ធនាគារចិន

បណ្ដាក្រុមហ៊ុនចិន កាន់តែពិបាកទូទាត់ទំនិញជាមួយរុស្ស៊ី ខណៈធនាគារចិនធំៗដកខ្លួនចេញដោយសារខ្លាចទណ្ឌកម្មរបស់អាម៉េរិក


ពេលនេះក្រុមហ៊ុនជាច្រើននៅប្រទេសចិន កំពុងជួបការលំបាកកាន់តែខ្លាំងឡើងក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសរុស្ស៊ី និងទូទាត់ទំនិញជាមួយប្រទេសនេះ ខណៈធនាគារធំៗរបស់ប្រទេសចិន បានដកខ្លួនឈប់ពាក់ព័ន្ធនឹងប្រតិបត្តិការទូទាត់បែបនេះ ដោយសារខ្លាចរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនាគារចិន
ដោយ

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកមួយនៅភាគខាងត្បូងប្រទេសចិន កំពុងជួបការលំបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសរុស្ស៊ី ហើយនោះមិនមែនដោយសារមានបញ្ហាណាមួយជាមួយផលិតផលទាំងនោះទេ គឺដោយសារតែធនាគារធំៗរបស់ប្រទេសចិន កំពុងដកខ្លួនចេញឈប់ពាក់ព័ន្ធនឹងប្រតិបត្តិការទូទាត់បែបនេះដោយសារការព្រួយបារម្ភខ្លាចរងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

បុរសម្នាក់មានត្រកូល វ៉ាង (Wang) ដែលជាស្ថាបនិកក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក មានមូលដ្ឋាននៅខេត្តគ័ងតុង (Guangdong) ប្រទេសចិន ខាងលើនេះបាននិយាយថា ដើម្បីទូទាត់ថ្លៃទំនិញគ្រឿងអេឡិចត្រូនិករបស់ខ្លួន ក្រុមហ៊ុនរបស់លោកកំពុងពិចារណាប្រើប្រាស់ភ្នាក់ងារប្ដូរប្រាក់ដែលសកម្មនៅតាមព្រំដែនប្រទេសចិន ជាមួយប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មជាច្រើនលើប្រទេសរុស្ស៊ី និងអង្គភាពនានារបស់រុស្ស៊ីចាប់តាំងពីប្រទេសនេះ បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ពេលនេះ ការគំរាមកំហែងនេះអាចរាលដាលទៅដល់ធនាគារនានា នៅក្នុងប្រទេសចិន ដែលក្រុងវ៉ាស៊ីន​តោនចោទប្រកាន់ថា ជាអ្នកជួយជ្រោមជ្រែងធ្វើឱ្យទីក្រុងមូស្គូ មានដង្ហើមសេដ្ឋកិច្ចរឹងមាំដើម្បីបន្តធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។

ប្រភពជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងធនាគារដែលស្និទ្ធនឹងស្ថានការណ៍នេះបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ស្ថានការណ៍នេះកំពុងបង្កបញ្ហាកាន់តែច្រើនឡើងសម្រាប់ក្រុមហ៊ុននាំចេញតូចៗរបស់ប្រទេសចិន។

ប្រភពទាំងនេះនិយាយទៀតថា ខណៈពេលដែលធនាគារធំៗរបស់ប្រទេសចិន ដកខ្លួនឈប់ពាក់ព័ន្ធប្រតិបត្តិការទូទាត់ទាក់ទងនឹងប្រទេសរុស្ស៊ី ក្រុមហ៊ុនចិន មួយចំនួនកំពុងងាកទៅរកធនាគារតូចៗនៅតាមព្រំដែន និងបណ្តាញផ្តល់ហិរញ្ញប្បទានខុសច្បាប់តូចៗដូចជាភ្នាក់ងារប្ដូរប្រាក់ជាដើម និងសូម្បីរូបិយប័ណ្ណឌីជីថលដែលត្រូវបានហាមឃាត់។ ប្រភពដដែលនិយាយថា ធនាគារផ្សេងៗទៀតបានដកខ្លួនចេញពីទីផ្សាររុស្ស៊ី ទាំងស្រុងតែម្ដងដោយសារខ្លាចរងទណ្ឌកម្ម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាតុភូតអែលនីណូទាញទម្លាក់ទិន្នផលទុរេនកំពត ឱ្យធ្លាក់ចុះ ស្របពេលតម្លៃទូរេនក៏ធ្លាក់ចុះនៅឆ្នាំនេះ

ព័ត៌មាន
ដំណាំទុរេនកំពត កំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ដែលបានបង្កឱ្យមានការខូចខាតដល់ការដាំដុះរបស់ប្រជាពលរដ្ឋជាច្រើន ពោលគឺមានផ្លែទុរេនជ…

អ្នកជំនាញដ៏ល្បីល្បាញ Robert Kiyosaki ថា សេដ្ឋកិច្ចអាម៉េរិក កំពុងធ្លាក់ចូលក្នុងវិបត្តិ ខណៈប្រាក់ដុល្លាររងសម្ពាធកាន់តែខ្លាំងពីចលនាបដិដុល្លារនីយកម្ម

ព័ត៌មាន
លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) ដែលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិនចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសអំពីយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ