វេទិកា​ដំឡូងមី

UNDP បង្កើត​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី​លើក​ដំបូង​ដើម្បី​ជួយ​ស្រោច​ស្រង់​ដំឡូង​មី​ខែ្មរ


ដើម្បី​ឲ្យ​ផលិត​ផល​ដំឡូងមី​កម្ពុជា​ក្លាយ​ជា​ផលិតផល​ដ៏​សំខាន់​ទី២ បន្ទាប់​ពី​ស្រូវ​អង្ករ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា បាន​សហការ​គ្នា​ជាមួយ​នឹង​ក្រសួង​ពាណិជ្ជកម្ម រៀបចំ​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​តែ​រៀបចំ​គោល​នយោបាយ​អភិវឌ្ឍ​​ជំរុញ​ផលិតកម្ម តម្លៃ និង​ជំរុញ​ការ​នាំ​ចេញ​ដំឡូងមី​របស់​កម្ពុជា។
UNDP និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ធ្វើ​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូង​មី នៅ​ខេត្ត​សៀមរាប ដើម្បី​រក​វិធី​ស្រោចស្រង់​វិស័យ​ដំឡូងមី​កម្ពុជា។
ដោយ

វេទិកា​ វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី ជា​លើក​ដំបូង ដែល​ធ្វើ​ឡើង​នៅ​ក្រុង​សៀមរាប គឺ​ធ្វើ​ឡើង​ស្របពេល​ដែល​តម្លៃ​ដំឡូង​មី​ខ្មែរ​នៅ​តែ​មិន​ទាន់​មាន​សញ្ញា​អ្វី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ គួបផ្សំ​ជាមួយ​បច្ចេកទេស​ដាំ​ដុះ និង​គុណភាព​ផលិតផល​មួយ​នេះ ក៏​នៅ​តែ​មិន​ទាន់​ល្អ​នោះ​ដែរ។

ដូច្នេះ​ហើយ វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូង​មី ដែល​ធ្វើ​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ពង្រីក​ការ​ដាំ​ដុះ ពង្រឹង​គុណភាព ពង្រីក​ទីផ្សារ​នាំ​ចេញ  និង​ធ្វើ​ឲ្យ​តម្លៃ​ដំឡូង​មី​ខ្មែរ​យើង​មាន​ស្ថិរ​ភាព។

ឯកឧត្តម ប៉ាន សូរស័ក្តិ  រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅក្នុង​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី ថា តាមរយៈ​វេទិកា​នេះ​ ក្រសួង​នឹង​សហការ​រួមគ្នា​ជាមួយ UNDP ធ្វើការ​ជាមួយ​គ្នា រក​ទិសដៅ​រួម ដើម្បី​អភិវឌ្ឍ​វិស័យ​ដំឡូងមី​ខ្មែរ ជួយ​ដល់​កសិករ​ខ្មែរ​ដែល​តែងតែ​ជួប​ផល​លំបាក​កន្លង​មក​នេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​បញ្ជាក់​អះអាង​ថា យើង​ត្រូវតែ​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដែល​​វិស័យ​ដំឡូងមី​ខ្មែរ​តែងតែ​ជួប​ឧបសគ្គ រាំង​ស្ទះ​កន្លង​មក។ យើង​ត្រូវ​បង្កើត​និង​ពង្រីក​ការ​កែច្នៃ​ដំឡូង​មី​ខ្មែរ បង្កើន​ផលិតភាព ដើម្បី​នាំ​ចេញ ឲ្យ​ស្រប​តាម​គោល​នយោបាយ​បី​ចំណុច​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ត្រូវ​ផ្លាស់​ប្តូរ​វិស័យ​ដំឡូងមី​កម្ពុជា​ឲ្យ​មាន​ស្ថិរភាព។ គោល​នយោបាយ​បី​ចំណុច​សំខាន់ៗ​នោះ មាន ទី១ ធានា​ផលិតកម្ម​ដំឡូងមី ទី២ ពង្រីក​និង​ពង្រឹង​តម្លៃ និង​ទី៣ ពង្រីក​និង​ពង្រឹង​ទីផ្សារ​នាំ​ចេញ។

ជាមួយ​គ្នា​នេះ​ដែរ លោក និច បើរេសហ្វត នាយក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា វេទិកា​នេះ នឹង​ផ្តល់​សារសំខាន់​ជា​ច្រើន​សម្រាប់​កសិករ​ដំឡូង​មី។ លោកថា ដំឡូងមី​ជា​ផលិតផល​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា។ UNDP នឹង​ធ្វើ​ឲ្យ​ផលិតផល​ដំឡូងមី​កម្ពុជា ក្លាយ​ជា​ផលិតផល​នាំ​ចេញ​សំខាន់​ទី២ បន្ទាប់​ពី​ស្រូវ-​អង្ករ។ ហើយ​យើង​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា និង​ជួយ​ដល់​ជីវភាព​កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។

លោក និច បើរេសហ្វត និយាយ​យ៉ាង​ដូច្នេះ​ថា ៖ «នេះ​គឺ​ជា​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល UNDP បង្កើត​ឡើង ហើយ​យើង​នឹង​គាំទ្រ​បង្កើត​ឲ្យ​មាន​កម្មវិធី​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ដែល​តែងតែ​ជួប​ឧបសគ្គ នៅក្នុង​វិស័យ​ដំឡូង​មី​ខ្មែរ។ មិនតែ​ប៉ុណ្ណោះ UNDP នឹង​ខិតខំ​ស្វែងរក​ទំនាក់​ទំនង​ប្រភព​វិនិយោគ​ក៏​ដូចជា ឱកាស​ថ្មីៗ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ដំឡូងមី នៅ​តាម​តំបន់​ជនបទ និង​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​នៅ​ជនបទ​ផង​ដែរ។ ខ្ញុំ​បាន​មើល​ឃើញ​អាជីវកម្ម​ដំឡូងមី​នៅ​កម្ពុជា​យ៉ាង​ច្បាស់​ថា នឹង​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាមរយៈ​គោល​នយោយ​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​កាន់​តែ​ច្រើន»។ 

ក្នុង​មួយ​ឆ្នាំ ប្រជា​កសិករ​តែងតែ​ជួប​បញ្ហា​ប្រឈម​ រអ៊ូ​រទាំ និង​ត្អូញ​ត្អែរ​ពី​តម្លៃ​កសិផល​របស់​ខ្លួន ដែល​លក់​មិន​ចេញ ឬ​ធ្លាក់​ថ្លៃ ពិសេស ពោត ដំឡូងមី តែ​ម្តង។ បញ្ហា​ទាំង​អស់​នេះ បាន​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ខេត្ត ពិសេស កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ថៃ ដែល​តែងតែ​ជួប​រឿងរ៉ាវ​ត្រដាប​ត្រដួស​យ៉ាង​ខ្លាំង​ពី​ការ​លក់​កសិផល​របស់​ពួកគេ​មិន​ដាច់ ឬ​តម្លៃ​ថោក ធ្លាក់​ថ្លៃ​លើស​ពី​ការ​រំពឹង​ទុក មិន​រួច​ថ្លៃ​ដើម មិន​រួច​ថ្លៃ​កម្លាំង​ពលកម្ម និង​មិន​ស័ក្ដិ​សម​ទៅ​នឹង​ពេល​វេលា​ដែល​ពួកគាត់​ខំដាំ​ដុះ​ថែ​រក្សា​នោះទេ។

លោក ថៃ ទីណូ អគ្គនាយក​ក្រុមហ៊ុន បាត់ដំបង​កសិ​ឧស្សាហកម្ម ដែល​ជា​អ្នក​ទិញ​និង​កែច្នៃ​ដំឡូង​មី​ដ៏​ធំ​មួយ នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​ដំឡូង​មី​ខ្មែរ​តែងតែ​ឡើង​​​ចុះ​​តម្លៃ ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដូចជា ថៃ​និង​វៀតណាម។ 

លោក​រំពឹង​ថា តាមរយៈ​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី​នៅ​ពេល​នេះ ត្រួស​ត្រាយ​ផ្លូវ​រក​ទីផ្សារ​នាំ​ចេញ​ឲ្យ​កាន់​តែ​ធំ។ វេទិកា​ វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី ដែល​ធ្វើ​ឡើង​ពី​ថ្ងៃទី៦-៧ ខែ​វិច្ឆិកា ក៏​មាន​ការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ផុស​ផុល​ជុំវិញ​វិស័យ​ដំឡូង​មី​ខ្មែរ ផង​ដែរ។

វាគ្មិន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន បាន​លើក​ឡើង​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ផ្តល់​ព័ត៌មាន​ទីផ្សារ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​ប្រជា​កសិករ ដោយ​ប្រាប់​ថា ផលិតផល​ណា ដំណាំ​ណា មាន​ទីផ្សារ មាន​តម្រូវការ និង ​ជួយ​ផ្តល់​បច្ចេកទេស​ដាំ​ដំណាំ​វិល​ជុំ និង​បែងចែក​ពេល​វេលា​ដាំ​ដុះ ដើម្បី​កុំ​ឲ្យ​មាន​តម្រូវការ​លើស និង​កុំ​ឲ្យ​ឈ្មួញ​ដើរ​ក្រឡុក​ទីផ្សារ។ បញ្ជូន​អ្នក​បច្ចេក​ឲ្យ​មាន​តាម​ឃុំ ផ្តល់​បច្ចេកទេស​ពិត​ប្រាកដ​ដល់​កសិករ កុំ​ឲ្យ​គិត​តែ​បង្រៀន​ប្រជា​ពលរដ្ឋ​ពី​ការ​ប្រើប្រាស់​ជី​របស់​ក្រុមហ៊ុន៕




អត្ថបទបន្ទាប់


ផ្កា​អំបិល​កំពតនិង​ក្រូច​ថ្លុង​ខេត្ត​ក្រចេះ​នឹង​ដាក់​ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ឆាប់ៗ​នេះ

ព័ត៌មាន
ក្រសួង​ពាណិជ្ជកម្ម​ត្រៀម​នឹង​ដាក់​ផលិតផល​ក្នុង​ស្រុក​សំខាន់ៗ​ចំនួន២​ទៀត ចូល​ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ ឬ​ហៅថា GI នៅ​ពេល​ឆាប់ៗ​ខាង​ម…

គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ ៣​ទីតាំង​ ប្រកាស​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ

ព័ត៌មាន
ក្នុង​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឯកជន​ចំនួន​៣ ហើយ​​បាន​សហការ​ជា​មួយ​​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ