ប្រមុខអង្គការណាតូ

តើអ្វីទៅជាមូលហេតុនៅពីក្រោយខ្នងនៃការពន្យារអាណត្តិរបស់ប្រមុខអង្គការណាតូ?


មេដឹកនាំកំពូលដែលផុតអាណត្តិ នៃអង្គការសម្ព័ន្ធយោធាណាតូនឹងបន្តកាន់តំណែងកំពូលនេះមួយឆ្នាំទៀត «នៅក្នុងពិភពលោកមួយកាន់តែគ្រោះថ្នាក់»។ អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាអាត្លង់ទិចខាងជើង ដែលគេស្គាល់ថាអង្គការណាតូ គឺ លោក ចេន ស្តូលថេនប៊ឺក នឹងបន្តក្នុងមុខតំណែងកំពូលដឹកនាំអង្គការសម្ព័ន្ធយោធាណាតូ ដែលមាន ៣១ប្រទេសនេះ រយៈពេលជាងមួយឆ្នាំទៀត ពោលគឺរហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់អង្គការណាតូកាលពីថ្ងៃអង្គារ ដែលបានចេញផ្សាយនៅលើសារព័ត៌មាន យូអេសអេ ធូដេ ។
ប្រមុខអង្គការណាតូ បន្តតំណែង១ឆ្នាំទៀត ដើម្បីជួយអ៊ុយក្រែន

តើអ្វីទៅជាមូលេហតុនៅពីក្រោយនៃការពន្យាអាណត្តិរបស់ប្រមុខណាតូ?

បើផ្អែកតាមសេចក្ដីប្រកាសរបស់អង្គការណាតូ ការពន្យាអាណត្តិរបស់លោក ស្តូលថេនប៊ឺក គឺរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ តាមការពិតទៅ ថ្ងៃដែលផុតអាណត្តិរបស់ប្រមុខដឹកនាំណាតូ លោក ស្តូលថេនប៊ឺក បានមកដល់តាំងពីឆ្នាំមុនមកម៉្លេះ ប៉ុន្តែសម្ព័ន្ធមិត្តបានឯកភាពគ្នាអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីន័រវេសរូបនេះ បន្តមុខតំណែងជាប្រធានណាតូតទៅទៀត ដើម្បីបញ្ចៀសការផ្លាស់ប្តូរអ្នកដឹកនាំនៅដើមទី នៃការលុកលុយពេញទំហឹងរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីឆ្នាំមុន។

នៅឆ្នាំនេះ ការសម្រេចចិត្តបន្តអាណត្តិរបស់លោក ស្តូលថេនប៊ឺក ឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់សមាជិកអង្គការណាតូក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីអ្នកស្នងតំណែងរបស់លោក ក្នុងការដឹកនាំសម្ព័ន្ធភាពយោធាទាំង៣១ប្រទេស។ ដើម្បីធ្វើការតែងតាំងតំណែងកំពូលនេះ ប្រទេសជាសមាជិកទាំងអស់ត្រូវតែធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ ប៉ុន្តែជាក់ស្តែងអង្គការណាតូហាក់បីដូចជាមិនអាចស្វែងរកជំហររួមលើបេក្ខភាពដែលស័ក្តិសមសម្រាប់ទទួលតំណែងប្រធានណាតូ បន្តពីលោក ស្តូលថេនប៊ឺក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ លោក ចេន ស្កូលថេនប៊ឺក បាននិយាយថា គាត់ពិតជាមានកិត្តិយសណាស់ចំពោះការសម្រេចចិត្តរបស់អង្គការណាតូ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិករវាងអឺរ៉ុប និងអាមេរិកខាងជើង បានធានាសេរីភាព និងសន្តិសុខរបស់យើងអស់រយៈពេលជិត៧៥ឆ្នាំមកហើយ ហើយនៅក្នុងពិភពលោកដែលកាន់តែគ្រោះថ្នាក់ជាងមុន សម្ព័ន្ធភាពដ៏អស្ចារ្យរបស់យើងមានសារៈសំខាន់ជាងពេលណាៗទាំងអស់»។

ទន្ទឹនឹងនេះដែរ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានថ្លែងទទួលស្វាគមន៍ការសម្រេចចិត្តបន្តតំណែងរបស់លោក ស្តូលថេនប៊ឺក ជាអ្នកដឹកនាំអង្គការសម្ព័ន្ធយោធាណាតូ ។ លោក ចូ បៃដិន បានអះអាងយ៉ាងដូច្នេះថា៖ «ជាមួយនឹងភាពជាអ្នកដឹកនាំដ៏នឹងន, បទពិសោធន៍ និងសុភវិនិច្ឆ័យរបស់អគ្គលេខាធិការ ស្តូលថេនប៊ឺក បាននាំសម្ព័ន្ធភាពរបស់យើងឆ្លងកាត់បញ្ហាប្រឈមដ៏ចម្បងៗបំផុតនៅក្នុងវិស័យសន្តិសុខអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក»។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា៖ «សព្វថ្ងៃនេះ សម្ព័ន្ធភាពរបស់យើងគឺកាន់តែរឹងមាំឡើង កាន់តែរួបរួមគ្នាខ្លាំងឡើង និងមានកម្មវត្ថុច្បាស់លាស់ជាងពេលមុនទៅទៀត»។

ក្នុងការប៉ុនប៉ងតែងតាំងអ្នកស្នងតំណែងលោក ស្តូលថេនប៊ឺក, សមាជិកអង្គការណាតូជាច្រើនបានតស៊ូមតិឱ្យដាក់បេក្ខនារីម្នាក់ គឺនាយករដ្ឋមន្ត្រីដាណឺម៉ាក់ លោកស្រី មិត ហ្វ្រេដឺរីកសេន (Mette Frederiksen)។ លោកស្រីបានធ្វើទស្សនកិច្ចនៅសេតវិមានក្នុងខែមុន ហើយបានជួបលោក ចូ បៃឌិន ក្នុងជំនួបមួយដែលអ្នកផ្សេងៗយល់ថាសម្រាប់ឱ្យលោក បៃឌិន សម្ភាស។ បន្ទាប់មកគឺនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក់ រុត (Mark Rutte) និង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ុន ឌើ ឡីយិន (Ursula von der Leyen) ក៏បានលេចឡើងជាបេក្ខជនសម្រាប់ដឹកនាំអង្គការណាតូដែរ។ ហើយចុងក្រោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស្ស៊ី ស៊ូណាក់ បានធ្វើទស្សនកិច្ចនៅសេតវិមានដែរ ហើយបានស្នើសុំតែងតាំងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក បិន វ៉ល្លេស ឱ្យដឹកនាំអង្គការណាតូនោះដែរ។ ទីបំផុត អង្គការណាតូបានសម្រេចពន្យាអាណត្តិរបស់លោក ស្តូលថេនប៊ឺក ទៅវិញ គឺឱ្យបន្តដឹកនាំសម្ព័ន្ធភាពយោធាដែលនាយករដ្ឋមន្ត្រីអង់គ្លេសយល់ឃើញថាប្រឈមមុខនឹងការគំរាមកំហែងថ្មីៗ និង ដែលបានគាំទ្រអ៊ុយក្រែនយ៉ាងម៉ឺងម៉ាត់។ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានអះអាងអំពីការបន្តធ្វើការជាមួយលោក ស្តូលថេនប៊ើក ឲ្យកាន់តែប្រសើរថែមទៀត។

ការប្រកាសរបស់អង្គការណាតូអំពីការពន្យាអាណត្តិរបស់លោក ស្តូលថេនប៊ឺក បានកើតឡើងមួយសប្តាហ៍មុនពេលដែល លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏ដូចជាមេដឹកនាំប្រទេសសមាជិកផ្សេងៗទៀត រួមជាមួយលោក ស្តូលថេនប៊ឺក ផង នឹងត្រូវប្រមូលផ្តុំគ្នានៅរដ្ឋធានីវីលនៀស (Vilnius) ប្រទេស លីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនៅឆ្នាំនេះ។ កិច្ចពិភាក្សាត្រូវបានរំពឹងថានឹងផ្តោតទៅលើការបង្កើនការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបន្ថែមទៀត នៅចំពោះមុខសង្គ្រាមទប់ទល់នឹងរុស្ស៊ី៕




អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងព្រមានចាត់វិធានការចំពោះអ្នកផ្តល់កម្ចីខុសច្បាប់

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និង…

ឥណ្ឌូនេស៊ីបើកការស៊ើបអង្កេតលើការនាំចេញរ៉ែនីកែលខុសច្បាប់តម្លៃជិត១ពាន់លានដុល្លារទៅចិន

ព័ត៌មាន
អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតលើការនាំចេញរ៉ែនីកែលដោយខុសច្បាប់ទៅកាន់ប្រទេសចិន ក្នុងបរិមាណ៥លាន៣សែនតោន ដែលមានតម្លៃរហូតដល់ទៅជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ