ព្យុះបួនទិស

«ព្យុះបួនទិស» ធំៗ កំពុងអង្រួនវាយលុកកម្ពុជា៖ តើប្រទេសតូចដូចកម្ពុជាអាចជ្រែងជើងរក្សាគ្រឹះស្ថិរភាព និង កំណើនសេដ្ឋកិច្ចជាតិបានយ៉ាងដូចម្តេចទៅ ?


ការពិតណាស់ ខណៈពេលដែលប្រទេសកម្ពុជាកំពុងតែឈានជើងចូលដល់ដំណាក់កាលនៃអភិវឌ្ឍន៍ថ្មី និង មានមហិច្ឆតាប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ពេលនេះកម្ពុជាក៏កំពុងប្រឈមមុខនឹងបញ្ហា «ព្យុះបួនទិស» ធំៗ ដែលត្រូវដោះស្រាយឲ្យមានប្រសិទ្ធភាព។ ព្យុះធំៗទាំងនោះ មានដូចជា ព្យុះ Scam Online ព្យុះជម្លោះព្រំដែនខ្មែរ-ថៃ ព្យុះអំពើពុករលួយ និង ព្យុះសម្ពាធពីខាងក្រៅ មានដូចជា សង្គ្រាមក្នុងតំបន់ ជម្លោះភូមិសាស្រ្តនយោបាយ។
ព្យុះបួនទិស» ធំៗ កំពុងអង្រួនវាយលុកប្រទេសកម្ពុជា
ដោយ

ព្យុះធំៗទាំងបូននេះ កំពុងតែសាកល្បងនូវភាពធន់នៃសេដ្ឋកិច្ច សមត្ថភាពអភិបាលកិច្ចល្អ និង ភាពបត់បែនយុទ្ធសាស្ត្ររបស់កម្ពុជា។
ពិតជាមិនអាចប្រកែកបានឡើយអស់រយៈពេលជាង២០ឆ្នាំនៃសុខសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រទេសកម្ពុជាបានប្រែផ្លាស់ប្តូរមុខមាត់យ៉ាងលឿនរហ័ស។ ពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសារតែសង្គ្រាម កម្ពុជាបានក្លាយជាប្រទេសដែលមានការរីកចម្រើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសដែលរីកចម្រើនលឿននៅក្នុងតំបន់អាស៊ី។
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងពិភពលោកដែលកាន់តែមានភាពស្មុគស្មាញចាក់ស្រេះ និង ភាពមិនប្រាកដប្រជា កម្ពុជាក៏កំពុងប្រឈមមុខជាមួយនឹងបញ្ហាប្រឈមស្មុគស្មាញថ្មីៗជាច្រើនទៀត ដែលវាអាចក្លាយជាកត្តាកំណត់ជោគវាសនា​អនាគត នៃ ការអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងចំណោមវិបត្តិបញ្ហាទាំងអស់នេះ មានព្យុះបួនទិសធំៗ ដែលបាននិងកំពុងបង្កជាបញ្ហាសម្ពាធបោកបក់យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា គឺ ព្យុះ Scam Online ព្យុះជម្លោះព្រំដែនជាមួយថៃ ព្យុះអំពើពុករលួយ និង ព្យុះសម្ពាធពីកត្តាខាងក្រៅដែលកំពុងតែផ្លាស់ប្តូរយ៉ាងលឿនមិនអាចប្រកែកបានឡើយ ។ ព្យុះធំៗទាំងបួននេះ ឃើញថាមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយវាអាចជះឥទ្ធិពលដល់សន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ចពាណិជ្ជកម្ម និង​ ស្ថិរភាពយូរអង្វែងរបស់ប្រទេសជាតិ​។

ព្យុះធំទី១ គឺ ព្យុះ ឧកិ្រដ្ឋកម្ម Scam Online វាបានក្លាយជាក្តីបារម្ភធំបំផុតមួយរបស់កម្ពុជា។ បញ្ហាដ៏ធំមួយនេះ វាមិនត្រឹមតែជាការឆបោកតាមប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានវិវត្តទៅជាខ្សែបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងរឹងមាំ ដែលជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់ និង ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗនៅក្នុងប្រទេស។ អ្វីដែលពិសេសគួរឱ្យព្រួយបារម្ភជាងគេនោះ គឺការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង រូបភាពប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ នៅក្នុងយុគសម័យដែលការប្រកួតប្រជែងដើម្បីទាក់ទាញវិនិយោគិន និង ភ្ញៀវទេសចរកាន់តែខ្លាំង រូបភាព កេរ្តិ៍ឈ្មោះប្រទេស និង ទំនុកចិត្តពីដៃគូអន្តរជាតិ គឺ ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមិនអាចមើលរំលងបាននោះឡើយ។ ដើម្បីលុបបំបាត់បញ្ហានេះ កម្ពុជាត្រូវតែពង្រឹងនិងពង្រីកការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មដោយមិនត្រូវលើកលែងអ្នកមានអំណាច ឬអ្នកនៅពីក្រោយជាដាច់ខាត។ មួយវិញទៀតត្រូវ ពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ និង ធ្វើការរឹបអូស និងបង្កកទ្រព្យសម្បត្តិ ជាដើម។ល។

ព្យុះធំទី២ គឺ ជម្លោះតាមព្រំដែនកម្ពុជា-ថៃ វាបានបង្កើននូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពក្នុងតំបន់ទាំងមូលផងដែរ។ ថ្វីត្បិតតែកប្រទេសម្ពុជា និង ថៃ គឺជាដៃគូពាណិជ្ជកម្មនិងមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងជិតស្និទ្ធក៏ដោយ ការកើនឡើង នៃជម្លោះវតាមព្រំដែនវាអាចជះផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន ការវិនិយោគ និង​ ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ជម្លោះតាមព្រំដែនខ្មែរ-ថៃ វាតែងតែកើតមានឡើងនូវ អារម្មណ៍ជាតិនិយម ដែលអាចធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញធ្ងន់ធ្ងរ និង ពិបាកនឹងរកដំណោះស្រាយបានណាស់។ ដូច្នេះសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូច កម្ពុជា សន្តិភាព និង ស្ថិរភាពនយោបាយសង្គម គឺជាលក្ខខណ្ឌមូលដ្ឋានគ្រឹះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិឲ្យរីកចម្រើនរយៈពេលយូរអង្វែង។

ដោយឡែក សម្រាប់ ព្យុះធំទី៣ ដែលនៅតែអន្ទោលតាមប្រាណស៊ីរូងផ្ទៃក្នុងគឺ ព្យុះអំពើពុករលួយ ដែលនៅតែជាបញ្ហាប្រឈមដ៏រ៉ាំរ៉ៃដែលប្រទេសកំពុងអភិវឌ្ឍជាច្រើនត្រូវប្រឈម រួមទាំងប្រទេសកម្ពុជាផងដែរ។ វិបត្តិអំពើពុករលួយ វាអាចធ្វើឱ្យសម្បតិ្តធនធានសាធារណៈត្រូវបានប្រើប្រាស់មិនមានប្រសិទ្ធភាព អន់ថយ បង្កើនថ្លៃដើមខ្ពស់ក្នុងការធ្វើអាជីវកម្មពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសវិនិយោគបាត់បង់ភាពប្រកួតប្រជែងយ៉ាងខ្លាំងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀត វាអាចធ្វើឱ្យទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នរដ្ឋចុះអន់ខ្សោយ និងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយសាធារណៈ។ដើម្បីកាត់បន្ថយនិង លុបបំបាត់អំពើពុករលួយ កម្ពុជាត្រូវពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់ស្មើភាពគ្នា ពង្រឹងយន្តការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មឯករាជ្យ។

និង ព្យុះធំទី៤ ចុងក្រោយនោះ គឺ ព្យុះសម្ពាធពីកត្តាខាងក្រៅដែលមានភាពស្មុគស្មាញកាន់តែខ្លាំងផងដែរ។ ការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច សង្គ្រាម និង ជម្លោះនៅក្នុងតំបន់​នានា វាបានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មពិភពលោក វាសុទ្ធតែអាចជះឥទ្ធិពលដោយផ្ទាល់ និង ដោយប្រយោលមកលើប្រទេសកម្ពុជា។ ដូចដែលយើងដឹងស្រាប់ហើយ ដោយសារសេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ចបើកចំហ និង ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ទេសចរណ៍ និង ការវិនិយោគពីបរទេស ម្ល៉ោះហើយ! សម្ពាធពីបរិយាសអន្តរជាតិ វាអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងឆាប់រហ័សដល់កំណើនសេដ្ឋកិច្ច និងទីផ្សារការងារក្នុងប្រទេស។កម្ពុជាចាំបាច់ត្រូវប្រើយន្តការច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីជាមូលដ្ឋាន រក្សាទំនាក់ទំនងនយោបាយ និងការទូតឱ្យបើកចំហជានិច្ច។ ទន្ទឹមនេះ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​ ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍រួម និង ពង្រឹងសមត្ថភាពការពារជាតិ ប៉ុន្តែរក្សាគោលការណ៍ដោះស្រាយដោយសន្តិវិធី។

និយាយជារួម ព្យុះឧក្រិដ្ឋកម្ម Scam Online ជម្លោះតាមព្រំដែនជាមួយថៃ អំពើពុករលួយ និងសម្ពាធពីខាងក្រៅ អាចចាត់ទុកថា គឺជា «ព្យុះបួនទិស» ដែលប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងបញ្ហានៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន។ យ៉ាងណាក៏ដោយចុះ ព្យុះធំៗទាំងនេះ វាមិនមែនជាឧបសគ្គដែលមិនអាចឆ្លងកាត់ និង​ ដោះស្រាយបាននោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏លំបាកបំផុតមួយសម្រាប់កម្ពុជាក្នុងការពង្រឹងការអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ាត់ ត្រូវលើកកម្ពស់អភិបាលកិច្ចឲ្យបានល្អ រក្សាទំនាក់ទំនងការទូតរឹងមាំល្អ និង ធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់ជាងមុន។ កម្ពុជាពេលនេះត្រូវចាប់ផ្តើម និង​បន្តជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ មិនពឹងផ្អែកលើទីផ្សារតែមួយ ទាក់ទាញវិនិយោគពីប្រភពចម្រុះ និងអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក និងបង្កើនតម្លៃបន្ថែមក្នុងផលិតកម្ម។ ពិសេសត្រូវបន្តគោលនយោបាយការបរទេសឯករាជ្យ និង តុល្យភាព ក៏ដូចជា ពង្រឹងសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុជាតិ។

នៅទីបំផុត ជោគវាសនាអនាគតរបស់ប្រទេសកម្ពុជា នឹងមិនអាចត្រូវបានកំណត់ដោយទំហំនៃបញ្ហាប្រឈមដែលកំពុងតែកើតមានឡើងដូចសព្វថ្ងៃនោះទេ ប៉ុន្តែដោយសារសមត្ថភាពរបស់ប្រទេសក្នុងការប្រែក្លាយវិបត្តិទៅជាកម្លាំងជំរុញសម្រាប់ការកែទម្រង់ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ពីព្រោះអ្វី? ពីព្រោះសម្រាប់ប្រទេសតូចមួយនៅក្នុងពិភពលោកដែលកំពុងប្រែប្រួលយ៉ាងលឿនរហ័ស ការកសាងភាពធន់ មិនមែនជាជម្រើសទេ ប៉ុន្តែវាជាតម្រូវការចាំបាច់ណាស់សម្រាប់ការរស់រានមានជីវិត និង ការរីកចម្រើនរយៈពេលយូរ។
ប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានចារឹកបង្ហាញយ៉ាងច្បាស់ថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់វិបត្តិស្មុគស្មាញចាក់ស្រេះធំៗជាច្រើនរាប់មិនអស់ ហើយក៏នៅតែអាចរកច្រកផ្លូវចេញដោះស្រាយដើម្បីស្ដារខ្លួនឡើងវិញបានម្តងហើយម្តងទៀត។ ទោះបីជាយ៉ាងណា ព្យុះបួនទិស នាពេលបច្ចុប្បន្ននេះ វាមានលក្ខណៈធំធេង និង ស្មុគស្មាញជាងមុន ដោយសារតែព្យុះអស់ទាំងនេះ វាបានកើតឡើងក្នុងពេលដំណាលគ្នាតែមួយ ហើយវាមានទំនាក់ទំនងគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះ ជោគជ័យរបស់ប្រទេសកម្ពុជា នឹងមិនត្រូវបានវាស់វែង តែតាមអត្រាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់វែងទៅតាមសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ ពង្រឹងស្ថាប័ន និង បម្លែងវិបត្តិទៅជាឱកាសសម្រាប់ការកែទម្រង់ស៊ីជម្រៅ លុបបំបាត់អំពើពុករលួយ និង ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា ក្នុងក្រសែភ្នែកពលរដ្ឋអូស្ត្រាលីភាគច្រើនមើលឃើញចិន ល្អជាងអាម៉េរិក

ក្នុងយុគសម័យ ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ទំនាក់ទំនងរវាងអូស្ត្រាលី និងមហាអំណាចពិភពលោក ហាក់បីដូចជាកំពុងឈានដល់ចំណុចរបត់…

ថៃ កំពុងភ័យខ្លួនក្រោយចិន ព្រមានឱ្យប្រុងប្រយ័ត្នចំពោះការប្រើពាក្យ ចិនប្រផេះ ឬជនល្មើសច្បាប់លាបពណ៌លើពលរដ្ឋខ្លួន

ក្រោយចិន ព្រមានថៃ ឱ្យប្រុងប្រយ័ត្នចំពោះការលាបពណ៌ពលរដ្ឋចិនទូទៅថា ជាជនល្មើសច្បាប់ ពេលនេះថៃ ហាក់កំពុងភ័យខ្លួន និងព្យាយាមបកស្រាយកែសម្រួលពាក្យព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ