ការបោះឆ្នោត​

​តើការឈ្នះ ឬចាញ់ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោក ត្រាំ មានឥទ្ធិពលយ៉ាងណាលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយ?


ព្រឹត្តិការណ៍នយោបាយដ៏ក្តៅគគុក និងជាការវាស់ស្ទង់មតិដ៏ធំបំផុតនៅសហរដ្ឋអាម៉េរិក គឺការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ​នេះ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសនានាទូទាំងពិភពលោក។
ការបោះឆ្នោត​
ដោយ

អ្នកតាមដាននយោបាយអន្តរជាតិ បានគូសបញ្ជាក់ថា ការបាត់បង់សំឡេងនៅក្នុងសភានឹងក្លាយជាការសាកល្បងដែនកំណត់អំណាចដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងបង្កជាសំណួរថា តើលទ្ធផលឈ្នះ ឬចាញ់អាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរទិសដៅសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយសកលយ៉ាងណា?

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ទោះបីការបោះឆ្នោតពាក់កណ្តាលអាណត្តិមានលទ្ធផលបែបណាក៏ដោយ ក៏លោក ដូណាល់ ត្រាំ នៅតែមានតួនាទីសំខាន់ក្នុងការកំណត់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចការបរទេសសហរដ្ឋអាម៉េរិក។ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនេះអាចជះឥទ្ធិពលដល់ដំណើរការអនុម័ត ការអនុវត្ត និងការត្រួតពិនិត្យគោលនយោបាយនានារបស់រដ្ឋាភិបាលអាម៉េរិក។

សម្រាប់លោកបណ្ឌិត ឌុច ដារិន្ទ ប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ បន្តគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា នោះអាចជួយសម្រួលដល់រដ្ឋបាលរបស់លោកក្នុងការជំរុញ និងអនុវត្តរបៀបវារៈគោលនយោបាយសំខាន់ៗរបស់ខ្លួន។ ប៉ុន្តែប្រសិនបើគណបក្សប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើនក្នុងសភានោះអាចធ្វើឱ្យមានការត្រួតពិនិត្យលើគោលនយោបាយរបស់លោក ត្រាំ។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះយល់ថា កម្ពុជាគួរបន្តផ្ដោតលើការពង្រីកទីផ្សារនាំចេញផលិត លើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងពង្រឹងការប្រកួតប្រជែង ព្រមទាំងការទាក់ទាញការវិនិយោគជាដើម។

ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ មើលឃើញថា គណបក្សប្រជាធិបតេយ្យ មានឱកាសខ្ពស់ក្នុងការដណ្ដើមការគ្រប់គ្រងសភាតំណាងរាស្រ្ត ខណៈការដណ្ដើមគ្រប់គ្រងព្រឹទ្ធសភាកំពុងមានភាពប្រទាញប្រទង់ខ្លាំងនៅឡើយ។

ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គណបក្សប្រជាធិបតេយ្យមានសង្ឃឹមច្រើនជាងគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ក្នុងការដណ្ដើមបានការគ្រប់គ្រងសភាតំណាងរាស្រ្ត ព្រោះអ្នកបោះឆ្នោតបានគិតគូរលើជីវភាព ដែលកំពុងជួបបញ្ហាប្រឈមដោយសារការបង្កើតរបាំងគយ និងការធ្វើសង្រ្គាមរបស់លោក ដូណាល់ ត្រាំ នៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងអតិផរណាមានការកើនឡើង។

សម្រាប់លោកបណ្ឌិត ញិល រដ្ឋា ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក គឺជាការវាយតម្លៃការងារដោយប្រយោលរបស់ប្រធានាធិបតី ខណៈលោក ត្រាំ នៅតែមានអំណាចក្នុងវិស័យការបរទេស។ ការណ៍នេះ ត្រូវបានលោកបណ្ឌិតលើកឡើងថា បញ្ហាភូមិសាស្រ្តនយោបាយក្នុងរយៈពេល២ឆ្នាំខាងមុខ ទំនងជាមិនមានអ្វីប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែចង់ ឬមិនចង់នឹងធ្វើឱ្យលោក ត្រាំ ផ្លាស់ប្ដូរគោលនយោបាយការបរទេស ដោយបង្វែរទៅចរចាជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ដើម្បីទាក់ទាញប្រជាប្រិយភាព និងធ្វើឱ្យកម្រិតអតិផរណាទាប និងមានកំណើនសេដ្ឋកិច្ចខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ កត់សម្គាល់ឃើញថា មកទល់ពេលនេះប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ កំពុងធ្លាក់ចុះដែលជំរុញដោយវិបត្តិសង្គម ដូចជាប្រេងឡើងថ្លៃ និងពលរដ្ឋអាម៉េរិកមួយចំនួនមិនមានការងារធ្វើជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជាលោក ដូណាល់ ត្រាំ បានឈ្នះ ឬចាញ់ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ ក៏ស្ថានការណ៍ទូទៅទំនងជាមិនមានអ្វីប្រែប្រួល ឬមានភាពប្រសើរឡើងខ្លាំងនោះទេ តែផ្ទុយទៅវិញអ្វីៗអាចមានស្ថានភាពកាន់អាក្រក់ ខណៈលោក ត្រាំ នៅតែបន្តដឹកនាំរដ្ឋបាលអាម៉េរិក ទោះការបោះឆ្នោតពាក់កណ្តាលអាណត្តិ មានលទ្ធផលបែបណាក៏ដោយ។

សូមបញ្ជាក់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិកប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ផ្អែកតាមការវិភាគពីសំណាក់អ្នកតាមដាននយោបាយអន្តរជាតិ ការបាត់បង់សំឡេងនៅក្នុងសភានឹងក្លាយជាការសាកល្បងដែនកំណត់ នៃអំណាចប្រធានាធិបតីរបស់លោក ត្រាំ ហើយវាអាចនឹងបង្កើតឱ្យមានភាពចលាចលទាំងនៅលើឆាកនយោបាយក្នុងស្រុកអាម៉េរិក និងតុល្យភាពអំណាចនៅលើពិភពលោក៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


បក្សកុម្មុយនីស្តចិននឹងបង្កើនការត្រួតពិនិត្យលើមន្ត្រី និងស៊ើបអង្កេតលើទ្រព្យសម្បត្តិ និងអាជីវកម្មរបស់គ្រួសារមន្ត្រី

យោងតាមឯកសារគោលនយោបាយផ្លូវការរបស់បក្សកុម្មុយនីស្តចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា អាជ្ញាធរក្រុងប៉េកាំង បានប្រកាសដាក់ចេញនូវវិធា…

អ្នកជំនាញក្រើនរំលឹកឱ្យពលរដ្ឋខ្មែរបន្តធ្វើពហិការទំនិញថៃ​ ក្រោយនាយករដ្ឋមន្ត្រីថៃ បន្តយករឿងបិទព្រំដែនធ្វើជាសន្លឹកបៀរនយោបាយ

ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបន្តប្រកាសយ៉ាងក្រអឺតក្រទមថា ភាគីថៃនឹងរក្សាការបិទព្រំដែនជាមួយកម្ពុជា តទៅទៀត ទោះបីជាអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ