ទីផ្សារមាស

ពាណិជ្ជករមាសនៅថៃ ព្យាករថា តម្លៃមាសនឹងឡើងដល់ជាង៣ពាន់៣រយដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ


ពាណិជ្ជករមាសនៅថៃ បានអះអាងថា តម្លៃមាសនៅលើទីផ្សារកំពុងស្ថិតក្នុងស្ថានភាពនៃដំណើរឆ្ពោះទៅរកត២ពាន់៥រយដុល្លារក្នុង១អោន ឬជាង៣ពាន់៣រយដុល្លារក្នុង១តម្លឹង នៅឆមាសទី២ ឆ្នាំ២០២៤ បន្ទាប់ពីវាបានធ្លាក់ចុះក្រោម២ពាន់៣រយដុល្លារកាលពីពេលថ្មីៗ បើទោះបីមកទល់ពេលនេះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក ពុំទាន់មានពន្លឺក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ទីផ្សារមាស
ដោយ

លោក ជីតធី ថាងស៊ិតផាកឌី (Jitti Tangsithpakdi) ប្រធានសមាគមពាណិជ្ជករមាសថៃ រំពឹងថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងដល់២ពាន់៥រយដុល្លារក្នុង១អោន ឬជាង៣ពាន់៣រយដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ បើទោះបីមកទល់ពេលនេះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក មិនកើតឡើងដូចអ្វីដែលខ្លួនបានរំពឹងទុកក៏ដោយ។ នៅក្នុងការវាយតម្លៃកន្លងមកអ្នកជំនាញរូបនេះរំពឹងធនាគារកណ្តាលអាម៉េរិកនឹងទម្លាក់អត្រាការប្រាក់ពី៣ទៅ៤ដងនៅឆ្នាំនេះ ដែលនឹងជំរុញឱ្យតម្លៃមាសពិភពលោកកើនឡើងដល់២ពាន់៥រយដុល្លារក្នុង១អោននៅចុងឆ្នាំនេះ។

ការធ្វើអត្ថាធិប្បាយបែបនេះរបស់លោក ជីតធី ធ្វើឡើងស្របពេលដែលតម្លៃមាសនៅក្នុងប្រទេសថៃ មានតម្លៃជិត២ពាន់៣រយដុល្លារក្នុង១អោន កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានធ្លាក់ចុះជាង១%កាលពីពេលថ្មីៗ។ តម្លៃមាសនៅថៃ បានធ្លាក់ចុះជាង១៣០ដុល្លារ បន្ទាប់ពីវាបានឡើងដល់កម្រិតខ្ពស់បំផុត គឺជាង២ពាន់៤រយដុល្លារនៅក្នុង១អោន កាលពីអំឡុងខែមេសា កន្លងទៅថ្មីៗនេះ។

ការធ្លាក់ចុះតម្លៃមាសនៅក្នុងប្រទេសថៃ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា ត្រូវបានជំរុញជាចម្បងដោយការលក់ភ័យស្លន់ស្លោ ជាពិសេសពីក្រុមអ្នកទិញមាសសម្រាប់លក់យកចំណេញ តែឥឡូវនេះលោកកំពុងមើលឃើញសញ្ញាល្អនៃការគាំទ្រសម្រាប់ទីផ្សារមាស។

ដោយឡែកលោក ជុឡាធី នួលប្លាប ( Cholathis Nualplab ) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Hua Seng Heng Gold Futures បានយល់ស្របថា តម្លៃមាសអាចឡើងដល់២ពាន់៥រយដុល្លារនៅក្នុង១អោននៅចុងឆ្នាំនេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយលោកសង្កេតឃើញថា វិនិយោគិនបានចាប់ផ្តើមមានការព្រួយបារម្ភអំពីការជាប់គាំងក្នុងការកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក បន្ទាប់ពីអតិផរណាមិនទាន់បានធូរស្រាល ហើយធនាគារកណ្តាលបាននិយាយថា ខ្លួនមិនមានគម្រោងដំឡើងអត្រាការប្រាក់នោះទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នករកស៊ីបើកភោជនីយដ្ឋាននៅថៃ កំពុងព្រួយបារម្ភ ក្រោយរដ្ឋាភិបាលគ្រោងដំឡើងប្រាក់ឈ្នូលឱ្យដល់ជាង១០ដុល្លារក្នុង១ថ្ងៃ

ព័ត៌មាន
សមាគមភោជនីយដ្ឋានរបស់ប្រទេសថៃ បានសម្ដែងក្ដីកង្វល់របស់ខ្លួនថា ការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃឱ្យឡើងរហូតដល់៤០០បាត ប្រហែលជាង១០ដុល្លារអាម៉េរិក ក្…

ថៃ វៀតណាម និងសិង្ហបុរី ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន

ព័ត៌មាន
ថៃ សិង្ហបុរី និងវៀតណាមស្ថិតក្នុងចំណោមប្រទេសគោលដៅទេសចរណ៍ល្បីៗទាំង១០ ដែលទាក់ទាញភ្ញៀវទេសចរចិន បានច្រើនជាងគេ ក្នុងពេលឈប់សម្រាក៥ថ្ងៃនៃទិវាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ