ការចាក់វ៉ាក់សាំងដូសទី៣

តើប្រទេសណាខ្លះហើយ ដែលកំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ?


ប្រឈមមុខនឹងការកើនឡើង នៃចំនួនអ្នកឆ្លង ដែលបណ្តាលមកពីការរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩បំប្លែងខ្លួនប្រភេទ ឌែលតា ហើយបូករួមនឹងការព្រួយបារម្ភថា ភាពស៊ាំដែលបង្កើតឡើងដោយវ៉ាក់សាំង អាចនឹងធ្លាក់ចុះទៅតាមពេលវេលាផងដែរនោះ គេសង្កេតឃើញថា មានប្រទេសកាន់តែច្រើនឡើងៗ ពិសេសប្រទេសអ្នកមាន ដែលសម្បូរទៅដោយវ៉ាក់សាំង បាននិងកំពុងពិចារណាថា នឹងត្រូវផ្តល់ថ្នាំវ៉ាក់សាំងដូសបន្ថែម ដល់អ្នកដែលបានចាក់ទាំងពីរដូសរួច ខណៈប្រទេសខ្លះទៀតបាននិងកំពុងចាក់ដូសជំរុញនេះរួចទៅហើយ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។
នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣

ក្រៅ​តែ​ពី​ប្រទេស​កម្ពុជា​យើង​ដែល​សម្រុក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ តើ​មាន​ប្រទេស​ណាខ្លះ​ហើយ ដែល​កំពុង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​នេះ?

គេ​សង្កេត​ឃើញ​ថា ប្រទេស​អ៊ី​ស្រា​អែ​ល បារាំង អា​ល្លឺ​ម៉​ង់ រុ​ស្សី និង បណ្តា​ប្រទេស​អ្នកមាន​ដោយសារ​ប្រេង​មួយ​ចំនួន​ទៀត​នៅ​មជ្ឈិមបូព៌ា ដូច​ជា បា​រ៉ែ​ន និង អា​រ៉ាប់​រួម ជាដើម សុទ្ធសឹងតែ​ជា​ប្រទេស​អ្នកមាន ដែល​កំពុង​សម្រុក​ចាក់​វា់ក់​សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត កំពុង​ពិចារណា ផ្តល់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​ដូច​គ្នា​ដែរ ដែល​ថ្មី​ៗ​នេះ​ក្រសួងសុខាភិបាល​ចក្រ​អង់គ្លេស​បាន​បង្ហើប​ថា ប្រទេស​របស់​ខ្លួន​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ចាប់ពី​ខែកញ្ញា​ខាង​មុខ​នេះ​តទៅ​។ ដោយឡែក អ្នកជំនាញ​សុខាភិបាល​របស់​សហរដ្ឋអាមេរិក​វិញ ក៏​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋបាល​លោក ចូ បៃ​ឌិន គិតគូរ​ពី​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​នេះ ឲ្យ​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ផង​ដែរ ស្រប​ពេល​ដែល​ករណី​ឆ្លង​នៅ​អា​មេ​រិ​ក​កំពុង​កម្រើក​ឡើង​វិញ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។

ចុះ​សួរ​ថា ក្រៅពី​ប្រទេស​អ្នកមាន តើ​មាន​ប្រទេស​ណា​ទៀត​ដែល​កំពុង​គិតគូរ​ពី​ការ​ចាក់​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ​នេះ?

ក្រៅពី​ប្រទេស​អ្នកមាន ប្រទេស​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន ក៏​កំពុង​ពិចារណា ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ដូច​គ្នា​ដែរ ហើយ​សូ​ម្បី​តែ​ចិន​ខ្លួនឯង​ផ្ទាល់​ហ្នឹង ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ចាក់​វ៉ាក់សាំង​ជាង ១​ពាន់​៨​រយ​លាន​ដូ​ស​ហើយ​នោះ ក៏​កំពុង​សិក្សា​ពី​ការ​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ដោយ​ប្រើ​វ៉ាក់សាំង​ប្រភេទ​ផ្សេង​ដូច​គ្នា​ដែរ​។

ដំបូង​យើង​ក្រឡេក​មក​មើល​ប្រទេស​ថៃ ខាង​កម្ពុជា​យើង​ឯណេះ​វិញ​! ថៃ​គ្រោង​នឹង​ប្រើប្រាស់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន AstraZeneca និង Pfizer ដើម្បី​ជា​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ដល់​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​របស់​ខ្លួន ដែល​កន្លង​មក​បាន​ទទួល​ថ្នាំ​វ៉ាក់សាំង Sinovac រួច​ហើយ​។ 

ដោយឡែក សមាគម​គ្រូពេទ្យ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ឯណោះ​វិញ កាលពី​ស​ប្តា​ហ៍​មុន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល លោក ចូ​កូ វី​ដូ​ដូ ឱ្យ​មានការ​ចាក់​ថ្នាំ​បង្ការ​កូ​វី​ដ​១៩​ដល់​បុគ្គលិក​សុខាភិបាល​បន្ថែម​ទៀត បន្ទាប់​ពី​មាន​បុគ្គលិក​ពេទ្យ​ខ្លះ បាន​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់ បើ​ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ពេញលេញ​ហើយ​ក៏​ដោយ ស្រប​ពេល​ដែល​ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​ជា​ប្រទេស​មានការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩​ខ្លាំង​ជាងគេ​ដដែល​នៅ​ក្នុង​តំបន់​អាស៊ាន​។

ចំណែកឯ រដ្ឋាភិបាល​សិង្ហ​បុរី វិញ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ច្រើន​ជាងគេ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ដែរ​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហើប​បង្ហាញ​ពី​ផែនការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ យ៉ាង​យូរ​នៅ​ដើមឆ្នាំ​២០២២ ឬ ចុងឆ្នាំ​ក្រោយ​។

សូ​ម្បី​តែ​ប្រទេស​ចិន ដែល​បាន​ចាក់​វ៉ាក់សាំង​អស់​ចំនួន​ជាង ១​ពាន់​៨​រយ​លាន​ដូ​ស​ហើយ​នោះ ក៏​កំពុង​សិក្សា​និង​វាយតម្លៃ​ពី​អត្ថប្រយោជន៍​នៃ​ការ​ចាក់​ដូ​ស​ទី​៣ ផង​ដែរ​។ បើ​តាម​ប្រភព​ពី​រដ្ឋ​ចិន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន រ៉​យ​ទ័​រថា បច្ចុប្បន្ន​ចិន​កំពុង​ត្រួតពិនិត្យ​លើ​វ៉ាក់សាំង Pfizer-BioNTech ដើម្បី​សុំ​ការ​អនុញ្ញាត ឲ្យ​ប្រើប្រាស់ សម្រាប់​ជា​ដូ​ស​ជំរុញ​ផង​ដែរ​។

គួរ​កត់សម្គាល់​ត្រង់​កន្លែង​នេះ​បន្តិច​ដែរ​ថា កម្ពុជា​យើង​អាច​ចាត់​ទុក​ថា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន ដោយ​បាន​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca សម្រាប់​ចាក់​បន្ថែម​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ឬ Sinopharm ពី​មុន​មក​។ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១១ ខែសីហា កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឬ​ដូ​ស​ទី ៣ ប្រមាណ​ជាង ១០​ម៉ឺន​នាក់​ហើយ​។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​។

សូម​បញ្ជាក់​ថា ទន្ទឹម​នឹង​ផែនការ ក៏​ដូច​ជា​សកម្មភាព​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO លោក តេ​ត្រូ​ស កាលពីដើម​ខែសីហា នេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ដែល​កំពុង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​បន្ថែម​ដល់​ប្រជាជន សូម​ឲ្យ​ផ្អាក​ការ​ចាក់​នេះ​សិន យ៉ាង​ហោច​ណាស់​ដល់​ចុងខែ​កញ្ញា​ឆ្នាំ​នេះ​។ ការ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដូ​ស​បន្ថែម​នេះ គឺ​មាន​គោលបំណង ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​ប្រទេស​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​វ៉ាក់សាំង​ប្រើប្រាស់ បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ធម្មតា​ដល់​ពលរដ្ឋ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១០%​សិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ថាករណីឆ្លងកូវីដ-១៩នឹងបន្តកើនឡើងបន្ថែម ១០០ លានករណីទៀតនៅឆ្នាំ២០២២

ព័ត៌មាន
បើគិតចាប់តាំងពីមានវត្តមានកូវីដ១៩មក ពិភពលោកបានទទួលការគំរាមគំហែងយ៉ាងខ្លាំង ខណៈមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងពិភពលោកកើនរហ…

រដ្ឋាភិបាលចិនត្រៀមបង្កើតសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីគ្រប់គ្រងក្រុមហ៊ុនគ្រាក់ៗ

ព័ត៌មាន
ប្រទេសចិននឹងធ្វើសេចក្តីព្រាងច្បាប់ថ្មីៗ ស្តីអំពីសន្តិសុខជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា ច្បាប់ប្រឆាំងនឹងការធ្វើអាជីវកម្មផ្តាច់មុខជាដើម។ ការបង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ