វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម

គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ តម្លៃ២០០លានដុល្លារ គ្រោងសាងសង់នៅឆ្នាំក្រោយ


គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPCL) ត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គម្រោង ដែលមានតម្លៃប្រមាណ២រយលានដុល្លារនេះ នឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល ដោយក្នុងនោះ ដំណាក់កាលទី១ នឹងត្រូវចាប់ផ្ដើមឡើងនៅឆ្នាំ២០២៣ និងអាចបញ្ចប់នៅឆ្នាំ២០២៥។ គម្រោងនេះ ត្រូវបានបង្កើតដើម្បីរួមចំណែកជួយអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជាឲ្យកាន់តែល្អប្រសើរ ក៏ដូចជា ដើម្បីតភ្ជាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងលើពិភពលោក។
photo_2022-11-11_17-11-07 (2)
ដោយ

ថ្លែងនាឱកាសបើកសម្ពោធដាក់បង្ហាញគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាផ្លូវការនៅសណ្ឋាគារសុខា នារសៀលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម គឺជាវិស័យពីរដែលមានភាពប្រទាក់ក្រឡាគ្នា និងជាឆ្អឹងខ្នង ហើយក៏ជាកម្លាំងជំរុញការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ រួមចំណែកដល់ផលិតភាព និងកំណើនសេដ្ឋកិច្ច។ PPLC ជួយពង្រឹងការតភ្ជាប់វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោកផងដែរ។

បើតាមការគូសបញ្ជាក់របស់លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍគម្រោងនេះ​។ បើតាមការបញ្ជាក់របស់​លោក Robert គម្រោងនេះនឹងសាងសង់ឡើងជា៣ដំណាក់កាល ជាមួយទុនវិនិយោគប្រមាណ២រយលានដុល្លារអាមេរិក ហើយដំណាក់កាលទី ១​នឹងត្រូវចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣ និងគ្រោងបញ្ចប់​នៅឆ្នាំ២០២៥ ប៉ុន្ដែ មិនបាន​បញ្ជាក់អំពីទីតាំងជាងក់លាក់​របស់គម្រោងនេះនៅឡើយទេ។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សិង្ហបុរីរូបនេះបានគូសបញ្ជាក់ថា គោលបំណងនៃការសាងសង់គម្រោងនេះ គឺដើម្បីសម្រេចឲ្យ​បាននូវការតភ្ជាប់​ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម​រវាងប្រទេសកម្ពុជា​ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសរវាងកម្ពុជាសិង្ហបុរី និងកម្ពុជាតែម្តង។ អ្នកជំនាញរូបនេះរំពឹងថា គម្រោង​នេះ នឹងក្លាយ​ជាកម្លាំងចលករដ៏សំខាន់មួយ​ក្នុងការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភ័ស្តុភារកម្មសម្រាប់អាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាព​ប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាល​អ្នកមានទេពកោសល្យក្នុងស្រុក ដើម្បីលើកកម្ពស់ស្តង់ដារ​សម្រាប់ឧស្សាហកម្ម​ខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា។

ជាមួយគ្នានេះឯកឧត្ដមទេសចរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជឿជាក់ថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសក្នុងតំបន់ និងក្នុងចំណោមប្រទេសមហាអនុតំបន់មេគង្គ GMS ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយ រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែទឹកជ្រៅ និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ហើយវាក៏នឹងបង្កើតជាប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង រួមបញ្ចូលទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group មានប្រសាសន៍ថា «យើងមានអំណរគុណចំពោះក្រុមហ៊ុន YCH Group ដែលបាននាំយកគម្រោងដ៏ប្រពៃនេះមកកម្ពុជា។ គម្រោងនេះនឹងល្អសម្រាប់ការអភិវឌ្ឍប្រទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ»។

សូមបញ្ជាក់ថា ក្រុមហ៊ុន YCH Group គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់សិង្ហបុរី ដែលផ្តល់ដំណោះស្រាយលើខ្សែ សង្វាក់ផ្គត់ផ្គង់ពីដើមដល់ចប់ ជាដៃគូរដល់ក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោកនៅទូទាំងទីក្រុងជាង ១០០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសថា នឹងបន្ដគាំទ្រយន្ដការជួយប្រទេសក្រីក្រពាក់ព័ន្ធការប្រែប្រួលអាកាសធាតុតែអត់បញ្ចេញលុយជំនួយឡើយ

ព័ត៌មាន
បេសកជនផ្នែកអាកាសធាតុរបស់ប្រទេសចិនលោក ជា ជិនហ័រ (Xie Zhenhua) បាននិយាយកាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP27 នៅទីក្…

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

ព័ត៌មាន
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ គឺជាកម្មវិធីពិព័រណ៍បច្ចេកវិទ្យាដំបូង និងធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ