ផលិតផលថៃ

តើពលរដ្ឋខ្មែរគួរធ្វើពហិការបែបណា ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិនិយោគិនក្នុងស្រុក?


ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ពីសំណាក់ពលរដ្ឋខ្មែរមានការរីកផុសផុលគួរឱ្យកត់សម្គាល់ បន្ទាប់ពីទាហានថៃ វាយចូលឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែអ្នកជំនាញសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ ចលនាមិនគាំទ្រផលិតផលថៃ កំពុងបង្កើតឱ្យមានការខឹងស្អប់រវាងអ្នកមិនគាំទ្រផលិតផលថៃ និងអ្នកបន្តគាំទ្រផលិតផល និងប្រេនឆាយរបស់ថៃ។ សម្រាប់អ្នកជំនាញ ការធ្វើពហិការមិនបានត្រឹមត្រូវ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ផងដែរ។ តើពលរដ្ឋខ្មែរគួរធ្វើពហិការបែបណា ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច?
ផលិតផលថៃ
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានវាយតម្លៃថា ការគាំទ្រផលិតផលខ្មែរ និងរក្សាទំនាក់ទំនងល្អជាមួយជនរួមជាតិ គឺជាកត្តាដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរក្សាសន្តិភាពក្នុងសង្គមកម្ពុជា។ តែយ៉ាងណាដើម្បីអាចឱ្យចលនាធ្វើពហិការរបស់ពលរដ្ឋអាចធ្វើឡើងមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិនិយោគិនក្នុងស្រុក ពលរដ្ឋគួរតែធ្វើពហិការតាមរយៈចិត្តសាស្រ្តដោយសន្តិវិធី ពោលគឺជៀសឱ្យបានពីការបង្កើតជម្លោះរវាងខ្មែរដូចគ្នា ដើម្បីជាប្រយោជន៍ និងបង្កើតឱកាសការងារ និងបន្តទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍ និងមានស្ថិរភាពយូរអង្វែង។ ហើយដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងនៅលើទីផ្សារបានយូរអង្វែង ពលរដ្ឋត្រូវជំរុញផលិតករឱ្យបន្តផលិតទំនិញប្រកបដោយគុណភាព និងមានតម្លៃសមរម្យ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ចលនាធ្វើពហិការផលិតផលថៃ កំពុងធ្វើឡើងយ៉ាងផុសផុល ត្បិតការធ្វើពហិការនេះជាចលនាសាមគ្គីមួយ ដែលកើតមានក្រោយពលរដ្ឋឈឺចាប់ចំពោះការឈ្លានពានរបស់ថៃ មកលើកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ស្របពេលសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរត្រូវមានការគិតគួរថ្លឹងថ្លែងធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិនិយោគិនក្នុងស្រុក ជាពិសេសត្រូវមានការវិនិច្ឆ័យឱ្យបានខ្ពស់ចំពោះក្រុមហ៊ុនថៃ ដែលមានមានខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ព្រោះក្រុមហ៊ុនទាំងនោះបានចំណាយទុនវិនិយោគនៅកម្ពុជា និងបានផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែររាប់រយរាប់ពាន់នាក​។

​ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរកើតចេញពីសាមគ្គីភាពដើម្បីឆ្លើយតបចំពោះទង្វើយ៉ាងព្រៃផ្សៃរបស់យោធាថៃ ដែលបានឈ្លានពាន និងរំលោភលើបទឈប់បាញ់។ តែយ៉ាងណាក៏នៅមានពលរដ្ឋខ្លះមិនទាន់អាចជំនួសការប្រើប្រាស់ផលិតផលថៃ បាននៅឡើយទេ ហើយពលរដ្ឋខ្លះក៏នៅសល់ទំនិញថៃ ក្នុងស្តុក ដែលបង្ខំចិត្តដាក់លក់ទាំងខាតផងដែរ។ អ្នកជំនាញរូបនេះ បានអះអាងថា ការធ្វើពហិការរបស់ពលរដ្ឋមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ឬការវិនិយោគក្នុងស្រុកនោះទេ ពីព្រោះវាជាចលនាមួយជំរុញឱ្យមានការប្រើប្រាស់ផលិផលខ្មែរជំនួសឱ្យផលិតផលបរទេស និងទាមទារឱ្យពាណិជ្ជករក្នុងស្រុកបង្កើនសមត្ថភាពផលិតឱ្យទាន់តម្រូវការក្នុងស្រុក។

​គួរបញ្ជាក់ថា ចលនាធ្វើពហិការរបស់ពលរដ្ឋខ្មែរបាន​កើតមានឡើងយ៉ាងផុសផុល ដើម្បីឆ្លើយតបចំពោះការប្រមាថរបស់ពលរដ្ឋថៃ មួយចំនួន ដែលបានមើលងាយមកលើប្រជាជាតិខ្មែរ។ ជាមួយគ្នានេះ អ្នកជំនាញ ក៏បានស្នើឱ្យពលរដ្ឋធ្វើពហិការដោយសន្តិវិធី មិនឱ្យកើតមានជម្លោះដោយពាក្យសម្ដីក្ដី ឬហិង្សាក្ដី ដោយប្រើចិត្តសាស្រ្ត ព្រោះវាអាចបន្តទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើន៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវង្សី វិ…

ប្រពៃណីទំនៀមទម្លាប់ ផ្សារភ្ជាប់នឹងកិច្ចការសង្គម! គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី បានចូលរួមក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងចែកជូនសម្ភារសិក្សាចំនួន ៣៥០ឈុតដល់សិស្សានុសិស្ស

កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី (LOLC) បានចូលរួមក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ នាឱកាសពិធីបុណ្យភ្ជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ