
តែយ៉ាងណាអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់នេះ ទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នេះឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាការជួយជំរុញកំណើនជីវៈចម្រុះក្នុងសមុទ្រ ក៏ដូចជាវិស័យអេកូឡូស៊ីក្រោមបាតសមុទ្រ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ផ្កាថ្មជាជីវៈចម្រុះក្រោមបាតសមុទ្រដ៏សំខាន់ ដោយវាបានផ្តល់ជាជម្រកសម្រាប់ត្រី និងសត្វសមុទ្រមួយចំនួន និងជួយផ្តល់ជាប្រភពធនធានជលផលសម្រាប់ប្រជានេសាទ ក៏ដូចជាជួយបង្កើតប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍។ តែយ៉ាងណាទេសចរណ៍ក្រោមបាតសមុទ្រ ទាមទារឱ្យភ្ញៀវទេសចរមានជំនាញហែលទឹកទើបអនុញ្ញាតឱ្យចុះទៅទស្សនាបាន ដើម្បីជួយរក្សា និងបញ្ចៀសផលប៉ះពាល់ដល់ផ្កាថ្ម និងជីវៈចម្រុះផ្សេងៗ។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានលើកឡើងថា ចំណុចដែលទាក់ទាញភ្ញៀវទេសចរជាងគេក្នុងវិស័យទេសនៅកម្ពុជា គឺធនធានធម្មជាតិ ជាពិសេសផ្កាថ្មក្រោមបាតសមុទ្រ។ តែយ៉ាងណា ដើម្បីអាចទាកទាញភ្ញៀវទេសចរឱ្យបានជានិរន្ត តម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធ និងទាមទារការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ បើតាមអ្នកជំនាញរូបនេះ ផ្កាថ្មក្រោមបាតសមុទ្រមិនត្រូវឱ្យមានការវិនិយោគនោះទេ ពោលគឺត្រូវអភិរក្សឱ្យបានគង់វង្ស ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរកឃើញការបង្កកំណើតរបស់ផ្កាថ្មជាលើកទី២ នៅប្រជុំកោះរ៉ុង ក្នុងខេត្តព្រះសីហនុ នៅក្នុងអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៥ ដែលជារដូវបង្កកំណើតរបស់ផ្កាថ្ម៕
អត្ថបទ ៖ ជា ម៉ារ៉ា