យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ទីផ្សារថាមពលពិភពលោកកំពុងស្ថិតក្នុងភាពរង្គោះរង្គើ។ អ៊ីរ៉ង់ មិនត្រឹមតែជាប្រទេសផលិតប្រេងដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភូមិសាស្ត្រក្តោបក្តាប់ច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយសារ២០% នៃទិន្នផលប្រេងសរុបរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកដ៏សំខាន់នេះ។
បច្ចុប្បន្នតម្លៃប្រេងឆៅបានហក់ឡើងដល់ប្រមាណ៧៣ដុល្លារក្នុងមួយបារ៉ែលរួចទៅហើយ ពោលគឺកើនឡើង២០% គិតត្រឹមដើមឆ្នាំ២០២៦។ អ្នកជំនាញបានព្យាករថា ប្រសិនបើជម្លោះនៅតែបន្តក្នុងកម្រិតបច្ចុប្បន្ន តម្លៃប្រេងនឹងឡើងដល់៨០ដុល្លារ។ ប៉ុន្តែប្រសិនបើការផ្គត់ផ្គង់តាមច្រកហ័រមូសត្រូវបានរាំងស្ទះ នោះតម្លៃប្រេងអាចនឹងស្ទុះឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែលភ្លាមៗ។ ការហក់ឡើងនៃតម្លៃប្រេងនេះ នឹងក្លាយជាអាវុធមុខពីរ ដែលធ្វើឱ្យអតិផរណាសកលហក់ឡើងខ្ពស់បន្ថែមលើវិបត្តិដែលមានស្រាប់ដូចជា ការដំឡើងពន្ធគយរបស់អាមេរិក និងការធ្លាក់ចុះនៃភាគហ៊ុនបច្ចេកវិទ្យា។
ទិន្នន័យពី MarineTraffic បានបង្ហាញរូបភាពគួរឱ្យតក់ស្លុតថា ចរាចរណ៍កប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូសបានធ្លាក់ចុះយ៉ាងគំហុករហូតដល់៧០% ត្រឹមតែប៉ុន្មានម៉ោងក្រោយការវាយប្រហារ។ យោងតាមទីភ្នាក់ងារព័ត៌មាន The New York Times លោក Dimitris Ampatzidis អ្នកវិភាគហានិភ័យជើងចាស់ បានលើកឡើងថា កប៉ាល់ភាគច្រើនបានសម្រេចចិត្តបត់ក្បាលត្រឡប់ក្រោយ ឬចតស្ងៀមនៅឈូងសមុទ្រអូម៉ង់ ដើម្បីគេចពីគ្រាប់រ៉ុកកែត។
ស្ថានភាពនេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រទេសជិតខាងដូចជាអារ៉ាប៊ីសាអ៊ូឌីត, អ៊ីរ៉ាក់, អារ៉ាប់រួម និងកាតា ដែលជាប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើច្រកផ្លូវទឹកនេះ សម្រាប់ការនាំចេញប្រេង និងឧស្ម័នរាវ LNG។ ទោះបីជាខាងយោធាអាម៉េរិកបានអះអាងថា មិនទាន់មានភស្តុតាងដែលថា អ៊ីរ៉ង់នឹងបិទច្រកសមុទ្រនេះ ដោយកម្លាំងបាយក៏ដោយ ប៉ុន្តែស្ថាប័នព័ត៌មានរបស់ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចេញព្រមានរួចហើយថា ច្រកសមុទ្រនេះលែងមានសុវត្ថិភាពសម្រាប់នាវាធំៗទៀតហើយ។
អ្នកជំនាញយោធាយល់ថា ការបិទច្រកសមុទ្រហ័រមូសទាំងស្រុង ក៏ជាការសម្រេចចិត្តដ៏ពិបាកសម្រាប់អ៊ីរ៉ង់ខ្លួនឯងដែរ ព្រោះវានឹងបង្ខំឱ្យអ៊ីរ៉ង់ត្រូវប្រើប្រាស់កម្លាំងយោធាប្រចាំការទាំងស្រុង ដែលអាចធ្វើឱ្យបាត់បង់លទ្ធភាពប្រតិបត្តិការនៅសមរភូមិផ្សេងៗទៀត។ ប៉ុន្តែសម្រាប់ទីផ្សារពិភពលោក គ្រាន់តែភាពមិនច្បាស់លាស់នេះ ក៏គ្រប់គ្រាន់នឹងធ្វើឱ្យសេដ្ឋកិច្ចរង្គោះរង្គើបាត់ទៅហើយ៕
ដោយៈ សរ សុជាតិ