តុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលមានសមត្ថកិច្ចដោះស្រាយវិវាទផ្លូវច្បាប់រវាងរដ្ឋ និងរដ្ឋ។ ស្ថាប័ននេះមានតួនាទីខុសគ្នាស្រឡះពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលជាតុលាការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយបុគ្គល។
តុលាការ ICJ ត្រូវបានបង្កើតឡើងក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៥ និងមានទីស្នាក់ការនៅវិមានសន្តិភាព ទីក្រុងឡាអេ ប្រទេសហូឡង់ តុលាការ ICJ មានចៅក្រមចំនួន១៥រូបជាមួយអាណត្តិ ៩ឆ្នាំ ដើម្បីផ្តល់យន្តការដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់កម្លាំងបាយ។ ទោះបីជារដ្ឋសមាជិក UN ទាំង១៩៣ប្រទេស សុទ្ធតែមានសិទ្ធិដាក់ពាក្យបណ្តឹងក៏ដោយ ប៉ុន្តែមានតែ៧៥ប្រទេសប៉ុណ្ណោះ ដែលបានផ្តល់សិទ្ធិអំណាចពេញលេញឱ្យតុលាការនេះបើកសំណុំរឿងភ្លាមៗនៅពេលមានវិវាទកើតឡើង។
សេចក្តីសម្រេចរបស់តុលាការ ICJ មានលក្ខណៈចងកាតព្វកិច្ចផ្លូវច្បាប់លើរដ្ឋសមាជិក ហើយភាគីចាញ់ក្តី មិនអាចប្តឹងឧទ្ធរណ៍បានឡើយ។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង តុលាការពិភពលោកមួយនេះ ពុំមានកម្លាំងប្រដាប់អាវុធ ឬយន្តការបង្ខិតបង្ខំខ្លាំងក្លា ដើម្បីឱ្យរដ្ឋចាញ់ក្តីគោរពតាមនោះទេ ដែលជាហេតុធ្វើឱ្យសេចក្តីសម្រេចជាច្រើនជារឿយៗត្រូវបានភាគីពាក់ព័ន្ធព្រងើយកន្តើយមិនអើពើ។
ពាក្យបណ្តឹងរបស់ប្រទេសហ្គាំប៊ី ដែលទទួលបានការគាំទ្រពីបណ្តាប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀតបានជំរុញឱ្យក្រុមចៅក្រមពិនិត្យលើប្រតិបត្តិការបង្ក្រាបយ៉ាងបង្ហូរឈាមរបស់យោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧។ ប្រតិបត្តិការនោះបានបង្ខំឱ្យជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាង៧៣ម៉ឺននាក់រត់ភៀសខ្លួនទាំងគ្រោះថ្នាក់ទៅកាន់ប្រទេសបង់ក្លាដែស ក្រោមការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីការសម្លាប់រង្គាល ការរំលោភសេពសន្ថវៈ និងការដុតបំផ្លាញភូមិឋាន។
កន្លងមកក្រុមស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបានរកឃើញភស្តុតាងដែលបញ្ជាក់ថា ទង្វើរបស់យោធាមីយ៉ាន់ម៉ាពិតជាមានលក្ខណៈជាអំពើប្រល័យពូជសាសន៍។ ផ្ទុយទៅវិញ ភាគីមីយ៉ាន់ម៉ាបានបដិសេធដាច់អហង្ការ ដោយអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួន គឺជាការបោសសម្អាតក្រុមឧទ្ទាមបះបោរប៉ុណ្ណោះ ពុំមានចេតនាកម្ទេចពូជសាសន៍រ៉ូហ៊ីងយ៉ាឡើយ។ ដូច្នេះសេចក្តីសម្រេចនៅថ្ងៃទី១៩ ខែវិច្ឆិកា នឹងបង្ហាញឱ្យឃើញពីការថ្លឹងថ្លែងរបស់ចៅក្រម ICJ ថាតើភស្តុតាងទាំងនោះគ្រប់គ្រាន់ដើម្បីកំណត់ជា ចេតនាប្រល័យពូជសាសន៍តាមផ្លូវច្បាប់អន្តរជាតិ ដែរឬទេ៕