ក្រុមធុរកិច្ចថៃ កំពុងតែភ័យស្លន់ស្លោ និងព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ថៃ ដែលបង្កឡើងដោយការរំលាយសភា និងការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះដែលមានរយៈពេលចន្លោះពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ។ ការព្រមានបែបនេះ ក៏ដោយសារក្រុមធុរកិច្ចថៃ យល់ថា រដ្ឋាភិបាលចាំផ្ទះមានអំណាចមានកម្រិត ដែលអាចធ្វើឱ្យវិធានការជំរុញសេដ្ឋកិច្ច និងគម្រោងធំៗត្រូវជាប់គាំង។ បណ្ដាក្រុមហ៊ុននាំចេញមានការព្រួយបារម្ភយ៉ាងខ្លាំងថា ផែនការចរចាពន្ធគយជាមួយសហរដ្ឋអាម៉េរិក អាចត្រូវបានពន្យារពេល ដែលកត្តានេះនឹងបន្ថែមសម្ពាធកាន់តែខ្លាំងលើពាណិជ្ជកម្ម ដែលកំពុងយ៉ាប់យឺនស្រាប់។
ក្រុមមេដឹកនាំធុរកិច្ចថៃ ក៏បានព្រមានដែរថា សូម្បីតែភាពមិនប្រាកដប្រជាផ្នែកនយោបាយរយៈពេលខ្លី ក៏អាចបណ្តាលឱ្យវិនិយោគិនធំៗពន្យារពេល ឬផ្លាស់ប្តូរគម្រោងទៅប្រទេសផ្សេងផងដែរ ដែលកត្តាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិថៃ នៅឆ្នាំ២០២៦។ ពួកគេបានសង្កត់ធ្ងន់ថា គម្រោងដែលកំពុងដំណើរការគួរតែបន្តជៀសវាងការធ្លាក់ចុះយូរអង្វែង។
ក្រុមមេដឹកនាំធុរកិច្ចថៃ បានបន្ថែមទៀតថា បញ្ហាសំខាន់ៗរួមមានការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់ដ៏កំណាចបំផុតមិនធ្លាប់មានក្នុងពេល៣០០ឆ្នាំមកនេះ ជាពិសេសនៅភាគខាងត្បូង សង្គ្រាមឈ្លានពានកម្ពុជា និងការចរចាពាណិជ្ជកម្មសំខាន់ៗ ត្រូវការរដ្ឋាភិបាលដែលមានអំណាចពេញលេញមកដោះស្រាយ។
ទន្ទឹមនេះពួកគេជំរុញឱ្យមន្ត្រីថៃ បន្តការងារ និងអំពាវនាវឱ្យមានការបោះឆ្នោតសកលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យរដ្ឋាភិបាលពេញលេញអាចបន្តគ្រប់គ្រងសេដ្ឋកិច្ចបាន ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម