វិបត្តិនៅអ៊ុយក្រែន

វិបត្តិនៅអ៊ុយក្រែន កំពុងរុញច្រានឲ្យប្រទេសចិនជួបការលំបាកក្នុងការសម្រេចចិត្តចាប់យករវាងបស្ចិមលោក និងយករុស្ស៊ី ឬក៏យ៉ាងណា?


ប្រធានាធិបតីអាមេរិក Joe Biden បានព្រមានពី«ផលវិបាក» ដែលអាចកើតឡើងទៅលើប្រទេសចិន ប្រសិនបើចិនមានផ្ដល់ជំនួយណាមួយ ដល់រុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់សង្គ្រាមរបស់រុស្ស៊ីឈ្លានពាននៅអ៊ុយក្រែន។ ប្រការនេះ ប្ត្រូវបានគេមើលឃើញថា កំពុងរុញឲ្យ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាន់តែពិបាកសម្រេចចិត្ត ថាតើត្រូវជ្រើសរើសរវាងទំនាក់ទំនងពាណិជ្ជកម្មដែលរកប្រាក់ចំណេញយូរអង្វែងជាមួយលោកខាងលិច ឬក៏ត្រូវបន្ដភាពជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបន្ថែមទៀតជាមួយទីក្រុងម៉ូស្គូ។
រុស្ស៊ី និងចិន ចេញមុខថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត លើការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ាស៊ីហ្វិក

ដោយផ្អែកលើលំហូរពាណិជ្ជកម្មតែមួយច្រកនោះ រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងបាត់បង់ជាច្រើនបន្ទាប់ពីការជជែកតាមវីដេអូអនឡាញរយៈជិត២ម៉ោងរវាងលោក Biden និងលោក Xi កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដោយសេតវិមានបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើប្រទេសចិន គឺជាជម្រើសមួយរបស់អាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក ប្រសិនបើចិនពិតជាជួយរុស្ស៊ីនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនមែននោះ។

ទោះបីជាមានទំនាក់ទំនងពាណិជ្ជកម្មកើនឡើងជាមួយតំបន់អាស៊ីអាគ្នេយ៍ និងមានសេដ្ឋកិច្ចដែលមិនសូវពឹងផ្អែកលើពាណិជ្ជកម្មក្នុងរយៈពេលមួយទសវត្សរ៍មកនេះក៏ដោយ ក៏ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមានភាពច្របូកច្របល់យ៉ាងខ្លាំងពិសេសចំពោះប្រជាធិបតេយ្យដែលលោកខាងលិចចង់បាន។ នេះបើតាមទិន្នន័យពាណិជ្ជកម្មដែលបានបង្ហាញដោយទីភ្នាក់ងារ Reuters។

បើតាមអ្នកវិភាគបានឱ្យដឹងថា បើចិនជ្រើសយកការឈរនៅខាងសម្ព័ន្ធមិត្តនយោបាយរុស្ស៊ី នោះវានឹងមានន័យផ្នែកសេដ្ឋកិច្ចតិចតួចសម្រាប់ប្រទេសចិន ដោយសារតែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅតែជាទីផ្សារប្រើប្រាស់ជាងមួយភាគបីនៃការនាំចេញរបស់ចិន។

លោក Chad Bown អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិភឺធឺសុន (Peterson Institute for International Economics) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលបានតាមដានពាណិជ្ជកម្មចិនយ៉ាងជិតដល់នោះបាននិយាយថា ដើម្បីសេដ្ឋកិច្ចប្រសិនបើចិនត្រូវធ្វើការជ្រើសរើសរវាងរុស្ស៊ីនៅក្នុងចំណោមប្រទេសផ្សេងទៀតនោះ លោកគិតថា វាមិនមែនជាគំនិតសម្រាប់ប្រទេសចិននោះទេ ក្នុងការជ្រើសរើសនេះ ព្រោះសេដ្ឋកិច្ចចិនបានជាប់ទាក់ទងនឹងសេដ្ឋកិច្ចនៃប្រទេសលោកខាងលិចទាំងអស់រួចទៅហើយ។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ឈីន កាង (Qin Gang) កាលពីថ្ងៃអាទិត្យបាននិយាយសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ី ដោយបានឆ្លើយនឹងសំណួរថា តើទីក្រុងប៉េកាំងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ទីក្រុងម៉ូស្គូរឺយ៉ាងណា នៅក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែនេះ? លោក កាង បានប្រាប់ថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថាមពលធម្មតាជាមួយរុស្ស៊ី។ សហប្រតិបត្តិការទាំងនេះ គឺជាអាជីវកម្មធម្មតារវាងប្រទេសដែលមានអធិបតេយ្យភាព២ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។ ទោះយ៉ាងណា ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកក៏បានអះអាងដែរ ចិននឹងមិនផ្ដល់សព្វាវុធទៅឲ្យរុស្ស៊ីនោះឡើយ។

ការដាក់គោលដៅលើទីក្រុងប៉េកាំងជាមួយប្រភេទនៃទណ្ឌកម្មសេដ្ឋកិច្ចទូលំទូលាយដូចដែលគេបានដាក់លើប្រទេសរុស្ស៊ីនោះ នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិកនិងទូទាំងពិភពលោកដោយសារប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទីពីរនិងជាប្រទេសនាំចេញធំបំផុតក្នុងពិភពលោក។ 

អ្នកជំនាញវិភាគផ្នែកភូមិសាស្ត្រនយោបាយពិភពលោកមួយចំនួន ត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន South China Morning Post បានឲ្យដឹងនាពេលថ្មីៗនេះដែរ ប្រសិនបើលោកខាងលិចដាក់ទណ្ឌកម្មទៅលើចិនមែននោះ វាក៏នឹងរឹងរុញឲ្យចិនកាន់តែខិតជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយរុស្ស៊ីបន្ថែមទៀតដែរ។

ស្របពេលដែលសេដ្ឋកិច្ចរបស់ចិនបានឡើងដល់ ១៦ទ្រីលានដុល្លារក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ពេលនេះការពឹងផ្អែករបស់ចិនទៅលើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតសម្រាប់សុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួននោះ បានថយចុះជាបណ្ដើរៗហើយ ខណៈដែលពលរដ្ឋចិនក្លាយជាអ្នកមានកាន់តែច្រើន ហើយការប្រើប្រាស់ទំនិញនិងសេវាកម្មក្នុងស្រុកកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មប្រហែល ៣៥% នៃផលិតផលក្នុងស្រុកសរុប ពោលគឺច្រើនជាងសហរដ្ឋអាមេរិកដែលមានត្រឹមតែ២៣% និងជប៉ុនដែលមាន តែត្រឹម៣១%ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ជំរុញជាថ្មីឲ្យពន្លឿនបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញសារជាថ្មីឱ្យដៃគូពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីពន្លឿនការបង្កើតរ…

ជប៉ុនស្នើឱ្យប្រទេសអារ៉ាប់រួមបង្កើនការផ្គត់ផ្គង់ប្រេង ខណៈដែលវិបត្តិអ៊ុយក្រែនជំរុញឲ្យតម្លៃប្រេងកើនឡើង

ព័ត៌មាន
ការផ្គត់ផ្គង់ប្រេងសម្រាប់ទីផ្សារពិភពលោក បានជួបបញ្ហារង្គើរង្គើខ្លាំងមែនទែន ចាប់តាំងពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងមក។ យ៉ាងណាមិញ រដ្ឋម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ