ការហ៊ុមព័ទ្ធការនាំចូលប្រេងពីរុស្ស៊ី ៩០%

នៅទីបំផុតសហភាពអឺរ៉ុបសម្រេចអនុម័តការហ៊ុមព័ទ្ធការនាំចូលប្រេងពីរុស្ស៊ី ៩០% ទៅកាន់ប្លុករបស់ខ្លួន


មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទ ទី៣០ឧសភា លើការព្រមព្រៀងជាគោលការក្នុងការអនុម័តកញ្ចប់ទណ្ឌកម្មទី ៦ហើយ បន្ទាប់ពីមានភាពចម្រូងចម្រាស់កើតឡើងរវាងរដ្ឋជាសមាជិកអស់រយៈពេល ១ ខែកន្លងមកនេះ។
នៅទីបំផុតសហភាពអឺរ៉ុបសម្រេចអនុម័តការហ៊ុមព័ទ្ធការនាំចូលប្រេងពីរុស្ស៊ី ៩០% ទៅកាន់ប្លុករបស់ខ្លួន

ក្នុង​នោះ សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​គោលការណ៍​នឹង​ដាក់​ទណ្ឌកម្ម​លើ​ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី រហូត​ដល់​៩០% ទៅ​ក្នុង​ប្លុក​របស់​ខ្លួន​រហូត​ដល់​ត្រឹម​ចុងឆ្នាំ ២០២២ រួម​ទាំង​ទណ្ឌកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ទី​៦​នេះ​ផង​ដែរ ដែល​វា​ជា​ផ្នែក​នៃ​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​មួយ ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​នឹង​ដាក់​ទៅ​លើ​ទីក្រុង​មូ​ស្គូ ដែល​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​។

លោកស្រី Ursula Von der Leyen ប្រធាន​ផ្នែក​ប្រតិបត្តិ​របស់​ប្លុក​នេះ​បាន​និយាយ​ថា វិធានការ​ដាក់​ទណ្ឌកម្ម​នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ប្រហែល ៩០% ពី​រុ​ស្ស៊ី​ទៅ​កាន់​សហភាព​អឺរ៉ុប រហូត​ដល់​ចុងឆ្នាំ​នេះ​។

ទន្ទឹម​នឹង​នោះ កញ្ចប់​ទណ្ឌកម្ម​ថ្មី​ក៏​នឹង​រួម​បញ្ចូល​នូវ​ការ​បង្កក​ទ្រព្យសកម្ម និង ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​លើ​បុគ្គល​រុ​ស្ស៊ី​មួយ​ចំនួន​ទៅ​កាន់​សហភាព​អឺរ៉ុប ខណៈ​ដែល​ធនាគារ​ធំ​ជាងគេ​របស់​រុ​ស្ស៊ី​គឺ Sberbank នឹង​ត្រូវ​បាន​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​អន្តជាតិ SWIFT ដែល​ជា​ប្រព័ន្ធ​ទូទាត់​ពិភពលោក​ដ៏​សំខាន់​សម្រាប់​ការ​ផ្ទេរ​ហិរញ្ញវត្ថុ​អន្តជាតិ ហើយ​ទូរទស្សន៍​រដ្ឋ​ធំ​ៗ​ចំនួន​បី​របស់​រុ​ស្ស៊ី នឹង​ត្រូវ​បាន​រារាំង​ពី​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​របស់​ពួក​គេ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ​។

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លោក Charles Michel បាន​និយាយ​ថា កិច្ចព្រមព្រៀង​នៃ​ទណ្ឌកម្ម​ទី ៦ នេះ​នឹង​គ្របដណ្តប់​ច្រើន​ជាង​ពីរ​ភាគ​បី​នៃ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី​។ លោក Michel បាន​គូស​បញ្ចា​ក់ថា ទណ្ឌកម្ម​ថ្មី​ដែល​ត្រូវការ​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក​ទាំង ២៧ នឹង​ត្រូវ​បាន​អនុម័ត​ដោយ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ពុធ ស​ប្តា​ហ៍​នេះ​។ លោក​បាន​បន្ថែម​ថា មេដឹកនាំ​នៃ​រដ្ឋ​ជា​សមាជិក ក៏​បាន​យល់ព្រម​ផ្តល់​ជំនួយ​ថវិកា​ដល់​អ៊ុយ​ក្រែ​ន​ចំនួន​ជិត​១០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​ផង​ដែរ​។ ប៉ុន្តែ​មិន​មានការ​បញ្ចា​ក់​ណាមួយ​ថា តើ​ប្រាក់​នេះ​នឹង​ផ្តល់​ជា​ជំនួយ ឬ​ជា​កម្ចី​នោះ​ទេ​។

យ៉ាងណាមិញ សេចក្តី​អនុម័ត​នៃ​ទណ្ឌកម្ម​ទី ៦ នឹង​គ្របដណ្តប់​លើ​ការ​ហាមឃាត់​ប្រេង​រុ​ស្ស៊ី ដែល​នាំ​មក​តាម​សមុទ្រ ក៏​ប៉ុន្តែ​នឹង​អនុញ្ញាត​ឱ្យ​មានការ​លើកលែង បណ្តោះអាសន្ន​សម្រាប់​ការ​នាំ​ចូល​ដែល​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង ដើម្បី​នាំ​ចូល​ទៅ​កាន់​ប្រទេស​ហុង​គ្រី​។

គួរ​រំឭក​ថា កញ្ចប់​ទណ្ឌកម្ម​ទី​៦ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៤ ឧសភា ដែល​មាន​ទិស​ដៅ​ធំ​ចង់​ហ៊ុម​ព័ទ្ធ​ប្រេង​រុ​ស្ស៊ី ដែល​កន្លង​មក​សំណើ​នេះ​ត្រូវ​បាន​ជាប់​គាំង​មក​អស់​ជា​រយៈពេល​ជិត ១​ខែ​មក​ហើយ ដោយសារ​ប្រទេស​ហុង​គ្រី បាន​បដិសេធ​វិធានការ​នេះ ហើយ​បាន​អះអាង​ថា ខ្លួន​អាច​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​បាន លុះត្រាតែ​សន្តិសុខ​ផ្គត់ផ្គង់​ប្រេង​របស់​ប្រទេស​ហុង​គ្រី​ត្រូវ​បាន​ធានា​។

ការ​ជាប់​គាំង​បាន​ធ្វើ​ឱ្យ​ប្លុក​នេះ​រង​ការ​អាម៉ាស់​យ៉ាង​ខ្លាំង ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់​បន្ថយ​មហិច្ឆតា​របស់​ខ្លួន ដើម្បី​បញ្ចុះបញ្ចូល​ការ​ប្រឆាំង​របស់​ហុង​គ្រី​ឲ្យ​យល់​ពេល​ទៅ​លើ​ការ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​ទីក្រុង​ម៉ូ​ស្គូ​។

គួរ​ជម្រាប​ថា សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើក​មុន​ចំនួន ៥ លើក​រួច​មក​ហើយ​លើ​រុ​ស្ស៊ី ជុំវិញ​ការ​បង្កើត​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ទណ្ឌកម្ម​ទាំងនោះ​រួម​មាន ការ​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ជាង ១ ពាន់​នាក់ រួម​ទាំង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន និង មន្ត្រី​រដ្ឋាភិបាល​កំពូល ក៏​ដូច​ជា​ក្រុម​អភិជន​ដែល​គាំទ្រ​វិមាន​ក្រឹម​ឡាំង ធនាគារ វិស័យ​ធ្យូងថ្ម និង ផ្នែក​សំខាន់​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ប្រទេសចិនគួរងាកទៅពង្រឹងទំនាក់ទំនងជាមួយអាស៊ានឲ្យខ្លាំង ខណៈអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា

ព័ត៌មាន
ពាណិជ្ជកម្មចេះតែកើនឡើងយ៉ាងឆាប់រហ័សរវាងឥណ្ឌា និងសហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសចិនមានការភ្ញាក់ផ្អើល និងកង្វល់កាន់តែខ្លាំងថា រដ្ឋការរបស់លោក …

ក្រោយរងទណ្ឌកម្មពីអាមេរិក Huawei ខំពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មី

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មីរបស់ខ្លួន ដើម្បីជួយធានាដល់ការបន្តលូតលាស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ