មេដឹកនាំជប៉ុន

ជប៉ុននឹងមាននាយករដ្ឋមន្រ្តីជាស្រ្តីលើកដំបូងក្នុងប្រវត្តិសាស្ត្រ


គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានជ្រើសរើសលោកស្រី សាណេ តាកៃជី (Sanae Takaichi) ដែលជាអ្នកនយោបាយអភិរក្សនិយមឱ្យធ្វើជាប្រធានគណបក្សកាលពីសប្តាហ៍មុន ដោយបើកផ្លូវឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសនេះ។ សភាជប៉ុននឹងបោះឆ្នោតជ្រើសរើសលោកស្រីឱ្យធ្វើជានាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់ពីលោក ស៊ីហ្គឺរុ អ៊ីស៊ីបា (Shigeru Ishiba) ចាកចេញពីតំណែងនៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ។
មេដឹកនាំជប៉ុន
ដោយ

គណបក្សប្រជាធិបតេយ្យសេរី ដែលបានដឹកនាំប្រទេសជប៉ុន ស្ទើរគ្រប់អាណត្តិក្រោយសង្គ្រាម និងជាគណបក្សដែលកំពុងកាន់អំណាច បានបោះឆ្នោតជ្រើសរើសលោកស្រី សាណេ តាកៃជី វ័យ៦៤ឆ្នាំ ឱ្យធ្វើជាប្រធានគណបក្ស ដើម្បីស្តារទំនុកចិត្តពលរដ្ឋ ដែលកំពុងខឹងសម្បារដោយសារការកើនឡើងថ្លៃចំណាយលើជីវភាព និងដើម្បីទប់ស្កាត់ជនចំណាកស្រុក។ លោកស្រី តាកៃជី ជាស្ត្រីតែម្នាក់គត់ក្នុងចំណោមបេក្ខភាព ដែលឈរឈ្មោះប្រជែងដណ្តើមតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី។

អតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច និងកិច្ចការផ្ទៃក្នុងជប៉ុន ប្តេជ្ញានឹងយកសមត្ថភាពរបស់លោកស្រី ដើម្បីពង្រឹងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ នៅលើពិភពលោកនេះឡើងវិញ។ អ្នកនយោបាយដែលនឹងក្លាយជាមេដឹកនាំជប៉ុនក្នុងពេលឆាប់ខាងមុខនេះ គឺជាអ្នកដែលគាំទ្រគោលនយោបាយ«អាបេណូមីស» របស់អតីតនាយករដ្ឋមន្រ្តី ហ្ស៊ីនហ្ស៊ូ អាបេ ដែលជាមេដឹកនាំ ដែលប្រកាន់គោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ។

ទោះបីលោកស្រីមិនទាន់បានតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុនក៏ដោយ ប៉ុន្តែឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសជប៉ុន លោក ចច ហ្គ្លាស ( George Glass) បានសរសេរសារអបអរលោកស្រីនៅលើបណ្តាញសង្គម X ថា លោកទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូរវាងជប៉ុន និងអាម៉េរិក នៅគ្រប់វិស័យ។

ដោយឡែកការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន។ ជាមួយគ្នានេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ជីងតេ ( Lai Ching-te) បានបង្ហាញការគាំទ្រចំពោះការបោះឆ្នោតជ្រើសរើសលោកស្រី សាណេ តាកៃជី ឱ្យធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យសេរី និងបានចាត់ទុកលោកស្រីជាមិត្តដ៏ល្អរបស់តៃវ៉ាន់។ លោករំពឹងថា ក្រោមការដឹកនាំរបស់ប្រធានថ្មីរូបនេះ កោះតៃវ៉ាន់ និងជប៉ុននឹងអាចពង្រឹងភាពជាដៃគូក្នុងវិស័យសំខាន់ៗជាច្រើនដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងបច្ចេកវិទ្យា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សិង្ហបុរី ក្លាយជាគោលដៅទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់ការរក្សាទុកទ្រព្យសម្បត្តិ និងផ្លាស់ប្តូរទីលំនៅរបស់អ្នកវិនិយោគ

ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាគោលដៅកំពូលនៅលើពិភពលោកសម្រាប់ការរក្សាទុកទ្រព្យសម្បត្តិ និងការផ្លាស់ប្តូរទីលំនៅរបស់អ្នកវិនិយោគ ដោយបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ