រដ្ឋាភិបាលឡាវបែងចែកថវិកាជាង ១០០លានដុល្លារ

រដ្ឋាភិបាលឡាវបែងចែកថវិកាជាង ១០០លានដុល្លារ ដោះស្រាយវិបត្តិខ្វះប្រេងឥន្ធនៈ


រដ្ឋាភិបាលឡាវបានបែងចែកថវិកាកញ្ចប់ថវិកាប្រមាណជាង១០០លានដុល្លារ សម្រាប់ក្រុមហ៊ុនប្រេងក្នុងស្រុក ដើម្បីបញ្ជាទិញប្រេងពីក្រៅប្រទេស នៅចំពេលដែលប្រទេសនេះ កំពុងបន្ដជួបវិបត្តិខ្វះខាតប្រេងកាន់តែខ្លាំងឡើងៗ ខណៈដែលក្នុងមួយខែៗ ឡាវត្រូវការនាំចូលប្រេងជាមធ្យមជាង១០០លានលីត្រឯណោះ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកឡាវ The Laotian Times។
laos

ទោះបី កំពុង​ជួប​វិបត្តិ​ខ្វះខាត​ប្រេង​ក៏​ដោយ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ​ថ្មី​ៗ​នេះ ក៏​ទើបតែ​បាន​ចេញ​មុខ​ប្រកាស​ធានា​អះអាង​ក្ដែ​ង​ៗ​រួច​ហើយ​ថា រដ្ឋាភិបាល​នឹង​នៅ​តែ​អាច​មាន​សមត្ថភាព​ផ្គត់ផ្គង់​ប្រេង​បាន​គ្រប់គ្រាន់​សម្រាប់​អ្នកបើកបរ​យាន្ដ​ជំនិះ​នៅ​ទូ​ទាំង​ប្រទេស សម្រាប់​រយៈពេល​៣​ខែ​ទៀត​។

ឧបនាយករដ្ឋមន្ត្រី​ឡាវ លោក ស៊ុន​សៃ ស៊ី​ផា​ន​ដ​ន (Sonexay Siphandon) បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​សភាជាតិ​ឡាវ​ថា រដ្ឋាភិបាល​បាន​បែងចែក​នូវ​កញ្ចប់​ថវិកា​ទុក​រួច​ហើយ​ប្រមាណ​ជាង​១០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេងឥន្ធនៈ ដែល​ប្រទេស​នេះ កំពុង​ជួប​ប្រទះ​ទាក់ទង​នឹង​ការ​ខ្វះខាត​ប្រេង​សម្រាប់​ប្រើប្រាស់​។

ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​ប្រេង​នេះ​ដែរ រដ្ឋាភិបាល​ឡាវ​នៅ​ក្នុង​ខែមិថុនា បាន​នាំ​ចូល​ប្រេង​ប្រមាណ ៦០​លាន​លី​ត្រ​ហើយ ដោយ​ក្នុង​នោះ មាន​៧៥% គឺជា​ប្រេងម៉ាស៊ូត ខណៈ​ដែល​ក្រសួង​សេដ្ឋកិច្ច​ក៏​ទើបតែ​បាន​ផ្ដល់​ថវិកា​១០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បន្ដ​ទិញ​ប្រេង​ផង​ដែរ​។

បើ​តាម​លោក ស៊ុន​សៃ ប្រទេស​ឡាវ គឺ​មានការ​នាំ​ចូល​ប្រេង​ទាំងស្រុង និង​មាន​ប្រើប្រាស់​ជា​មធ្យម​ពី​ចន្លោះ​១០០ ទៅ​១២០​លាន​លី​ត្រ​ក្នុង​មួយ​ខែ​ៗ ហើយ​បើ​គិត​ជា​ឆ្នាំ គឺ​មួយ​ឆ្នាំ​មានការ​ប្រើប្រាស់​ប្រេង​ដល់​ទៅ ១​ពាន់​២​រយ​លាន​លី​ត្រ​ឯណោះ​។

ក៏​ប៉ុន្ដែ កាសែត The Vientaine Times ដែល​បាន​ស្រង់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ឡាវ Phankham Viphavanh បាន​ឲ្យ​ដឹង​ថា បើ​ផ្អែក​លើ​ទិន្នន័យ​ពី​ប្រទេស​ជិតខាង ដែល​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​មក​កាន់​ប្រទេស​ឡាវ​វិញ បង្ហាញ​ឲ្យ​ឃើញ​ថា ឡាវ​បាន​នាំ​ចូល​ប្រេង​ដល់​ទៅ​១​ពាន់​៩​រយ​លាន​លី​ត្រ​ឯណោះ​ក្នុង​មួយ​ឆ្នាំ គឺ​លើស​ពី​តួលេខ​កត់ត្រា​ដោយ​រដ្ឋាភិបាល ដល់​ទៅ​៧០០​លាន​លី​ត្រ​។ បើ​តាម​នាយក​រដ្ឋមន្ត្រី​ឡាវ ប្រេង​ទាំង​៧០០​លាន​លី​ត្រ​នេះ គឺ​ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​គេចពន្ធ​មក​កាន់​ប្រទេស​ឡាវ​ដោយ​ខុសច្បាប់​។

លោក Phankham នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​និយាយ​ចំ​ៗ​ថា បញ្ហា​នេះ គឺ​បង្ហាញ​ឲ្យ​ច្បាស់​ណាស់ គឺថា​មន្ត្រី​ពុក​រលួយ​បាន​និង​កំពុង​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​នាំ​ចូល​ប្រេង ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​នោះ​ទេ​។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​ស្ដីបន្ទោស​ទៀត​ថា រឿង​បែប​នេះ កើតឡើង​ក៏​ដោយសារ​តែ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទន់ខ្សោយ ប៉ុន្ដែ លោក​ថា រដ្ឋាភិបាល​នឹង​បន្ដ​តាមដាន​ឲ្យ​បាន​យ៉ាង​ម៉ត់ចត់​បំផុត​ចំពោះ​អ្នក​នាំ​ចូល​ប្រេង ហើយ​សហគ្រាស​រដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​នេះ នឹង​ត្រូវ​កែទម្រង់​ឡើង​វិញ​ផង​ដែរ​។

ប្រទេស​ឡាវ ត្រូវ​បាន​គេ​ដឹង​ថា មានការ​នាំ​ចូល​ប្រេង​ភាគច្រើន​បំផុត​មក​ពី​ប្រទេស​ថៃ និង​វៀតណាម​។

សូម​បញ្ជាក់​ថា ឧបនាយករដ្ឋមន្ត្រី​ឡាវ លោក ស៊ុន​សៃ ស៊ី​ផា​ដ​ន បាន​អះអាង​ថា រដ្ឋាភិបាល​បាន​បើក​ឲ្យ​មានការ​ផ្ដល់​ឥណទាន​ប្រមាណ ២០០​លាន​ដុល្លារ សម្រាប់​សហគ្រាស​ប្រេង​រដ្ឋ​របស់​ឡាវ ដើម្បី​ទិញ​ប្រេង​២០០​លាន​លី​ត្រ ដែល​អាច​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​២ ទៅ​៣​ខែ ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងចរចាទិញជីកសិកម្មពីអារ៉ាប៊ីសាអ៊ូឌីត ខណៈកំពុងប្រឈមវិបត្តិខ្វះជី និងតម្លៃកើនខ្ពស់

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មរបស់ប្រទេសថៃគ្រោងនឹងធ្វើដំណើរទៅចរចាជាមួយក្រុមអ្នកផ្គត់ផ្គង់ជីកសិកម្មនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទិញជីព…

ហេតុអ្វីការនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកទៅចិនធ្លាក់ចុះ?

ព័ត៌មាន
អាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ (LNG) ដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប ខណៈប្លុកនេះកំពុងបង្កើនការទិញឧស្ម័នពីតំបន់ផ្សេងៗ ដើម្បីជំនួសកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ