អត្ថបទក្រុមហ៊ុន

ធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា "FTB Tower" នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២​ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​។
FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower” របស់ខ្លួន។
ដោយ

ជាមួយផ្ទៃអគារសរុប​ ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ​ FTB Tower នឹងមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយនិងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។

ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអាមេរិក អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់​ និងនៅមានចំនួនតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិ និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣​ ចេញផ្សាយដោយ The Fortune Global 500 ក្នុងឆ្នាំ២០២១។​​ ការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារទំនើបៗ រួមទាំង       បច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងតំបន់។

សម្រាប់រូបរាងអគារត្រូវបានរចនាឡើងក្នុងគំនិតនាំយកមកនូវអគារទំនើប ​ដែលរូបរាងអគារជា​និមិត្តសញ្ញារបស់ធនាគារFTB មានរូបព្រះព្រហ្ម ហើយក៏ជានិមិត្តរូបមួយដែលបង្ហាញពី ​'ភាពរឹងមាំ និងបំណងប្រាថ្នាអនាគតច្បាស់លាស់'​។​ អគារFTB Tower ក៏ដើរតួនាទីក្នុងការ​កំណត់​គោល​ដៅ​នៃ​និរន្តរភាព និងជា​អគារ​ការិយាល័យ​​ទំនើប ដែលជាការដាក់បញ្ចូលគ្នារវាងវប្បធម៌កម្ពុជា និងស្ថាបត្យកម្មសហសម័យ ។ គម្រោងសំណង់អគារ FTB Tower ​គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំដើម្បីបញ្ចប់ការសាងសង់  ហើយអគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត​ និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។ ក្រៅពីក្លាយជាសាខា និងទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB​ ទីតាំងទំនេរផ្សេងទៀតរបស់អគារក៏នឹងត្រូវបានដាក់ជួលជាការិយាល័យកម្រិត A។​


ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ​ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។​ ជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលបានកើនឡើងដល់ ១,៧១ពាន់លានដុល្លារអាមេរិក ទំហំឥណទានកើន ១,១៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបកើនឡើងជាង ១,៤ពាន់លានដុល្លារអាមេរិក ធនាគារ FTB  បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍ពិភពលោក អាចវិលមករកកម្រិតមុនពេលមានកូវីដ១៩រាតត្បាតនៅឆ្នាំ២០២៣

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំហើយ ដែលមេរោគកូវីដ១៩ បានផ្ទុះឡើង និងបន្ដរីករាលដាលនៅជុំវិញពិភពលោក ហើយក្នុងនោះវិស័យទេសចរណ៍ ត្រូវបាន…

ប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសជ័យជំនះលើសង្គ្រាមនៅក្រុងម៉ារីយ៉ូប៉ូល

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសជ័យជំនះលើក្រុងម៉ារីយ៉ូប៉ូល តែទ័ពអ៊ុយក្រែននៅសេសសល់មិនទាន់ទម្លាក់អាវុធ! ក្រោយការវាយសង្គ្រប់ បាញ់ផ្លោងយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ