ពហិការផលិតផលថៃ

តើពលរដ្ឋខ្មែរ និងវិស័យឯកជន គួររួមគ្នាយ៉ាងណា ដើម្បីឱ្យការធ្វើពហិការផលិតផលថៃ ទទួលបានប្រសិទ្ធភាព?


ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលនាំចូលពីថៃ និងបានជំរុញឱ្យពលរដ្ឋងាកមកគាំទ្រផលិតផលខ្មែរមានការកើនឡើងគួរឱ្យកត់សម្គាល់។ តែយ៉ាងណាអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមសង្កេតឃើញថា ការធ្វើពហិការរបស់ពលរដ្ឋខ្មែរមិនទាន់មានប្រសិទ្ធភាព១០០% នៅឡើយទេ ពោលគឺនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀត។
ពហិការផលិតផលថៃ
ដោយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការធ្វើពហិការលើផលិតផល និងប្រាក់បាតរបស់ថៃ របស់ពលរដ្ឋខ្មែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយលើកកម្ពស់ផលិតផលខ្មែរ ហើយវាជាផ្នែកមួយក្នុងការដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសថៃ។ តែយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះ យល់ឃើញថា ការធ្វើពហិការរបស់ពលរដ្ឋតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ដែលទាមទារឱ្យមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីវិស័យឯកជន តាមរយៈការជួយបង្កើនការផលិតដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា ការឈ្លានពាន និងសកម្មភាពបង្កហេតុរបស់កងទ័ពថៃ មកលើកម្ពុជា បានធ្វើឱ្យពលរដ្ឋខ្មែរចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិត ដោយនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះជឿជាក់ថា វានឹងជួយធ្វើឱ្យផលិតផលក្នុងស្រុកទទួលបានការគាំទ្រកាន់តែច្រើន ក៏ដូចជាជួយស្រូបទាញការវិនិយោគ និងពង្រីកខ្សែច្រវាក់ផលិតកម្មឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ស្ថិតក្នុងស្ថានភាពដែលកម្ពុជា កំពុងរងការឈ្លានពានពីកងទ័ពថៃ ក្រុមអ្នករកស៊ីធំៗនៅកម្ពុជា គួរមានឆន្ទៈ និងពិចារណាកាត់បន្ថយ ឬឈប់នាំចូលទំនិញពីប្រទេសថៃ ដើម្បីឱ្យការធ្វើពហិការរបស់ប្រជាពលរដ្ឋទទួលបានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលកម្ពុជា ក្នុងអំឡុងពេលព្រំដែនកំពុងបិទ។ បន្ថែមលើនេះ សម្ដេចតេជោ បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនយកលុយបាតមកប្តូរយកលុយរៀល ឬលុយដុល្លារ ដើម្បីជៀសវាងការខាតបង់ធ្ងន់ធ្ងរ និងក្លាយជាចំណុចខ្សោយ ដែលគេអាចប្រើជាអាវុធនយោបាយ។ ជាមួយគ្នានេះ សម្ដេចតេជោ ជំរុញឱ្យក្រុមហ៊ុន សហគ្រាសទាំងអស់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញជាប្រាក់រៀល ឬប្រាក់ដុល្លារជំនួសឱ្យលុយបាត​របស់ថៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


នាវាចម្បាំងរបស់ចិន ពីរគ្រឿង និងនាវាចម្បាំងអូស្ត្រាលី១គ្រឿង បានចូលចតនៅកម្ពុជា ចំថ្ងៃថៃ ដាក់ឱសានវាទបណ្តេញពលរដ្ឋខ្មែរ

ដូចការគ្រោងទុក នាវាចម្បាំងរបស់ចិន ចំនួនពីរគ្រឿង និងនាវាចម្បាំងរបស់អូស្ត្រាលីចំនួន១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ង…

ក្រុមហ៊ុន វិរៈប៊ុនថាំ ចុះកិច្ចសន្យាទិញស្រូវស្រង៉ែពីកសិករ៣ម៉ឺនតោន ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មស្នើកសិករចងក្រងជាសហគមន៍កសិកម្មទំនើប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីអាចការពារហានិភ័យ នៃការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ