើយ សម្រាប់ការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអង្គារ ទី ២៥ តុលា ថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ