ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»


នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

ដោយមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តម ​លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងតំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងលោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សរុបចំនួន​៨២៩រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថាពិធីដ៏មាន
សារៈសំខាន់នេះ មិនមែនត្រឹមតែជាការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ប៉ុន្តែជាវេទិកាសម្រាប់ជំរុញការទទួលខុសត្រូវរួមគ្នាអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាល​​ទី៧ នៃរដ្ឋសភា» ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីរុញច្រានការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ វិធានការគន្លឹះនិងអាទិភាព​នានារបស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចសមិទ្ធផលដូចការរំពឹងទុក​របស់​​ប្រជាជន។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់និងកោតសរសើរ ជាពិសេសចំពោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល​​ទី១ និងដៃគូអភិវឌ្ឍន៍នានា ដែលបានសហការរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»​ រហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​​​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, កម្ពុជាបានរក្សានូវសុខ សន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងនិងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិកម្ពុជា ហើយរាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមក បានដាក់ចេញនិងអនុវត្ត​នូវយុទ្ធសាស្រ្ត​​ត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបាននូវសមិទ្ធផលធំៗ​លើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់និងសកល, បញ្ហាភូមិសាស្រ្តនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ច​សកល ក៏ដូចជាការចាប់ផ្តើមងាកមកឯកតោភាគីនិយមរបស់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះមានដៃគូពាណិជកម្មរបស់កម្ពុជាខ្លះផង ហើយកម្ពុជាក៏កំពុងរងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការរឹតបន្តឹងលើការឆ្លងកាត់ព្រំដែន ពាណិជ្ជកម្ម ការនាំចូល និងការនាំចេញ។ បន្ថែមលើនេះ ការសម្រេច​ដាក់ពន្ធ ១៩% របស់សហរដ្ឋអាម៉េរិកមកលើការនាំចេញរបស់កម្ពុជា បាននិងកំពុងបន្តបង្កើតភាពមិនច្បាស់លាស់​លើវិស័យនាំចេញរបស់កម្ពុជា ក៏ដូចជាការទាក់ទាញ​ការវិនិយោគថ្មីៗទៀត ទោះបីជាក្នុងពេលចំពោះមុខនេះ កម្ពុជានៅគ្រប់គ្រងស្ថានការណ៍បានល្អនៅឡើយ។ ការណ៍នេះទាមទារការដាក់ចេញ​នូវវិធានការគន្លឹះ ជាពិសេសការកែទម្រង់មុតស្រួចតាមវិស័យសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅធានាថា កម្ពុជានឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍​យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព និងសមធម៌ទូលំទូលាយសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជា​ខ្ពស់ក្ដី, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជាលទ្ធផល កម្ពុជាបានទទួលនូវផ្លែផ្កាមួយចំនួន ដូចជា ការបន្ដសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ ប្រមាណ ៦% និងរំពឹងថាបន្ដកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២៥, ផ.ស.ស. សម្រាប់ប្រជាជនម្នាក់បានកើនឡើងពី ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ និងក្នុង​ឆ្នាំ២០២៥នេះ នឹងឡើងជិតដល់ ៣ ០០០ ដុល្លារអាម៉េរិក។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ និងដាក់​ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមផ្សេងៗទៀត សំដៅលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផ្តល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍​តាមវិស័យ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បន្តបង្កើតការងារ, វិភាជផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រកប​ដោយសមធម៌, ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជាការកសាងមូលដ្ឋានគ្រឹះ និងភាពធន់នៃការអភិវឌ្ឍឱ្យកាន់តែរឹងមាំ សម្រាប់ការបន្តដំណើរឈាន​ទៅ​សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចបាននូវការអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច ប្រកប​ដោយ​ចីរភាព និងបរិយាបន្ន ស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដូចតទៅ៖

ទី១- ក្រសួង ស្ថាប័នត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យ ផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពរបស់ខ្លួន ឱ្យមានភាពផ្សារភ្ជាប់ជាមួយរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល
នីតិកាលទី៧ នៃរដ្ឋសភា

ទី២- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ដើម្បីធានាសង្គតិភាព ឤទិភាព ដោយផ្សារភ្ជាប់ជាមួយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងរៀបចំកម្មវិធីវិនិយោគសាធារណៈ ឱ្យបានទាន់ពេលវេលា ដើម្បីដាក់បញ្ចូល​ក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល។

ទី៣- គ្រប់រាជធានី-ខេត្ត ត្រូវរៀបចំផែនការអភិវឌ្ឍន៍រាជធានី-ខេត្ត និងត្រូវគិតគូររៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ទី៤- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយជាតិ ជាមួយនឹង​សហគមន៍ដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រួមទាំង​កម្មវិធីកែទម្រង់លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ទី៥- សូមដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងពហុភាគីនិងទ្វេភាគី បន្តធានាថា ក្របខ័ណ្ឌនៃជំនួយសម្រាប់ការអភិវឌ្ឍ បានតម្រឹមនិងតម្រង់ទិសដៅឱ្យស្របជាមួយនឹង​​ឤទិភាពទាំងឡាយ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវបានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈ​។

ទី៦- ក្រសួង ស្ថាប័នទាំងអស់ ដែលទទួលហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធី គម្រោង និងសកម្មភាព​នានា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប្រចាំ ហើយត្រូវផ្ញើរបាយការណ៍លទ្ធផល​នៃការតាមដាន​ ត្រួតពិនិត្យ និងវាយតម្លៃ មកក្រសួងផែនការទៅតាមពេលកំណត់។

ទី៧- ក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹងការប្រមូល ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំ ប្រកបដោយសង្គតិភាព ដើម្បីគាំទ្រដល់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ឱ្យបានពេញលេញ និងតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់។

ទី៨- ក្រសួង ស្ថាប័នត្រូវផ្ដល់អាទិភាពខ្ពស់ដល់ការងាររៀបចំផែនការ គោលនយោបាយ និងស្ថិតិ តាមរយៈការលើកកម្ពស់អង្គភាពនិងមន្ត្រីអនុវត្តការងារនេះ ដោយបន្ថែមអត្ថប្រយោជន៍និងការលើកទឹកចិត្ត​ តាមលទ្ធភាពក្នុងន័យធានានិរន្តរភាពការងារ។

ទី៩- ដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ ក្នុងការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ទី១០- ក្រសួង ស្ថាប័នទាំងអស់ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម​បំផុត ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធ និងឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន បន្តផ្តល់កិច្ចសហការ និងការគាំទ្រគ្រប់បែបយ៉ាងឱ្យកាន់​តែ​សកម្ម ដើម្បីក្រសួងផែនការឤចដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ត​ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភា នេះ ឱ្យទទួលបានជោគជ័យ។ ក្រសួងផែនការ និងក្រសួង ស្ថាប័នទាំងអស់ គួរចាប់ផ្ដើមបង្កើនភាពជាម្ចាស់ លើការរៀបចំនិងអនុវត្ត ក៏ដូចជា​ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅដំណាក់កាលបន្ត
បន្ទាប់។




អត្ថបទបន្ទាប់


១០ តុលា ២០២៥ ជាថ្ងៃដែលកូនខ្មែរត្រូវត្រៀមកត់ត្រាទង្វើព្រៃផ្សៃរបស់កងកម្លាំងថៃ ធ្វើដាក់មកលើពលរដ្ឋស្លូតត្រង់ខ្មែរ

ប្រជាពលរដ្ឋខ្មែរនៅទីណាក៏ដោយ កុំភ្លេចតាមដានអ្វី ដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃកំណត់ត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ