ក្រុមហ៊ុនក្នុងស្រុកប្ដេជ្ញាមិនដំឡើងថ្លៃផលិតផល

ក្រុមហ៊ុនក្នុងស្រុកប្ដេជ្ញាមិនដំឡើងថ្លៃលើផលិតផល ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋខ្មែរ


ក្រុមហ៊ុនសហគ្រាសជាច្រើននៅកម្ពុជា បានប្ដេជ្ញាមិនដំឡើងថ្លៃលើផលិតផល បើទោះបីទំនិញមួយចំនួនដែលតែងនាំចូលពីប្រទេសថៃ មានការរាំងស្ទះដោយសារការបិទច្រកទ្វារព្រំដែនដែនដោយឯកតោភាគីពីយោធាថៃ ក៏ដោយ។ ការមិនដំឡើងថ្លៃលើផលិតផលក្នុងស្រុកនេះ កំពុងទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ ខណៈថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រំពឹងថា វានឹងផ្លាស់ប្ដូរផ្នត់គំនិតពលរដ្ឋឱ្យងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស។
ក្រុមហ៊ុនក្នុងស្រុកប្ដេជ្ញាមិនដំឡើងថ្លៃផលិតផល
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បណ្ដាក្រុមហ៊ុន សហគ្រាសនៅកម្ពុជា ជាច្រើន បានសន្យា និងប្ដេជ្ញាមិនឆ្លៀតឱកាសដំឡើងថ្លៃលើផលិតផលដែលផ្គត់ផ្គង់នៅទីផ្សារ បើទោះបីការនាំចូលផលិតផលពីប្រទេសថៃ មានការរាំងស្ទះក៏ដោយ។ បើតាមថ្នាក់ដឹកនាំសម្ព័ន្ធសមាគមរូបនេះ ក្រុមហ៊ុន សហគ្រាសនៅកម្ពុជា មានសមត្ថភាពក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារបានគ្រប់គ្រាន់ ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផលនាំចូលពីបរទេសនោះទេ។

បើតាមថ្នាក់ដឹកនាំសម្ព័ន្ធសមាគម FASMEC ការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីយោធាថៃ បានធ្វើឱ្យពលរដ្ឋខ្មែរចាប់ផ្ដើមងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈបណ្ដាក្រុមហ៊ុន សហគ្រាសនានា នៅកម្ពុជា ក៏បានពង្រឹងគុណភាព និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ ជឿជាក់ថា ផលិតផលរបស់កម្ពុជា នឹងមានចរាចរកាន់តែច្រើននៅលើទីផ្សារក្នុងស្រុក និងឈានដល់ការនាំទៅកាន់ទីផ្សារនៅក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងផលិតផលក្នុងស្រុកនេះដែរ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានជួបប្រជុំជាមួយសមាជិករបស់ខ្លួនជាង១០០ក្រុមហ៊ុន សហគ្រាស ដើម្បីត្រៀមរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីបង្ហាញពីសក្ដានុពល នៃផលិតផលសំខាន់ៗរបស់កម្ពុជា សំដៅជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក។ ការជំរុញការប្រើប្រាស់ផលិតខ្មែរ និងការកាត់បន្ថយការពឹងផ្អែកលើផលិតថៃ ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំពិព័រណ៍នេះដែរ ក្រោយកម្ពុជា និងថៃ បានបិទច្រកព្រំដែនគោកទាំងស្រុងជាមួយគ្នា ដែលធ្វើឱ្យការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ត្រូវបានរាំងស្ទះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព សេង វិន




អត្ថបទបន្ទាប់


មិត្តហ្វូនផ្សព្វផ្សាយសុច្ឆន្ទៈ គាំទ្រដល់គ្រួសារក្រីក្ររាប់ពាន់នាក់ នៅតំបន់ព្រំដែនកម្ពុជា

ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានរងផលប៉ះពាល់ដោយការបិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាពសប្បុរសធម៌ភ្លាមៗនៅខេត្ត…

ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដាក់ផែនការទិញអង្ករឱ្យបាន១លាន២សែនតោនក្នុង១ឆ្នាំ ដើម្បីជួយលើកកម្ពស់ទីផ្សារស្រូវអង្ករ

ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង ពិសេសវិស័យស្រូវអង្ករ ឱ្យរក្សាបាននូវតម្លៃមួយមានស្ថិរភាព មានលំនឹងទីផ្សារច្បាស់លាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ