
ក្រុមហ៊ុនបញ្ចុះបញ្ចូលមួយរបស់ក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងមួយដែលមានតម្លៃ៣លានដុល្លារក្នុងមួយឆ្នាំ ជាមួយក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ា ដើម្បីជួយប្រទេសនេះកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឡើងវិញ។ យោងតាមឯកសារផ្លូវការបង្ហាញថា ក្រុមហ៊ុនឡប់ប៊ី របស់សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា DCI Group បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែកក្កដា ជាថ្ងៃដែលយោធាមីយ៉ាន់ម៉ា បានផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយជនស៊ីវិលនៅមុនការបោះឆ្នោតដែលបានគ្រោងទុក។
គួររំឭកថា ប្រមុខយោធា គឺនាយឧត្ដមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅឆ្នាំ២០២១ ហើយនៅឆ្នាំនោះ អ្នកឡប់ប៊ីម្នាក់ជាជនជាតិកាណាដា ដើមកំណើតអ៊ីស្រាអែល ដែលយោធាបានជួលឱ្យធ្វើជាតំណាងរបស់ខ្លួននៅទីក្រុងវ៉ាស៊ីន តោន និងរដ្ឋធានីផ្សេងទៀតបាននិយាយថា គាត់បានលាឈប់ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក លើបណ្ដាឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា បានធ្វើឱ្យគាត់ឈប់ទទួលបានប្រាក់ខែ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់មីយ៉ាន់ម៉ា មិនទាន់បានផ្លាស់ប្តូរតុល្យភាពអំណាចនៅឡើយទេ ដោយលោក មីន អ៊ុង ឡាំង (Min Aung Hlaing) នៅតែជាប្រធានាធិបតីស្តីទី និងជាមេទ័ពនៅឡើយ។
បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពឯកោអស់រយៈពេលជាច្រើនឆ្នាំ លោក មីន អ៊ុង ឡាំង (Min Aung Hlaing) បានស្វះស្វែងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ហើយនៅពេលលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធថ្មីលើទំនិញនាំចេញរបស់មីយ៉ាន់ម៉ា លោក Min Aung Hlaing បានសរសើរលោក ដូណាល់ ត្រាំ ដោយស្នើសុំឱ្យលោកបញ្ចុះអត្រាពន្ធ និងដកទណ្ឌកម្ម ហើយបានស្នើសុំបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕
ដោយ: តែម សុខុម