ពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាមអាចនឹងចូលជាធរមាននៅខែក្រោយនេះ ក្រោយសភាជាតិវៀតណាមអនុម័តនៅថ្ងៃចន្ទនេះ!


នៅថ្ងៃចន្ទនេះ សភាជាតិវៀតណាម បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ជាផ្លូវការហើយ ដោយកិច្ចព្រមព្រៀងនេះ នឹងលុបចោលនូវពន្ធគយរហូតដល់ទៅ ៩៩% ទៅលើការធ្វើពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរនេះ។
វៀតណាម រំពឹងខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបនឹងជួយស្តារសេដ្ឋកិច្ចខ្លូនឡើងវិញ(រូបភាព The Vietnam Group)
ដោយ

តាមការរាយការណ៍​របស់​សារព័ត៌មាន VN Express បានឲ្យដឹងថា សភាជាតិ​វៀតណាមក្នុងពេល​ជាមួយគ្នានេះ ក៏បានសម្រេច​​​អនុម័ត​លើ​កិច្ចព្រមព្រៀង​ការការពារ​ការវិនិយោគ​អឺរ៉ុប-វៀតណាមផងដែរ ដោយក្នុងនោះ មាន​សមាជិកសភា​ ៩៤,៦២% បាន​បោះឆ្នោតគាំទ្រ​​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអឺរ៉ុប-​វៀតណាមនេះ ខណៈដែល​កិច្ចព្រមព្រៀង​ការការពារ​ការវិនិយោគ​អឺរ៉ុប​-វៀតណាម មានការបោះឆ្នោត​គាំទ្រ ៩៥,៦៥%។ កិច្ចព្រមព្រៀង​នេះ អាច​នឹងចូល​​ជាធរមាន​នៅក្នុង​ខែកក្កដា​ខាងមុខនេះ។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម ដែល​បាន​ចំណាយពេល​ ៨ឆ្នាំ ដើម្បីចរចានោះ វៀតណាម​នឹង​លុបបំបាត់​ពន្ធគយ​​រហូតដល់ ​៩៩% នៃទំនិញ​នាំចូល​​ពីអឺរ៉ុបនៅ​រយៈពេល​ ១០ឆ្នាំ ហើយ​អឺរ៉ុប​នឹង​លុបបំបាត់ពន្ធគយនាំចូល​ទំនិញពីវៀតណាម​​ជាង ៩៩នៅរយៈពេល ៧ឆ្នាំ។

សម្រាប់​ចក្រភពអង់គ្លេស កិច្ចព្រមព្រៀងនេះ នឹង​ត្រូវអនុវត្ត​ចាប់ពីពេល​​ដែល​វា​ចូលជា​ធរមាន​រហូតដល់​ចុងឆ្នាំនេះ និងអាចពន្យារពេលរហូតដល់ ២៤ខែ ទៅតាមអ្វីដែលបាន​កំណត់​ក្នុង​​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និងអឺរ៉ុប ដោយ​ប្រទេសនេះ បាន​សម្រេច​ចាកចេញពី​ប្លុកសហភាពអឺរ៉ុប។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​អឺរ៉ុប-វៀតណាមនេះ គឺជាកិច្ចព្រមព្រៀងមួយ​ដែលមានភាពទូលំ​ទូលាយ និងមាន​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​ស្រប​តាម​បទប្បញ្ញត្តិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយវា​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាអឺរ៉ុប​កាលពី​ខែ​មីនា​កន្លងទៅនេះ។

នៅពេល កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-វៀតណាម​ចូលជាធរមាន​​នៅខែក្រោយនេះ ភ្លាមៗនោះ​អឺរ៉ុប​នឹង​លុបចោល​ពន្ធនាំចូល​ប្រមាណ ៨៥,៦% នៃបន្ទាត់​ពន្ធគយ ដែលមានប្រមាណ ៧០,៣% នៃការនាំចេញ​​របស់វៀតណាម​ទៅកាន់​អឺរ៉ុប។ ជាបន្ដបន្ទាប់ទៀត ក្នុងរយៈពេល ៧ឆ្នាំ អឺរ៉ុប នឹង​លុបចោល​ពន្ធគយ រហូតដល់ ៩៩,២% ដែលស្មើនឹង​ ៩៩,៧% នៃការនាំចេញ​របស់វៀតណាម​ទៅអឺរ៉ុប។ នៅសល់ ០,៣% នឹង​ផ្ដល់​កូតា​ពន្ធគយទៅឲ្យវៀតណាម ជាមួយនឹង​ពន្ធនាំចូល​ស្មើ​សូន្យភាគរយតែម្ដង។

បើតាម​ការរាយការណ៍​របស់​សារព័ត៌មាន Nikkei Asian Review បាន​ឲ្យដឹងដែរថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាមនេះ អាចនឹង​ជួយឲ្យ​​ប្រទេស​ជិតខាង​កម្ពុជាមួយនេះ​កាន់តែ​មានភាព​ទាក់ទាញថែមទៀត ក្នុងក្រសែភ្នែក​ជា​ទិសដៅ​វិនិយោគ​របស់​រោងចក្រ​ធំៗ ដែល​កំពុង​​គិតចង់​រើចេញពី​ប្រទេសចិន។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និងវៀតណាមនេះ គឺជា​កិច្ចព្រមព្រៀង​ទី២ហើយ ដែលអឺរ៉ុប​បានធ្វើ​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់អាស៊ាន បន្ទាប់ពីប្រទេស​សិង្ហបុរី ហើយវា​ក៏ជា​កិច្ចព្រមព្រៀង​​កម្រមួយដែរ ដែលអឺរ៉ុប​ធ្វើជាមួយនឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក Nicolas Audier ប្រធានសភាពាណិជ្ជកម្ម​អឺរ៉ុប បាន​បញ្ជាក់ថា «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​ វៀតណាមនេះ គឺរឹតតែសំខាន់​ឡើង​មិនធ្លាប់​មានឡើយ​នាពេល​ឥឡូវនេះ ខណៈដែល​សង្គ្រាមពាណិជ្ជកម្ម និង​ការ​ផ្ទុះរាលដាល​ជាសកល​នៃមេរោគរាត​ត្បាត​ រំខាន​ដល់​ប្រតិបត្តិការ​ជាធម្មតា​របស់​អាជីវកម្ម ក្នុង​ទំហំ​ដែលមិនធ្លាប់​មាន​។ ការ​ធ្វើពាណិជ្ជកម្មសេរី យុត្តិធម៌ និង​មានមូលដ្ឋាន​ច្បាប់ គឺជា​ផែនទី​បង្ហាញផ្លូវ ដើម្បី​កំណើន​សេដ្ឋកិច្ច ហើយវៀតណាម នឹង​ទទួលបាន​អភ័យឯកសិទ្ធិ​​ចូលទៅកាន់​ទីផ្សារ​អឺរ៉ុប ដែលមាន​អ្នកប្រើប្រាស់​ប្រហែល ៥០០លាននាក់ ដែលពួកគេ​គឺជា​អ្នក​​ដែលចង់ធ្វើជំនួញ និងវិនិយោគ​នៅក្នុង​ប្រទេសដែល​រឹងមាំ មានសន្ដិសុខ និង​វិបុលភាព នៅចំកណ្ដាល​​បេះដូង​នៃ​តំបន់​អាស៊ីនេះ»។

អឺរ៉ុប គឺជាទីផ្សារ​នាំចេញ​ធំបំផុត​ទី២ របស់វៀតណាម​កាលពីឆ្នាំ២០១៩ បន្ទាប់ពី​សហរដ្ឋ​អាមេរិក ដោយ​ការនាំចេញ​ទៅអឺរ៉ុប​ សម្រេចបាន​ជាង ៤១ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ ១% ធៀបនឹងឆ្នាំ២០១៨។

ធនាគារពិភពលោក បាន​មើលឃើញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនេះ នឹងជួយជំរុញ​ផលិតផល​ក្នុងស្រុកសរុប​របស់វៀតណាមប្រមាណ ២,៤% និង​ជំរុញដល់​ការនាំចេញ ១២% នៅឆ្នាំ២០៣០ ហើយវា​ក៏នឹង​ជួយឲ្យ​ពលរដ្ឋ​វៀតណាម​រាប់រយពាន់នាក់ នឹងចាកផុត​ពីភាព​ក្រីក្រ​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខណ្ឌសែនសុខ បានស្រូបទាញគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ដ៏ធំមួយទៀតហើយ!

ព័ត៌មាន
ដូចដែលអ្នកជំនាញអចលនវត្ថុខ្លះធ្លាប់បានលើកឡើង ខណ្ឌសែនសុខ គឺជាខណ្ឌមួយដ៏មានសក្តានុពល ក្នុងរាជធានីភ្នំពញ សម្រាប់វិស័យអចលនទ្រព្យ បើទោះបី ពេលនេ…

កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ ជា​ហានិភ័យ​ដល់​"ក្តី​សុបិនតំណក់​​ប្រេង"ដំបូង​របស់​កម្ពុជា

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ឈ្មោះ Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​នៅថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ថា ជំងឺ​កូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ