បច្ចេកវិទ្យាទូរសព្ទ

ការលក់ iPhone នៅទីផ្សារប្រទេសចិន ដាំក្បាលចុះរហូតដល់២៤% ខណៈ Huawei ទទួលបានសន្ទុះគាំទ្រខ្លាំង


យោងតាមក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ Counterpoint បានបង្ហាញថា ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ២៤% ក្នុងរយៈពេល៦សប្ដាហ៍ដំបូងដើមឆ្នាំ២០២៤ ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះបានប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីបណ្ដាក្រុមហ៊ុនគូប្រជែងក្នុងស្រុករបស់ចិន ជាពិសេសក្រុមហ៊ុន Huawei ដែលជាគូប្រជែងធំរបស់ខ្លួន។
បច្ចេកវិទ្យាទូរសព្ទ
ដោយ

របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ Counterpoint បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ចិន ដែលជាដៃគូប្រកួតប្រជែងធំបំផុតរបស់ក្រុមហ៊ុនយក្សអាម៉េរិក Apple នៅក្នុងទីផ្សារប្រទេសចិន ទទួលបានកំណើនលក់ស្មាតហ្វូនលំដាប់ព្រីមៀមរហូតដល់ទៅ៦៤% ក្នុងរយៈពេល៦សប្ដាហ៍ដើមឆ្នាំ២០២៤។

ការធ្លាក់ចុះខ្លាំងនូវការលក់នេះជាក្ដីបារម្ភដ៏ធំសម្រាប់ក្រុមហ៊ុន Apple ខណៈក្រុមហ៊ុនរបស់អាម៉េរិកមួយនេះបានព្យាករប្រាក់ចំណូលសម្រាប់ត្រីមាសបច្ចុប្បន្នរបស់ខ្លួនក្នុងរង្វង់៦ពាន់លានដុល្លារ ដែលទាបជាងការរំពឹងទុករបស់សង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ២,៨% កាលពីថ្ងៃអង្គារ ទី៥ ខែមីនា ហើយបានបាត់បង់តម្លៃប្រមាណ១២% គិតមកទល់នឹងពេលនេះ ដោយទទួលបានលទ្ធផលអន់ជាងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតនៅសហរដ្ឋអាម៉េរិក។

របាយការណ៍របស់ក្រុមហ៊ុន Counterpoint បង្ហាញថា ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះពី១៩% មកនៅត្រឹម១៥,៧% ដោយធ្វើឱ្យក្រុមហ៊ុននេះធ្លាក់ពីចំណាត់ថ្នាក់លេខ២មកនៅត្រឹមចំណាត់ថ្នាក់លេខ៤។

ទន្ទឹមនេះ ក្រុមហ៊ុន Huawei របស់ចិន បានឡើងចំណាត់ថ្នាក់លេខ២ ខណៈដែលចំណែកទីផ្សាររបស់ខ្លួនបានកើនឡើងពី៩,៤%ដល់១៦,៥%។ របាយការណ៍នេះបានបញ្ជាក់ថា ទីផ្សារស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៧%។

ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្ដល់ឧបត្ថម្ភធនដល់ម៉ូឌែល iPhone មួយចំនួនរហូតដល់១៨០ដុល្លារ កាលពីសប្តាហ៍មុនតាមរយៈហាងលក់ស្មាតហ្វូននៅលើ Tmall ដែលជា Platform ទីផ្សារដ៏ធំរបស់ក្រុមហ៊ុន Alibaba។ ក្រុមហ៊ុន Apple បានផ្តល់ជូនការបញ្ចុះតម្លៃ iPhone រហូតដល់ទៅ៧០ដុល្លារនៅលើគេហទំព័រផ្លូវការរបស់ខ្លួនរួចទៅហើយកាលពីខែមុន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីលើកទឹកចិត្តឱ្យវិនិយោគិន បន្តវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យ

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើកទឹកចិត្តឱ្យវិនិយោគិន បន្តវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យឱ្យ…

វៀតណាមមានមហិច្ឆតាបណ្ដុះបណ្ដាលវិស្វករបន្ទះឈីបឱ្យបាន៥ម៉ឺននាក់ ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងធ្វើផែនការប្រកបដោយមហិច្ឆាតា ដើម្បីបណ្ដុះបណ្ដាលវិស្វករបន្ទះឈីបឱ្យបានរហូតដល់ទៅ៥ម៉ឺននាក់ សម្រាប់បម្រើឱ្យការអភិវឌ្ឍឧស្សាហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ