តម្លៃមាស

អ្នកជំនាញ៖ តម្លៃមាសនឹងនៅតែកើន ទោះលោកត្រាំឈ្នះ ឬលោកបៃឌិនឈ្នះក៏ដោយ!


អ្នកជំនាញ និង​ឈ្មួញរកស៊ីជួញដូរមាស បានប៉ាន់ប្រមាណថា តម្លៃមាសសកលលោកនឹងនៅតែកើនឡើង បើទោះបីជាបេក្ខភាពប្រធានាធិបតីមួយណារបស់អាមេរិកគឺលោក ដូណាល់ ត្រាំ ឬលោក ចូ បៃឌិន ជាប់ឆ្នោតជាប្រធានាធិបតីក៏ដោយ។ តម្លៃមាសនៅតែកើន គឺដោយសារតែធនាគារកណ្ដាលរបស់អាមេរិក ត្រូវបានគេរំពឹងថា នឹងបន្ដកម្មវិធីជំរុញរូបិយវត្ថុកាន់តែខ្លាំង ដោយមិនគិតពីរឿងអ្នកឈ្នះ អ្នកចាញ់តំណែងប្រធានាធិបតីថ្មីនោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។
អ្នកជំនាញ៖ តម្លៃមាសនឹងនៅតែកើន ទោះលោកត្រាំឈ្នះ ឬលោកបៃឌិនឈ្នះក៏ដោយ! (រូបភាព៖ RT)
ដោយ

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ជួញដូរ​ហាង​ឆេងមាស MTS Gold Futures គឺលោក នូតាផុង ហ៊ីរ៉ុន យ៉ាស៊ីរី បានលើក​ឡើងថា កត្តានយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក នឹងគាំទ្រ​ឲ្យតម្លៃមាស​កើនឡើង​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ២០២០នេះ។

អ្នកជំនាញ បានអះអាងទៀតថា អ្នកតាម​ដាន​ទីផ្សារ​ គួរតែតាម​ដាន​ឲ្យបាន​ជាប់លាប់​ចំពោះ​លទ្ធផល​នៃការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​នៅ​ប៉ុន្មាន​​ថ្ងៃនេះ។ ពោលគឺ ប្រសិន​បើលោក​ដូណាល់ ត្រាំឈ្នះ តម្លៃផ្សារ​ភាគហ៊ុន​ទូទាំង​សកលលោក នឹងកើនឡើង ព្រោះតែ​គោលនយោយ​បាយ​ពាណិជ្ជកម្ម​សកល នឹងនៅ​តែបន្ដ ដោយគ្មាន​ការផ្លាស់ប្ដូរ​អ្វីនោះទេ។ ក៏ប៉ុន្ដែ បើលោក ចូ បៃឌិន ឈ្នះវិញ ទីផ្សារ​ភាគហ៊ុន​ចិន និងអាស៊ី នឹងកើន​ឡើងវិញ​នៅក្នុងក្ដី​សង្ឃឹម​ដែលថា គោលនយោបាយ​ពាណិជ្ជកម្ម​សកល​នឹងត្រូវ​បាន​កាត់បន្ថយ។

ប៉ុន្ដែ បើតាមការ​គូសបញ្ជាក់​ពីអ្នកជំនាញ បើលោកត្រាំ និងលោក បៃឌិន មិនមាន​នរណា​ឈ្នះឆ្នោត​ទេនោះ ទីផ្សារភាគហ៊ុន​នៅទូទាំង​ពិភពលោក អាចនឹង​ដួលរលំ​តែម្ដង​ ដោយសារតែ​ភាពមិន​ច្បាស់លាស់​ខ្លាំង។

យ៉ាងណាក៏ដោយចុះ គេមើល​ឃើញថា ការបោះឆ្នោត​នៅ​អាមេរិកនេះ អាចនឹង​មានភាព​មិនរកាំរកូស បើសិន​ជាលទ្ធផល​ចេញមកថា លោក​ដូណាល់ត្រាំ ចាញ់ឆ្នោត ព្រោះលោក​ត្រាំ​បានត្រៀម​រៀបចំ​ក្រុមការងារ​ផ្នែកច្បាប់​រួចហើយ ដើម្បី​ប្រឆាំង​តវ៉ានឹង​លទ្ធផល ហើយបើ​មានករណី​ការខកខាន​មិនព្រម​ទទួល​យកលទ្ធផល​នៃការបោះ​ឆ្នោត​មែននោះ វានឹង​អាចធ្វើ​ឲ្យសេដ្ឋកិច្ច​អាមេរិក កាន់តែ​មានសភាព​អាក្រក់ធ្ងន់ធ្ងរ​ឡើង។ ទន្ទឹមនឹងនេះ តម្លៃប្រាក់​ដុល្លារ អាចនឹង​បន្ដធ្លាក់ចុះ​ថែមទៀត ដែលនឹង​ធ្វើឲ្យ​តម្លៃមាស​កាន់តែកើន​ឡើង​ទៀតផងដែរ។

លោកស្រី ណាផា ណាវ៉ា វ៉ាត់ថាណាសុប នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន YLG Bulllion & Futures​ បានលើក​ឡើងដែរថា វាទំនងជាអាច​នឹងមាន​ការកើត​ឡើង​នូវវិវាទ​ចំពោះលទ្ធផល​នៃការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ដែលវា​អាចនឹង​មានផលវិជ្ជមាន​សម្រាប់​តម្លៃមាស។

ប្រសិនបើ​បញ្ហា​នៃការបោះឆ្នោត​ត្រូវបានដោះ​ស្រាយ​បានទាន់​ពេលវេលា​ក្ដីក៏ សហរដ្ឋអាមេរិក នៅតែ​ប្រឈម​នឹងបន្ទុក​បំណុល​សាធារណៈខ្ពស់ ការប្រាក់ទាប និងវិបត្តិធ្ងន់ធ្ងរ​ដែលបាន​កើនឡើង​ដោយមេ​រោគ​រាតត្បាត ហើយបញ្ហា​ទាំងនេះ នឹងមាន​ភាពអំណោយ​ផលដល់​តម្លៃមាស​នៅក្នុង​រយៈពេលវែង។

សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកានេះ តម្លៃមាស​ទំនងជា​នឹងមានដល់ ១.៨០០ ដុល្លារ​អាមេរិក ទៅ ១.៩៥០ ដុល្លារ​អាមេរិក ក្នុងមួយអោន។

ក្រុមហ៊ុនជួញ​ដូរហាង​ឆេងមាស MTS បានប៉ាន់​ប្រមាណ​ថា តម្លៃមាស​នឹងកើន​ឡើង​ដល់ទៅ ២.០០០ ដុល្លារ​អាមេរិក​ក្នុងមួយអោន នៅត្រឹម​ចុង​ឆ្នាំ២០២០ ដោយមាន​ការកើន​ឡើងថ្លៃ ១០%ទៀត នៅឆ្នាំក្រោយ ដោយមាស​មួយអោន​អាចនឹង​មានតម្លៃ ២.២០០ ទៅ២.៣០០ ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមន្ត្រីជាន់ខ្ពស់កម្ពុជាណាខ្លះ ដែលបានជួបប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបរកឃើញវិជ្ជមានកូវីដ-១៩?

ព័ត៌មាន
ត្រូវបានរាយការណ៍ដោយ ភ្នាក់ងារព័ត៌មានរដ្ឋ MTI នៅរសៀលថ្ងៃទី ០៤ ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី គឺលោក Pé…

ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma នឹងសងប្រាក់ជិត ១៦៨ ពាន់លានដុល្លារ​ជូនវិនិយោគិនវិញ ដោយសារការផ្អាក IPO

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលទើបប្រកាសបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនក្នុងទំហំ ដ៏ធំសម្បើម ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ