លោក វង្ស ប៉ោយយ៉ង់ កសិករនៅខេត្តបាត់ដំបង បានអះអាងថា ទោះបីរដ្ឋាភិបាលបានទម្លាក់ថវិកាដើម្បីរក្សាលំនឹងទីផ្សារស្រូវក៏ដោយ ក៏មកដល់ពេលនេះ តម្លៃស្រូវស្រងែនៅតាមវាលស្រែនៅតែលក់បានក្នុងតម្លៃទាបដដែល ពោលគឺមានតម្លៃជាង៦០០រៀលក្នុង១គីឡូក្រាម។ ជាមួយគ្នានេះ កសិកររូបនេះ ស្នើដល់រដ្ឋាភិបាល ឱ្យកំណត់ថ្លៃស្រូវឱ្យបានច្បាស់លាស់ជូនដល់កសិករ ខណៈការទម្លាក់ថវិកាប្រមូលទិញស្រូវត្រូវបានលោកយល់ថា អាចពុំមានតម្លាភាព និងប្រសិទ្ធភាពនោះទេ ដោយសារតម្លៃស្ថិតនៅលើមាត់របស់ឈ្មួញ។
ដោយឡែកអ្នកស្រី ណាត នួន កសិករធ្វើស្រែនៅខេត្តសៀមរាប សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ ឈ្មួញបានចុះប្រមូលទិញស្រូវដល់វាលស្រែ តែតម្លៃស្រូវពុំសូវបានថ្លៃដូចឆ្នាំមុនៗនោះទេ ពោលគឺស្រូវផ្ការំដួលលក់បានក្នុងតម្លៃប្រមាណ៨០០រយរៀលក្នុង១គីឡូក្រាម។ ជាមួយគ្នានេះ កសិកររូបនេះស្នើដល់រដ្ឋាភិបាលឱ្យកំណត់តម្លៃស្រូវ ដើម្បីរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការទម្លាក់កញ្ចប់មូលនិធិ៤០លានដុល្លាររបស់រដ្ឋាភិបាល បានធ្វើឱ្យរោងម៉ាស៊ីកិនស្រូវមានលទ្ធភាពក្នុងការប្រមូលទិញស្រូវបានច្រើនបន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះ កញ្ចប់មូលនិធិ៤០លានដុល្លារបានផ្ដល់លទ្ធភាពឱ្យរោងម៉ាស៊ីនអាចទិញស្រូវបានប្រមាណ១៦ម៉ឺនតោនបន្ថែមទៀត។ អគ្គលេខាធិការរូបនេះអះអាងថា មកទល់ពេលនេះនៅតំបន់មួយចំនួនបានប្រមូលផលស្រូវអស់ជាបណ្ដើរៗហើយ ខណៈរោងម៉ាស៊ីកំពុងបន្តប្រមូលទិញ ដើម្បីស្តុកទុកឱ្យអស់ពីលទ្ធភាព។
ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់នៅគណនីហ្វេសប៊ុកថា ក្រោមកម្មវិធីកញ្ចប់ថវិកាហិរញ្ញប្បទានពិសេសបានផ្ដល់លទ្ធភាពដល់រោងម៉ាស៊ីនកិនស្រូវជាដៃគូជាមួយក្រសួងកសិកម្ម ប្រមូលទិញស្រូវពីកសិករនៅទូទាំងប្រទេសបានចំនួនជាង១៥ម៉ឺនតោនក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញមូលនិធិចំនួន៤០លានដុល្លារ ដើម្បីជួយអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈការផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជាដៃគូសម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ ការបញ្ចេញទុននេះធ្វើឡើងក្រោយតម្លៃស្រូវមានការធ្លាក់ចុះខ្លាំងនៅមួយរយៈចុងក្រោយ ស្របពេលតម្លៃអង្ករលើទីផ្សារអន្តរជាតិ កំពុងមាននិន្នាការធ្លាក់ចុះ គួបផ្សំផលិតកម្មស្រូវនៅកម្ពុជា និងនៅលើសកលលោកបន្តមានការកើនឡើង៕
អត្ថបទ៖ បូ ដូឡា