Advertisement
ជី​កសិកម្ម

ជី​កសិកម្ម​ខ្ទង់​១​លាន​តោន ត្រូវ​បាន​នាំចូល​មក​កម្ពុជា ខណៈ​ដែល​ការ​ផលិត​ជី​ក្នុង​ស្រុក​ថយ​ចុះ


ស្របពេល​ដែល​កសិករ​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​នៃ​ការ​ធ្វើ​កសិកម្ម​ពី​ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី មក​កសិកម្ម​​តាម​​បែប​បច្ចេកទេស​ទំនើប តួយ៉ាង ដូចជា ការ​លក់​សត្វ​ពាហនៈ​ជំនួស​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន បាន​ជំរុញ​ឲ្យ​ការ​ផលិត​ជី​ធម្មជាតិ​ពី​លាមក​សត្វ​មាន​ការ​ថយ​ចុះ តែ​ការ​នាំចូល​ជី ពិសេស​ជី​គីមី​ពី​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។
កសិករ​ខ្មែរ​ប្រើ​ថ្នាំ​ពុល​កសិកម្ម​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
ដោយ
Advertisement

លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេដាក បាន​លើក​ឡើង​ថា តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​បាន​នាំចូល​ជី​ពី​ក្រៅ​ប្រទេស​ប្រមាណ​១​លាន​តោន ដោយ​គិត​ជា​ទឹក​ប្រាក់​មាន​រហូត​ដល់​រាប់​រយ​លាន​ដុល្លារ​ឯណោះ។ ទន្ទឹម​នឹង​នេះ សមត្ថភាព​ផលិត​ជី​កសិកម្ម​ធម្មជាតិ​របស់​ប្រជា​កសិករ​ខ្មែរ ក៏​មាន​ការ​ថយចុះ​ជាង​មុន​ផង​ដែរ ដោយសារ​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​លក់​គោ ក្របី ទិញ​គោយន្ដ​មក​ប្រើប្រាស់​ជំនួស​វិញ។

ជាមួយ​គ្នា​នេះ​ដែរ តាម​ការ​កត់​សម្គាល់​របស់​លោក ឃើញ​ថា នៅ​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​ព្រៃវែង​និង​ស្វាយរៀង ប្រជា​កសិករ​បាន​នាំគ្នា​លក់​លាមក​គោ ដែល​ជា​ជី​ធម្មជាតិ ទៅ​កាន់​ប្រទេស​វៀតណាម​និង​បាន​នាំ​គ្នា​ទិញ​ជី​គីមី​ពី​វៀតណាម​មក​ប្រើប្រាស់​លើ​ការ​ដាំដុះ​របស់​ខ្លួន​ទៅ​វិញ ដែល​នេះ​គឺ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​ជី​គីមី​បាន​និង​កំពុង​មាន​ការ​ពេញ​និយម​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​អង្គការ​សេដាក​ដដែល​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ប្រជា​កសិករ​គួរតែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ក្នុង​ការ​ជ្រើស​រើស​ជី​មក​ប្រើប្រាស់​សម្រាប់​ការ​ដាំដុះ ព្រោះ​ថា សម្រាប់​ការ​ធ្វើ​កសិកម្ម ដី​គឺ​ប្រៀប​បាន​នឹង​ម្ដាយ ខណៈ​ដែល​ដំណាំ​គឺ​ប្រៀប​បាន​នឹង​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ ដូច្នេះ ប្រសិន​បើ​ការ​ថែទាំ​និង​បំប៉ន​មិន​បាន​ត្រឹមត្រូវ នោះ​លទ្ធផល​ទទួល​បាន​ក៏​មិន​បាន​ល្អ​ប្រសើរ​ដែរ។ 

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ដែរ​ថា ការ​នាំចូល​ជី​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ តែ​យ៉ាង​ណា ខាង​ក្រសួង​ក៏​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​ត្រួត​ពិនិត្យ​លើ​គុណភាព​ជី មុន​សម្រេច​ឲ្យ​ធ្វើការ​នាំចូល ដើម្បី​អាច​ដឹង​ថា តើ​ជី​គីមី​នោះ វា​មាន​ផល​ប៉ះពាល់​ដល់​គុណភាព​ដី​ធ្ងន់ធ្ងរ​ដែរ ឬ​ទេ? មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ដាក់​លក់​នៅ​តាម​ដេប៉ូ ឬ​តូប​នីមួយៗ ក៏​ត្រូវ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ផង​ដែរ ដើម្បី​ជៀសវាង​ការ​ដាក់​លក់​ផលិត​ផល​ជី​ក្លែងក្លាយ ដែល​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ជាដើម។ 

ជុំវិញ​បញ្ហា​ជី​កសិកម្ម​នេះ​ដែរ លោក កេត កែវអមតៈ នាយក​ក្រុមហ៊ុន Bioactive Technologies ដែល​បាន​នាំចូល​ជី​និង​ថ្នាំ​កសិកម្ម​សរីរាង្គ​១៦​មុខ​ពី​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជាច្រើន បាន​នាំចូល​ជី​កសិកម្ម​ពី​ក្រៅ​ប្រទេស ដោយ​មាន​ទាំង​ជី​គីមី និង​ជី​សរីរាង្គ។ ប៉ុន្ដែ ការ​ប្រើប្រាស់​នូវ​ជី​សរីរាង្គ​របស់​ប្រជា​កសិករ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​នឹង​ការ​ប្រើប្រាស់​ជី​គីមី។ តែ​យ៉ាង​ណា លោក​ជឿ​ថា ការ​កែ​ប្រែ​មក​ធ្វើ​កសិកម្ម​បែប​សរីរាង្គ​របស់​ប្រជា​កសិករ នឹង​ជំរុញ​ឲ្យ​ការ​ប្រើប្រាស់​ជី​សរីរាង្គ​កាន់​តែ​មាន​ច្រើន​ឡើង។ 

Advertisement

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​លោក​មិន​ត្រឹមតែ​នាំចូល​ផលិតផល​ជី​មក​លក់​នោះ​ទេ តែ​ក៏​បាន​ផ្ដល់​ជា​ការ​បណ្ដុះ​បណ្ដាល​ពី​ការ​ប្រើប្រាស់​ជី និង​ថ្នាំ ជាមួយ​នឹង​ការ​អនុវត្ត​ទៅ​លើ​ដី​ស្រែ​ចម្ការ​គំរូ​ផងដែរ។ 

លោក​បន្ថែម​ទៀត​ថា លោក​សូម​លើក​ទឹក​ចិត្ត​ដល់​កសិករ​ឲ្យ​ងាក​មក​ប្រើ​ជី​សរីរាង្គ​សម្រាប់​ដាំ​ដុះ​ដំណាំ​វិញ។ ហើយ​ប្រសិន​បើ​ប្រជាកសិករ ដែល​ធ្លាប់​តែ​ប្រើប្រាស់​ជី​គីមី ចង់​ងាក​មក​ប្រើ​ជី​សរីរាង្គ​វិញ គឺ​មិន​មាន​អ្វី​លំបាក​នោះ​ទេ។ 

សូម​ជម្រាប​ដែរ​ថា បើ​តាម​អ្នក​ជំនាញ​ផ្នែ​កសិកម្ម​ជា​ច្រើន បាន​អះអាង​ថា បច្ចុប្បន្ន ការ​ដាំដុះ​ដំណាំ​សរីរាង្គ​បាន​និង​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​កសិផល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ផលិត​ផល​កសិកម្ម​មួយ​ដែល​មាន​ទីផ្សារ​ធំ និង​អាច​ប្រកួត​ប្រជែង​ដើម្បី​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។ តួយ៉ាង ដំណាំ​ស្រូវ​សរីរាង្គ​ដែល​ដាំ​ដុះ​នៅ​ខេត្ត​ព្រះវិហារ កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ ខណៈ​ដែល​តម្លៃ​របស់​វា​ក៏​​ខ្ពស់​​ផងដែរ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខណ្ឌ​សែនសុខ មាន​កំណើន​អគារ​ពាណិជ្ជកម្ម ខុនដូ និង​បុរី​យ៉ាង​ច្រើន​ស្អេកស្កះ

ព័ត៌មាន
តំបន់​ខណ្ឌ​សែនសុខ ភាគ​ខាង​លិច​រាជ​ធានី​ភ្នំពេញ ដែល​ធ្លាប់​ជា​បឹង​និង​ដី​ទំនេរ​ចោល ត្រូវ​បាន​ប្រែ​មុខ​មាត់​ថ្មី​នៅ​មួយ​រយៈពេល​ចុង...

អាហារដ្ឋានជនជាតិដើមភាគតិច​បង្ហាញវត្តមានជាលើកដំបូងនៅភ្នំពេញ

ព័ត៌មាន
នៅពេលលោកអ្នកចង់ពិសារអាហារជនជាតិដើមភាគតិច លោកអ្នក ច្បាស់ជាគិតថា ទាល់តែធ្វើ ដំណើរទៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលសម្បូរដោយជនជាតិដើមភ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ