ជប៉ុន-រដ្ឋនៅអាស៊ីកណ្តាលចំនួន៥

ជប៉ុន និងរដ្ឋនៅអាស៊ីកណ្តាលចំនួន៥ បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់


ចំពេលដែល ស្ថានការណ៍ពិភពលោកកាន់តែស្ថិតក្នុងភាពផុយស្រួយនោះ ប្រទេសជប៉ុន និងប្រជាជាតិនៅតំបន់អាស៊ីកណ្តាលចំនួនប្រាំបានអះអាងកាលពីថ្ងៃសៅរ៍ ទី២៤ ធ្នូ ឡើងវិញ អំពីសារៈសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ខណៈពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងថា សណ្តាប់ធ្នាប់មួយនេះអាចនឹងត្រូវបានបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងការពង្រីកខ្លួននៃសកម្មភាពយោធាចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ជប៉ុន និងរដ្ឋអាស៊ីកណ្តាលទាំង៥ បញ្ជាក់ជំហរចំពោះសណ្តាប់ធ្នាប់ឡើងវិញ!

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីមកពីប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន ក៏បានបញ្ជាក់ដែរថា ពួកគេនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់អន្តរជាតិ ដូចជាការហាមឃាត់លើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងតូក្យូ។

ជាការពិត ទីក្រុងតូក្យូបាន និងកំពុងព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសនៅអាស៊ីកណ្តាលក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន ដែលបន្តវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ខ្លួន។

ម្ប៉ាងវិញទៀត ប្រទេសជប៉ុនបានថ្កោលទោសការឈ្លានពានរបស់ទីក្រុងមូស្គូលើទីក្រុងកៀវថា ជាការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយប្រើកម្លាំង ខណៈដែលអតីតសាធារណរដ្ឋសូវៀតទាំងប្រាំកំពុងបង្កើនការមិនទុកចិត្តលើរុស្ស៊ីបន្ទាប់ពីការលុកលុយអ៊ុយក្រែនដែលជាអតីតសាធារណរដ្ឋសូវៀតផងដែរនោះ។

លោក Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុនបានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាថា ក្រុមរដ្ឋមន្ត្រីបានពិភាក្សាអំពីការដឹកជញ្ជូនការផ្គត់ផ្គង់ថាមពលឆ្លងកាត់សមុទ្រកាសព្យែនពីអាស៊ីកណ្តាលជាជម្រើសមួយសម្រាប់ផ្លូវដែលមានស្រាប់ ដោយសារការរំខានដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Mukhtar Tileuberdi រដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថានលោក Zheenbek Kulubaev រដ្ឋមន្ត្រីការបរទេសតាជីគីស្ថាន Sirojiddin Muhriddin អនុប្រធានខុទ្ទកាល័យរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកមេនីស្ថានលោក Rashid Meredov និងរដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថានលោក Vladimirs Norov បានចូលរួមកិច្ចប្រជុំ។

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសទាំងប្រាំមួយរូបក៏បានសន្យាថានឹងដោះស្រាយបញ្ហាប្រឈមក្នុងសន្តិសុខសេដ្ឋកិច្ចដូចជា «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» ដោយការអនុវត្តទណ្ឌកម្មពាណិជ្ជកម្មរបស់ប្រទេសចិនលើប្រទេសដែលទំនាក់ទំនងរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺន។

មែនទែនទៅ ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស «អាស៊ីកណ្តាលបូកជប៉ុន» សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ក្នុងឆ្នាំ២០០៤ ប្រទេសជប៉ុនបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរដ្ឋទាំងប្រាំ។ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីកណ្តាលនីមួយៗ បន្ទាប់ពីទទួលបានឯករាជ្យពីអតីតសហភាពសូវៀត។ ដោយឡែក ប្រទេសមហាអំណាចផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ចិន ឥណ្ឌា និងរុស្ស៊ីបានដើរតាមប្រទេសជប៉ុន និងមានក្របខ័ណ្ឌកិច្ចសន្ទនាស្រដៀងគ្នានេះដែរ។




អត្ថបទបន្ទាប់


អ្វីខ្លះជាដំណោះស្រាយ ចំពោះបញ្ហាតម្លៃជ្រូកដែលកំពុងធ្លាក់ថ្លៃខ្លាំងនាពេលបច្ចុប្បន្ន?

ព័ត៌មាន
ក្រោយមានការរអ៊ូរទាំជាបន្តបន្ទាប់ពីសំណាក់អ្នកចិញ្ចឹមជ្រូកអំពីបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យក្…

ប្រេសិតពិសេសចិនប្រចាំEUថា ចិនមិនចង់ធ្វើការជ្រើសរើសរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុបលោក ហ្វូ ខុង (Fu Cong) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានចិន The South China Morning Pos…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ