គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សាខាងលើ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា LG Electronics, Hanshin, ដេវូ(Daewoo) E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។
ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសកម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុន
កូរ៉េក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងថ្មី និងពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសកម្ពុជា។
ជាលទ្ធផលសំខាន់នៃកិច្ចប្រជុំ ក្រុមហ៊ុន WorldBridge Group ដែលជាអ្នកផ្តួចផ្តើមការជួបជុំអាហារពេលព្រឹកជាមួយនឹងក្រុមមេដឹកនាំធុរកិច្ចកូរ៉េបានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo E&C ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញទំនុកចិត្តលើសក្តានុពលនៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងកូរ៉េ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ កិច្ចប្រជុំបានបញ្ចប់ដោយមានការប្តេជ្ញាចិត្តជាថ្មីពីភាគីទាំងសងខាងក្នុងការស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង៕
អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ