ការផ្គត់ផ្គត់​ម្ហូបអាហារ​

ការផ្គត់ផ្គង់បន្លែ ត្រីសាច់ កំពុងប្រឈមបញ្ហា​ដឹកជញ្ជូន ក្រោយមានវិធានការបិទខ្ទប់


ក្រោយរាជរដ្ឋាភិបាលសម្រេចដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក៏បានបិទជាបណ្ដោះអាសន្នជាបន្តបន្ទាប់ដោយសារតែត្រូវបានរកឃើញថា មានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងផ្សារទាំងនោះ។ ប្រការនេះ បានធ្វើឲ្យ​សាធារណជន បានចាប់ផ្តើមព្រួយបារម្ភពីការផ្គត់ផ្គង់ស្បៀងអាហារ នៅអំឡុងពេលមាន​ការបិទខ្ទប់នេះ។
ការផ្គត់ផ្គង់បន្លែ ត្រីសាច់ កំពុងប្រឈមនឹងការដឹកជញ្ជូន ក្រោយមានវិធានការបិទខ្ទប់

ទោះយ៉ាងណា ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា កម្ពុជា​មិន​មានការ​ខ្វះខាត​បន្លែ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ នោះ​ទេ​នៅ​ដំណាក់កាល​នេះ គ្រាន់តែ​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​បន្តិច ព្រោះ​មាន​បញ្ហា​ខ្លះ​ក្នុង​ការ​ដឹក​ជញ្ជូន ប៉ុន្ដែ ខាង​រដ្ឋបាល​រាជធានី​វិញ​បាន​អះអាង​ថា មិន​មានការ​រឹត​បន្តឹង​ចំពោះ​ដឹក​ជញ្ជូន​បន្លែ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ​នោះ​ទេ​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ស្បៀងអាហារ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដំណាក់កាល់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ការ​ដឹក​ជញ្ជូន​ចេញ​-​ចូល​រាជធានី ។ 

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បន្ថែម​ថា ក្រសួងកសិកម្ម​បាន​នឹង​កំពុង​ពិភាក្សា​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​អភិបាល​រាជធានី​ចំពោះ​បញ្ហា​នេះ ដោយ​បាន​លើក​ឡើង​នូវ​ជម្រើស​២ សំខាន់​ៗ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​។ ទី​១ អាច​បង្កើត​ជា​ស្ដង់​ថ្មី​សម្រាប់​លក់​បន្លែ​ត្រី​សាច់ នៅ​ទីតាំង​ណា​ដែល​ពលរដ្ឋ​មាន​តម្រូវការ​ជាក់ស្ដែង និង​ទី​២ គឺ​ផ្ដល់​ការ​ផ្គត់ផ្គង់​ទៅ​តាម​កិច្ចសន្យា​ទៅ​កាន់​ហាង​លក់​បន្លែ​ត្រី​សាច់ ក៏​ដូច​ជា​ផ្សារ​ទំនើប​ដែល​នៅ​បើក​ដំណើរ ប៉ុន្ដែ​ការ​ដឹក​ចេញចូល​ទៅ​កាន់​ហាង​ទាំងនោះ កំពុង​ប្រឈម​នឹង​បញ្ហា ពាក់ព័ន្ធ​នឹង​វិធានការ​បិទ​ខ្ទប់​នេះ ដូច្នេះ វា​ទាមទារ​ឲ្យ​មាន​លិខិតបញ្ជាក់​សម្រាប់​ការ​ដឹក​ជញ្ជូន ដែល​បច្ចុប្បន្ន​ខាង​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​កំពុង​រួម​គ្នា​ធ្វើ​ការងារ​នេះ​ហើយ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ស៊ា​ង ថៃ អ្នក​នាំ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ដែរ​ថា ស្បៀងអាហារ ក៏​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ បាន​នៅ​ក្នុង​ស្តុក​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់ តែ​នៅ​មាន​បញ្ហា​ការ​ដឹក​ជញ្ជូន​ខ្លះ​ជា​ពិសេស​នៅ​តំបន់​ក្រហម ដែល​ទាមទារ​ការ​សហការ​ពី​អាជ្ញាធរ ក្នុង​ការ​ជួយ​សម្រួល​ការងារ​នេះ ដើម្បី​ឲ្យ​ស្បៀង​ទាំងនោះ​បាន​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​។

ជុំវិញ​ការ​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​បន្លែ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ ចេញចូល​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​តមាស ភក្តី​អះអាង​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិន​បាន​រារាំង ឫ​ហាមឃាត់ ឬ​បង្ក​ការ​លំបាក​នោះ​ទេ ព្រោះ​ទាំងនេះ សុទ្ធតែ​ជា​ទំនិញ​ចាំបាច់​ដើម្បី​បំពេញតម្រូវការ​របស់​ពលរដ្ឋ ។

លោក​អះអាង​ថា បន្លែ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ អាច​មាន​បញ្ហា​ក្នុង​ការ​ចែកចាយ​បន្ត​ខ្លះ ដោយសារ​តែ​ការ​បិទ​ផ្សារ​ធំ​ៗ ជា​ពិសេស​ផ្សា​របោះ​ដុំ​បន្លែ​ដូច​ជា ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស​ជាដើម ព្រោះថា អាជីវករ​ផ្សារ​ទាំងនេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​កូ​វី​ដ​១៩ ដូចនេះ​ត្រូវ​បិទ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល ប៉ុន្តែ​ផ្សារ​ផ្សេង​ទៀត ដែល​មិន​បាន​បិទ នៅ​តែ​បន្ត​លក់​ជា​ធម្មតា​ដដែល​។ 

ចំពោះ​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក ដែល​កំពុង​ប្រឈម​នឹង​ការ​ដឹក​ជញ្ជូន ដោយសារ​វិធានការ​បិទ​ខ្ទប់​នេះ​ដែរ នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​រូប លោក ច័ន្ទ សុផល បាន​ឲ្យ​ដឹង​ថា តម្រូវការ​បន្លែស្រស់ នឹង​កើនឡើង​ក្រោយ​ពេល ប្រជាពលរដ្ឋ​បាន​បរិភោគ​មី​កញ្ចប់   ត្រីខកំប៉ុង  ឬ អាហារ​ក្រៀម  អស់​មួយ ឬ ពី​រស​ប្តា​ហ៍​នេះ​។  លោក​បាន​បន្ថែម​ថា  អាជ្ញាធរ​គួរតែ​មាន ការ​ជំរុញ​ឱ្យ​មានការ​លក់ បន្លែ  ត្រី​សាច់  តាម​រ៉ឺ​ម៉ក​ចល័ត  តាម​ភូមិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ   និង ទីក្រុង ដែល​ត្រូវ​បាន​បិទ​ខ្ទប់ នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ បាន​មួយ​ផ្នែក​ដែរ​។

ទាក់ទិន​នឹង​ការ​ដឹក​ជញ្ជូន​បន្លែ ត្រី​សាច់​នេះ​ដែរ ថ្មី​ៗ​នេះ ច្រកព្រំដែន​កម្ពុជា និង​វៀតណាម ក៏​បាន​ផ្អាក​បណ្ដោះ​រយៈពេល​ខ្លី​ដែរ តែ​ឥឡូវនេះ​បាន​ចាប់ផ្តើម​ដំណើរការ​ឲ្យ​នាំ​ចេញ​-​ចូល​បន្លែ​ឡើង​វិញ​ហើយ​។ លោក សែ ឈុ​ន​ទ្រី ប្រធាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ នៅ​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​ពិសេស​បន្លែ មានការ​ធ្លាក់​ចុះ​៥០% ដោយ​លោក​បាន​បញ្ជាក់​ថា មាន​អាជីវករ​ភាគច្រើន​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​រាជធានី ដូច្នេះ​ហើយ ទើ​មានការ​កាត់​បន្ថយ​ការ​នាំ​ចូល និង​ខ្លះ​ទៀត​ថា គ្មាន​អ្នក​ម្ម៉​ង់​ទិញ ព្រោះ​ផ្សារ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បិទ​។

បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​តមាស ភក្តី បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ ២០២១ មាន​ផ្សារ​ចំនួន ១៥​ហើយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​បាន​បិទ​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​មិន​ទាន់​ដឹង​ច្បាស់​ថា នឹង​បើក​ដំណើរការ​វិញ​នៅ​ពេល​ណា​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC ស្នើឲ្យថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមដល់កម្មករកម្មការិនី តាមលទ្ធភាព នៅអំឡុងពេលបិទខ្ទប់

ព័ត៌មាន
ស្របពេលដែលមានវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រោងចក្រនៅក្នុងវិស័យកាត់ដេរ ទាំងអស់ត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្…

ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនដល់ ១៦លាននាក់ហើយ ខណៈអ្នកឆ្លងថ្មីហក់ឡើងជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ

ព័ត៌មាន
ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ដ៏ច្រើនលើសលុប មិនធ្លាប់មាននៅឥណ្ឌា ក៏ដូចជាបានបំបែកកំណត់ត្រាកូវីដ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ