
ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន បានចាប់ផ្ដើមសាងសង់រោងចក្រសូឡាបណ្ដែតទឹកកម្លាំង៩២មេហ្គាវ៉ាត់ ខណៈដែលប្រទេសនេះ មានគម្រោងបន្ថែមការផលិតថាមពលកកើតឡើងវិញឲ្យបានជាង៤២ជីហ្គាវ៉ាត់បន្ថែមទៀត ដែលស្មើនឹង៦១% នៃថាមពលដែលប្រទេសនេះមានផែនការបន្ថែមទៅកាន់បណ្ដាញចែកចាយអគ្គិសនីរបស់ខ្លួននៅត្រឹមឆ្នាំ២០៣៤ ដោយក្នុងនោះ ថាមពលសូឡាត្រូវបានរំពឹងថា នឹងរួមចំណែកជាង១៧ជីហ្គាវ៉ាត់។
រោងចក្រថាមពលសូឡាបណ្ដែតទឹកខាងលើ ត្រូវបានសាងសង់ឡើងនៅចម្ងាយប្រមាណ១៨០គីឡូម៉ែត្រពីរដ្ឋធានីរដ្ឋធានីហ្សាការតា ហើយត្រូវនឹងចាប់ផ្ដើមដំណើរការអាជីវកម្មនៅខែវិច្ឆិកា ឆ្នាំ២០២៦។ រោងចក្រសូឡាបណ្ដែតទឹកនេះនឹងផលិតអគ្គិសនីបានជាង១៣០ជីហ្គាវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ ហើយថា វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចូលទៅក្នុងបរិយាកាសបាន១០ម៉ឺន ៤ពាន់តោន។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីទំហំដែលក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី PLN បោះទុនវិនិយោគលើរោងចក្រសូឡាបណ្ដែតទឹកនេះនោះទេ៕
ដោយ: តែម សុខុម