មន្ត្រីរបស់ IMF - ប៉ាគីស្ថាន

ក្រុមមន្ត្រីរបស់ IMF នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថានក្នុងខែនេះ ដើម្បីពិភាក្សាអំពីការជាប់គាំងថវិកាសង្គ្រោះសេដ្ឋកិច្ច


កាលពីពេលថ្មីៗនេះក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហើបថា ភ្នាក់ងារមូលនិធិពួកគេនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុង អ៊ីស្លាមមាបាត (Islamabad) ប្រទេសប៉ាគីស្ថាននៅចុងខែមករា ដែលគោលដៅនៃបេសកកម្មគឺចង់ត្រួតពិនិត្យ និងពិភាក្សាអំពី កម្មវិធីផ្តល់មូលនិធិជំនួយសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន ខណៈដែលប្រាក់ជំនួយដែលគ្រោងនឹងផ្តល់ឱ្យត្រូវជាប់គាំង ហើយសេដ្ឋកិច្ចកំពុងតែមានភាពចលាចលផងនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ជប៉ុន NIKKEI។
ភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានបំណងធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅប្រទេសប៉ាគីស្ថាន!

អ្នកស្រី អេស្ទឺ ប៉េរេស រ៊ូស (Esther Perez Ruiz) បានឲ្យដឹងថា IMF គ្រោងនឹងទៅទស្សនកិច្ចនៅទីក្រុង អ៊ីស្លាមមាបាត នៃប្រទេសប៉ាគីស្ថាន ចាប់ពីថ្ងៃទី៣១​ខែមករា ដល់ថ្ងៃទី៩ខែកុម្ភៈ។ ឆ្លៀតក្នុងដំណើរនេះ គេក៏នឹងធ្វើ ការត្រួតពិនិត្យ​ទៅលើ​គម្រោង​មូលនិធិ​សេរីភាព​សេដ្ឋកិច្ច​លើកទី៩ ដែលហៅកាត់ថា EFF ផងដែរ។

អ្នកស្រី Ruiz បាននិយាយថា បេសកកម្មនេះ​នឹងផ្តោតសំខាន់លើគោលនយោបាយ ដែលសំដៅលើការស្ដារនិរន្តរភាពក្នុងស្រុក រួមទាំងការពង្រឹង​ជំហរសារពើពន្ធ ការធ្វើកែទម្រង់វិស័យ​ថាមពល ជាពិសេសគឺជួយដល់ប្រជាជន​ដែលរងគ្រោះ​ដោយសារទឹកជំនន់​កាលពីឆ្នាំមុន ដែលកាលនោះ IMF បានសន្យាថា នឹងផ្ដល់ហិរញ្ញប្បទានពហុភាគី និងទ្វេភាគី សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៉ាគីស្ថានក្នុងការកសាងឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញនេះ។ បន្ថែមពីនេះ គេនឹងពិភាក្សាអំពីការបង្កើតឡើងវិញនូវយន្តការផ្អែកលើទីផ្សារ​ ដើម្បីកំណត់តម្លៃ នៃប្រាក់រូពីប៉ាគីស្ថាន​ផងដែរ។

អ្នកស្រី Ruiz ជឿថា កាលណាប៉ាគីស្ថានមានកំណែទម្រង់​គោលនយោបាយ​កាន់តែ​ប្រសើរ នោះវានឹងអាចដូរទស្សនវិស័យ​របស់ប្រទេស​ដទៃមកលើ​ប្រទេសនេះបាន ជាពិសេស គឺអាចមាន​ឱកាសទទួលបានការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ​ពីដៃគូ​ផ្លូវការ និងទីផ្សារ​បានទៀតផង។

សូមរំឭកបន្តិចថា កាលពីឆ្នាំ២០១៩ ប្រទេសប៉ាគីស្ថាន​ទទួល​បាន​ថវិកាឧបត្ថម្ភពី IMF ចំនួន៦ពាន់លានដុល្លារ ហើយកាលពីឆ្នាំ២០២២ IMF បានឧបត្ថម្ភពីលើបន្ថែមទៀតចំនួន ១ពាន់លានដុល្លារ។ ប៉ុន្តែអ្នកផ្តល់ប្រាក់កម្ចីទាំងនោះបានផ្អាកការផ្គត់ផ្គង់នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២ ដោយសារតែប៉ាគីស្ថានបរាជ័យលើការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

គួររំឭកដែរថា កាលពីដើមខែមករានេះ សហគមន៍អន្តរជាតិ អ្នកផ្តល់ជំនួយក្រៅប្រទេស និងអង់អង្គការសហប្រជាជាតិទើបប្រមូលបានជំនួយទឹកប្រាក់ប្រមាណ ៩ពាន់លានដុល្លារសម្រាប់ប៉ាគីស្ថានស្ថារប្រទេសឡើងវិញ ក្រោយពីទឹកជំនន់មហន្តរាយ និងអស្ថិរភាពសេដ្ឋកិច្ច៕




អត្ថបទបន្ទាប់


ហេតុអ្វីប្រធានក្រុមហ៊ុនយក្ស Toyota សុខចិត្តលាលែងពីតំណែង?

ព័ត៌មាន
ប្រធានក្រុមហ៊ុន Toyota ដែលបានកាន់តំណែងរយៈពេល ១៤ឆ្នាំមកហើយនោះ បានប្រកាសចុះចេញពីតំណែងហើយ ដើម្បីផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ បញ្ចេញស្នាដៃន…

ទីបំផុត អាមេរិកចាប់ផ្តើមទម្លាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនដែលជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែនហើយ!

ព័ត៌មាន
ទំនាក់ទំនងរវាងអាមេរិក និងចិន ដែលហាក់ដូចជាថយចុះកម្ដៅបានរយៈពេលខ្លីនោះ ឥឡូវបានចាប់ផ្ដើមក្ដៅដូចទឹកពុះឡើងវិញហើយ។ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ