ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៦ របស់ខ្លួនបានបន្ទាប់ការព្យាករកំណើនក្នុងវិស័យកសិកម្មមកនៅត្រឹម ០,៩% នៅឆ្នាំនេះ ទាបជាងតួលេខកាលពីឆ្នាំមុនដែលមានក្នុងរង្វង់ ១,១%។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចនៅតែចាត់ទុកវិស័យជាចន្ទល់ដ៏សំខាន់ក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦។
លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មមួយរូបបានចាត់ទុកការព្យាករកំណើនក្នុងវិស័យកសិកម្មត្រឹមរង្វង់ ០,៩% នៅឆ្នាំនេះ ហាក់មិនសមស្របនោះទេ ពោលគឺវិស័យនេះ គួរតែមានកំណើនលើសពី១%។ ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះយល់ឃើញថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កសិករ និងសហគ្រាសកែច្នៃក្នុងវិស័យនេះ គឺបានបង្ហាញកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ទាំងទៅលើទំហំនៃការដាំដុះ និងបរិមាណនាំចេញ។ បើតាមអ្នកជំនាញរូបនេះ វិស័យកសិកម្មកម្ពុជា នៅតែបន្តជួបបញ្ហាប្រឈមមួយចំនួន រាប់ចាប់តាំងពីបញ្ហាពូជដំណាំ បច្ចេកទេសដាំដុះ ការកែច្នៃ និងអស្ថិរភាពតម្លៃជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការព្យាករកំណើនរបស់វិស័យកសិកម្មក្នុងកម្រិត ០,៩% ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ នៅឆ្នាំនេះ គឺបានបង្ហាញពីស្ថិរភាព និងគុណភាពនៃសេដ្ឋកិច្ចក្នុងបរិបទ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលកំពុងពង្រីកយ៉ាងឆាប់រហ័សទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ តែយ៉ាងណា អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលល្អច្រើនទៅលើកំណើននៃការនាំចេញអង្ករ និងកសិផលសំខាន់ៗជាច្រើនទៀត ព្រមទាំងការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងការលើកកម្ពស់ការកែច្នៃជាដើម។
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវិស័យដំណាំត្រូវបានរំពឹងថា អាចមានកំណើនថមថយយឺតជាងការរំពឹងទុកបន្តិច ដោយសារកម្មវិបាកនៃការធ្លាក់ចុះថ្លៃកសិផលក្នុងឆ្នាំ២០២៥ មកលើកម្លាំងផលិតកម្មក្នុងឆ្នាំ២០២៦ ជាពិសេសលើមុខទំនិញសំខាន់ៗ ដូចជា ស្រូវ ពោត និងដំឡូងមីជាដើម ប៉ុន្តែអនុវិស័យនេះ ក៏នៅតែរក្សាបានកំណើនវិជ្ជមាន ដែលបន្តគាំទ្រដោយការបន្តលើកកម្ពស់ការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម។
ទន្ទឹមនេះ អនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា នឹងបន្តងើបវិញបណ្តើរៗ ដោយសារបច្ច័យនៃវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក និងបទប្បញ្ញត្តិពាក់ព័ន្ធ គួបផ្សំនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក អនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោមការរំពឹងទុកពីកំណើនផលចាប់ទឹកសាប ដោយសារការបន្តអនុវត្តគោលនយោបាយបង្ក្រាបបទល្មើសនេសាទ ស្របពេលដែលការវិនិយោគក្នុងវារីវប្បកម្មត្រូវបានរំពឹងថានឹងងើបសន្សឹមៗ៕
អត្ថបទ សោម ស្រីពេជ្រ