ជម្លោះអ៊ីស្រាអែល-ហាម៉ាស

អ៊ីស្រាអែលបន្តផ្លោងមីស៊ីល និងទម្លាក់គ្រាប់បែកទៅលើតំបន់ Gaza


ស្ថានការណ៍មិនបានថមថយនៅឡើយ គឺកាន់តែសាហាវ និងព្រៃផ្សៃ នៅថ្ងៃទីបួននៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ ក្រៅពីការឡោមព័ទ្ធបិទផ្លូវទាំងទឹកទាំងគោកនៅតំបន់ Gaza មកទល់នឹងពេលនេះ កងទ័ពអាកាសអ៊ីស្រាអែល បន្តបាញ់ផ្លោងមីស៊ីល និងទម្លាក់គ្រាប់បែកគ្មានត្រាប្រណីទៅលើក្រុមហាម៉ាស និងប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់កំពុងរស់នៅតំបន់Gaza។
ជម្លោះអ៊ីស្រាអែល-ហាម៉ាស
ដោយ

នៅក្នុងប្រទេសអ៊ីស្រាអែល ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅតែបន្តប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែល ក្នុងទីតាំងចំនួន ៦ ទៅ៧កន្លែង ក្បែរតំបន់Gaza ក្រោយក្រុមនេះបានចូលវាយឆ្លក់កាលពីថ្ងៃសៅរ៍ និងបានសម្លាប់ប្រជាជនអ៊ីស្រាអែល រាប់រយនាក់ រួមទាំងចំណាត់ខ្មាំង។ នៅថ្ងៃទីបួននៃសង្គ្រាមនេះ ទូរទស្សន៍រដ្ឋអ៊ីស្រាអែល បាននិយាយថា មនុស្សស្លាប់ដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាស កើនដល់ជាង៩០០នាក់ និងរបួសជាង ២៦០០នាក់។

ខណៈក្រសួងសុខាភិបាលគ្រប់គ្រងដោយហាម៉ាស​ បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន​ ប្រមាណជាង ៧០០ បានបាត់បង់ជីវិត និងជាង ៤០០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល ទៅលើតំបន់ Gaza។ ក្នុងនោះ ក៏មានដែរជនជាតិអាមេរិក១១នាក់ ត្រូវបានរាយការណ៍ថាស្លាប់នៅថ្ងៃនេះ។

នៅក្នុងការប្រយុទ្ធគ្នាបួនថ្ងៃមកនេះ គេនៅតែមិនទាន់ដឹងចាញ់ឈ្នះ ខណៈប្រជាជនប៉ាឡេស្ទីន រាប់ម៉ឺនាក់នៅ Gaza បានជម្លៀសខ្លួន។ យោងតាមលោក អាន់តូនីញូ ហ្គូតឺរេស អគ្គលេខាអង្គការសហប្រជាជាតិ មនុស្សជាង១៣ម៉ឺននាក់ ត្រូវបានទទួលដោយសុវត្ថិភាព ដោយភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ខណៈដែលជាង១៨ម៉ឺននាក់ទៀតកំពុងភៀសខ្លួនចេញពីតំបន់Gaza។

តាមការរាយការណ៍ចុងក្រោយដោយ Aljazeera យោធាអ៊ីស្រាអែល បានរកឃើញសាកសពជាង ១៥០០ នាក់របស់ក្រុមហាម៉ាសស្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅក្នុងទឹកដីអ៊ីស្រាអែល និងតំបន់Gaza។ យ៉ាណាក៏ដោយ មន្ត្រីជាន់ខ្ពស់ហាម៉ាសថា ខ្លួនបើកផ្លូវសម្រាប់ការចរចាគ្រប់ពេលជាមួយអ៊ីស្រាអែល ដោយហេតុថា គេបានសម្រេចគោលដៅហើយ។

តែក្នុងពេលជាមួយគ្នា ក្រុមសកម្មប្រយុទ្ធនេះ ក៏បានគំរាមដែរថា នឹងប្រហារជីវិតចំណាត់ខ្មាំង បើសិនអ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់បែកលើប្រជាជនប៉ាឡេស្ទីននោះ។ យ៉ាងណា សារព្រមានចុងក្រោយនេះមិនទាន់ត្រូវអ៊ីស្រាអែល ឆ្លើយតបវិញទេ។ គួរជម្រាបថា មកទល់នឹងពេលនេះ ហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ មានចំណាត់ខ្មាំងជាង១០០នាក់នៅក្នុងដៃ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល។

កាលពីថ្ងៃចន្ទ នៅឯភាគខាងត្បូង អ៊ីស្រាអែលឯណោះវិញ ការបាញ់ប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេស្សប៉ូឡា មិនទាន់ស្ងប់ស្ងាត់វិញនោះទេ។

ក្នុងការប្រយុទ្ធគ្នាទៅវិញទៅមកនោះ ទាហានហេស្សប៉ូឡាបីនាក់ ត្រូវបានរាយការណ៍ស្លាប់ ខណៈមេបញ្ជាការរងអ៊ីស្រាអែលម្នាក់ក៏ត្រូវបានសម្លាប់នៅតំបន់ព្រំដែនជាមួយលីបង់នោះដែរ។ អ៊ីស្រាអែលវិញនៅថ្ងៃអង្គារនេះ បានប្រកាសបង្កើនកងទ័ពបម្រុងជាង៣០ម៉ឺននាក់ សម្រាប់វាយប្រហារប្រយុទ្ធចូលទៅក្នុងតំបន់Gazaតាមផ្លូវគោក។

ដោយឡែក មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Charles Q. Brown បានព្រមានអ៊ីរ៉ង់ មិនត្រូវលូកដៃក្នុងសង្គ្រាមនេះឡើយ។ មកដល់វេលានេះ សហរដ្ឋអាមេរិក កំពុងបញ្ជូនជំនួសយោធាដូចជាប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើង និងជំនួយសន្តិសុខដទៃទៀតទៅឱ្យអ៊ីស្រាអែល។

ការព្រមានជាថ្មីរបស់អាមេរិក បានកើនឡើង ក្រោយវ៉ាស៊ីនតោន ប្រកាសគាំទ្រឥតងាករេ ចំពោះអ៊ីស្រាអែល និងកាលពីថ្ងៃចន្ទ បានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford និងក្រុមនាវាចម្បាំងផ្សេងទៀតទៅឈរជើងក្នុងសមុទ្រមេឌីទែរ៉ាណេ ខាងកើតក្បែរតំបន់Gaza។

ទោះបីជាក្រុមហាម៉ាសបង្ហាញពីបំណងចរចាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយតាមកញ្ចក់ទូរទស្សន៍អ៊ីស្រាអែលថា ប្រតិបត្តិវាយបកលើក្រុមហាម៉ាសនៅ Gaza ទើបតែចាប់ផ្តើមប៉ុណ្ណោះ ដោយលោកធ្លាប់មានសង្កត់ធ្ងន់ថា នឹងកម្ទេចហាម៉ាសឱ្យកា្លយជាផេះ ឱ្យសាកសមនូវអ្វីដែលគេបានធ្វើមកលើប្រជាជនអ៊ីស្រាអែល។

ស្របពេលស្ថានការណ៍កាន់តែអាក្រក់ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃចន្ទ ក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយបញ្ឈប់នូវអ្វីដែលលោកហៅថា សកម្មភាពដ៏គគ្លើនរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជះឥទ្ធិពលដល់អ្វីខ្លះ ដល់ពិភពលោក?

ព័ត៌មាន
ឆាកប្រយុទ្ធដ៏ក្ដៅគគុករវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន កំពុងបន្ដធ្វើឡើងនៅតំបន់ហ្គាហ្សា ហើយផលប៉ះពាល់ផ្ទាល់កំពុងកើតមានចំពោះពល…

ធនាគារកណ្ដាលអ៊ីស្រាអែល នឹងលក់រូបិយបណ្ណបរទេស ៣០ពាន់លានដុល្លារដើម្បីរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុក

ព័ត៌មាន
ធនាគារកណ្តាលអុីស្រាអែល បាននិយាយពីថ្ងៃចន្ទថា ធនាគារនេះនឹងលក់រូបិយបណ្ណបរទេសរហូតដល់ចំនួន ៣០ពាន់លានដុល្លារ នៅក្នុងទីផ្សារបើកចំហ ហើយនេះគឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ