អឺរ៉ុបសម្រេចចាត់ទុករុស្ស៊ីជារដ្ឋឧបត្ថម្ភអំពើភារវកម្ម!

EU សម្រេចប្រកាសដាក់រុស្ស៊ីចូលក្នុងបញ្ចី ជារដ្ឋដែលផ្គត់ផ្គង់ និងឧបត្ថម្ភអំពើភេរវកម្ម


សភាអឺរ៉ុបកាលពីថ្ងៃពុធ ទី ២៣ វិច្ឆិកា បានប្រកាសដាក់ប្រទេសរុស្ស៊ីចូលជារដ្ឋ ដែលផ្គត់ផ្គង់ និងឧបត្ថម្ភដល់អំពើភេរវកម្ម ដោយលើកហេតុផលថា យោធាម៉ូស្គូបានវាយប្រហារលើជនស៊ីវិលអ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពល មន្ទីរពេទ្យ សាលារៀន និងទីជម្រកជាច្រើន ហើយទង្វើនេះត្រូវបានចាត់ទុកថា គឺជាការប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
EU សម្រេចប្រកាសដាក់រុស្ស៊ីចូលក្នុងបញ្ចី ជារដ្ឋដែលផ្គត់ផ្គង់ និងឧបត្ថម្ភអំពើភេរវកម្ម

មែនទែនទៅ ការសម្រេចចាត់ទុករុស្ស៊ីជារដ្ឋគាំទ្រភេរវកម្មរបស់សហភាពអឺរ៉ុបនេះ គឺជាការបោះជំហានគួរឱ្យកត់សម្គាល់មួយ បន្ទាប់ពីប្លុកនេះ​បានដាក់ទណ្ឌកម្មស្ទើរតែគ្រប់បែបយ៉ាងទៅលើរុស្ស៊ី។​ ភ្លាមៗ ទីក្រុងម៉ូស្គូបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង​លើការសម្រេចរបស់សភាអឺរ៉ុប។

តាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើសារថេឡេក្រាមថា៖​ «រុស្ស៊ីសូមចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបថា ជាគំនិតឆ្គួតលីលា»។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍ការសម្រេចរបស់សភាអឺរ៉ុបនេះ។ លោក Zelenskiy ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតប្រកាសចាត់ទុកប្រទេសរុស្ស៊ីថាជារដ្ឋ​ឧបត្ថម្ភអំពើភេរវកម្មដែរ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken បានបដិសេធមិនព្រមចាត់ទុករុស្ស៊ី​ជារដ្ឋឧបត្ថម្ភអំពើភេរវកម្មនោះទេ​ បើទោះបីជា​មានដំណោះស្រាយនៅក្នុងសភាអាមេរិក​ជំរុញ​ឱ្យលោកធ្វើដូច្នោះក៏ដោយ។

ជាមួយគ្នានេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បច្ចុប្បន្នបានដាក់ឈ្មោះប្រទេសចំនួនបួន គឺប្រទេសគុយបា កូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរីជាប្រទេសឧបត្ថម្ភអំពើភេរវកម្ម មានន័យថាពួកគេស្ថិតនៅក្រោមការហាមឃាត់​ការនាំចេញផ្នែក​សព្វាវុធ និងការរឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ។

ទន្ទឹមនឹងគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី​ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសរុស្ស៊ីផងដែរ ជុំវិញការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឱ្យទីក្រុងធំៗ​របស់អ៊ុយក្រែន​បានធ្លាក់ចូលទៅក្នុង​ភាពងងឹត គ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលរដូវរងា​បានឈានចូលមកដល់នោះ។

គួរជម្រាបថា កាលពីថ្ងៃទី ២៣វិច្ឆិកា មីស៊ីលរុស្ស៊ីបានវាយប្រហារបាញ់ស្រោចលើទីក្រុងធំៗនៅទូទាំងប្រទេសអ៊ុយក្រែន​ ដោយបាន​សម្លាប់​មនុស្ស ១០ នាក់ និង​បង្ខំ​ឱ្យរោងចក្រ​ថាមពល​នុយក្លេអ៊ែរបិទប្រតិបត្តការ ​ ក៏ដូចជា​កាត់​ផ្តាច់​​ប្រព័ន្ធផ្គត់ផ្គង់​ទឹក និង​អគ្គិសនី​នៅ​កន្លែង​ជាច្រើនផងដែរ។

នៅឯអង្គការសហប្រជាជាតិវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី លីនដា ថូម៉ាស គ្រីមហ្វៀល (Linda Thomas-Greenfield) បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កំពុង «ប្រើប្រាស់សព្វាវុធក្នុងរដូវរងា ដើម្បីបង្កការឈឺចាប់យ៉ាងសម្បើម​មកលើប្រជាជនអ៊ុយក្រែន «និង​ព្យាយាម​ធ្វើយ៉ាងណាឱ្យអ៊ុយក្រែនសុំចុះចាញ់តែម្តង»។

ផ្ទុយទៅវិញ ឯកអគ្គរដ្ឋទូត​រុស្ស៊ីលោក Vasily Nebenzya បានឆ្លើយតបដោយ​ប្រឆាំង​យ៉ាងដាច់ខាតទៅនឹង​សារប្រកដដោយ «ការគំរាមកំហែង និងការដាក់ឱសានវាទ» មិនចេះគិត​ពិចារណារបស់អ៊ុយក្រែន ដែលមានប្រទេសលោកខាងលិចនៅពីក្រោយ។ លោក ណេបេនហ្សយ៉ា អះអាងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន គឺបណ្តាលមកពីមីស៊ីលដែលបាញ់​ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ដែលបានធ្លាក់ចូលទៅក្នុងតំបន់ស៊ីវិល បន្ទាប់ពីបានបាញ់ទៅលើ​មីស៊ីលរបស់រុស្ស៊ី ហើយលោកបានអំពាវនាវឱ្យលោក​ខាងលិចបញ្ឈប់​ការផ្តល់មីស៊ីលការពារ​ដែនអាកាសដល់ទីក្រុងកៀវផងដែរ៕




អត្ថបទបន្ទាប់


ទស្សនរបស់អ្នកជំនាញវិភាគទីផ្សារ ជុំវិញទីផ្សារតម្លៃប្រេងឆៅពិភពលោកនៅឆ្នាំ២០២៣

ព័ត៌មាន
ក្រុមអ្នកវិភាគនៅក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ថៃ PTT Plc បាននិយាយថា តម្លៃប្រេងឆៅសកលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះមកនៅត្រឹមចន្លោះពី ៨៥ …

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវនាវឱ្យអ្នកមានគំនិតច្នៃប្រឌិតចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្មីមួយ ដើម្បីលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ

ព័ត៌មាន
កម្មវិធីប្រកួតប្រជែងថ្មីមួយដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើនដើម្បីបង្កើតឱ្យមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ