អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ


រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ - ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើក ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាល បន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ដោយ
អំពី Khmer Enterprise

កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃ​វឌ្ឍនភាពនៃ​ការ​ អនុវត្ត​កម្មវិធី និង​ការកែលម្អយន្តការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាព និងផលវិជ្ជមានកាន់តែខ្ពស់សម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ខណៈដែលកម្ពុជាកំពុងខិតខំជំរុញបរិវត្តកម្ម សេដ្ឋកិច្ច សហគ្រិនភាពដើរតួកាន់តែសំខាន់ ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ យើងត្រូវបន្តសហការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីឱ្យសហគ្រិនកម្ពុជា អាចប្រែក្លាយគំនិត ទៅជាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង។”

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានពិភាក្សា និងអនុម័តទិសដៅការងារដូចខាងក្រោម៖

● ពង្រីកការគាំទ្រសហគ្រិនភាពទៅកាន់បណ្តាខេត្ត និងត្រៀមសហគ្រិនសម្រាប់ដំណាក់កាលថ្មីនៃការ អភិវឌ្ឍសេដ្ឋកិច្ច៖ សហគ្រិនខ្មែរ បន្តពង្រីកការអភិវឌ្ឍសមត្ថភាពសហគ្រិន តាមរយៈការបណ្តុះបណ្តាល ការ​ផ្តល់​ប្រឹក្សាបច្ចេកទេស ការលើកកម្ពស់ចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិត ដល់សហគ្រិន​នៅតាម ​បណ្តា​ខេត្ត។ ទន្ទឹមនឹងនេះ កម្មវិធីសហគ្រិនវិទ្យាល័យ និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានពង្រីក​ទៅ ​កាន់១៧៥ វិទ្យាល័យ-គ្រឹះស្ថានឧត្តមសិក្សាទូទាំង ២៥ រាជធានី-ខេត្ត ដោយផ្តល់ឱកាសដល់ សិស្ស-និស្សិត​ចូល​រួមបង្ហាញគំនិតអាជីវកម្ម។

● ពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ សហគ្រិនខ្មែរ បន្តពង្រឹងកិច្ច​សហ​ការ រវាងស្ថាប័នសាធារណៈ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។ តាមរយៈកម្មវិធីមគ្គទេសក៍ ធុរកិច្ចខ្មែរ ក្រោមកិច្ចសហការជាមួយដៃគូនៅកូរ៉េខាងត្បូង និងប្រទេសស្វីស ធុរកិច្ចថ្មីចំនួន ៧ ទទួល​បាន​ ឱកាសឈានចូលដំណាក់កាលពិនិត្យសក្តានុពលវិនិយោគ (investment due diligence) សម្រាប់ចូល ទៅ​កាន់​ទីផ្សារអន្តរជាតិនៅប្រទេសសិង្ហបុរី និង​ទទួល​បានទុនវិនិយោគដំណាក់កាលដំបូង។ កម្មវិធី​នេះជា​ ផ្នែក​មួយនៃការអនុវត្តផែនទីបង្ហាញផ្លូវ​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិនភាពកម្ពុជា ២០២៥-២០៣៥ ដែល​ សហគ្រិន​ខ្មែរ សហការជាមួយដៃគូពាក់ព័ន្ធជាច្រើន កំពុងជំរុញការអនុវត្ត និងកំណត់អាទិភាពដើម្បីពង្រឹង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា។

● ពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរទាំងក្នុងស្រុក និងអន្តរជាតិ៖ សហគ្រិនខ្មែរ បន្តគាំទ្រសហគ្រិន ក្នុងការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។ តាមរយៈកិច្ចសហការជាមួយនឹងផ្សារទំនើប អ៊ីអន សហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកដែលមាន ១១២ សហគ្រាស ចូលរួមតាំង បង្ហាញផលិតផលចំនួន ៩៤៦ មុខ។ សហគ្រិនខ្មែរ ក៏បន្តផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈថ្នាលឌីជីថល ដើម្បីបង្កើនការទទួលស្គាល់ និងពង្រីកឱកាសទីផ្សារបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាល និងទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ការអភិវឌ្ឍសហគ្រិនភាព មិនអាចផ្តាច់ចេញពីការពង្រឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាព របស់ផលិតផល។ តាមរយៈការពង្រីកការគាំទ្រសម្រាប់សហគ្រិន ការពង្រឹងភាពជាដៃគូក្នុងប្រព័ន្ធ អេកូ​ឡូ​ស៊ី និងការបង្កើតឱកាសទីផ្សារ អាជីវករអាចបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតផលខ្មែរឱ្យ កាន់តែ​មានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។”

ក្នុងកិច្ចប្រជុំលើកទី២០នេះ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្តផ្តល់ការគាំទ្រ និងផ្តល់ទិសដៅ អាទិភាព សម្រាប់​សហ​គ្រិន​ខ្មែរ ក្នុងការពង្រឹងប្រសិទ្ធភា​ពនៃការអនុវត្តកម្មវិធី ពង្រីកកិច្ចសហការជាមួយដៃគូ ពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ។




អត្ថបទបន្ទាប់


តើអ្វីជាឱកាស និងហានិភ័យសម្រាប់កម្ពុជា ក្រោយអាម៉េរិកដាក់ពន្ធគយថ្មី ១០%?

សហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធគយអត្រា ១០% លើទំនិញនាំចូលពីកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតតា​មមាត្រា 301 (Section 301) របស់ការិយាល័យតំណ…

តៃវ៉ាន់ ព្រមានថា ថៃនឹងក្លាយជាជនរងគ្រោះបន្ទាប់ ក្រោយខឹងទទួលតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន

ក្រសួងការបរទេសតៃវ៉ាន់ បានចេញមុខសម្តែងការខកចិត្ត និងប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះ​រដ្ឋាភិបាលថៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ