ជំនួយយោធាណាតូសម្រាប់អ៊ុយក្រែននាំសង្គ្រាមលោកលើកទី៣ឱ្យខិតកាន់តែជិត

អតីតប្រធានាធិបតីរុស្ស៊ីថ្លែងថា ជំនួយយោធាណាតូសម្រាប់អ៊ុយក្រែននាំសង្គ្រាមលោកលើកទី៣ឱ្យខិតកាន់តែជិត


លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅល្ងាចថ្ងៃអង្គារថា ការកើនឡើងនៃជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ពីសម្ព័ន្ធមិត្តក្នុងអង្គការណាតូ ជំរុញឱ្យសង្គ្រាមលោកលើកទី៣កាន់តែខិតជិតមកដល់ ហើយថាជំនួយទាំងនោះមិនអាចរារាំង«ប្រតិបត្តិការយោធាពិសេស»របស់រុស្ស៊ីនៅអ៊ុយក្រែនទេ។
អតីតប្រធានាធិបតីរុស្ស៊ីថ្លែងថាជំនួយយោធាណាតូសម្រាប់អ៊ុយក្រែននាំសង្គ្រាមលោកលើកទី៣ឱ្យខិតកាន់តែជិត

ការលើកឡើងរបស់លោក Medvedev នៅចំថ្ងៃទី១នៃកិច្ចប្រជុំកំពូលអង្គការណាតូ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានប្រកាសផ្ដល់ជំនួយសព្វាវុធនិងហិរញ្ញវត្ថុថ្មីៗឱ្យកងទ័ពអ៊ុយក្រែនវាយបណ្ដេញរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ការកើនឡើងនៃជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ពីសម្ព័ន្ធមិត្តណាតូ ជំរុញឱ្យសង្គ្រាមលោកលើកទី៣កាន់តែខិតជិតមកដល់។

ការអត្ថាធិប្បាយបែននេះបានកើតឡើងចំថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង វីលនៀស ប្រទេសលីទុយអានី។ ទីនោះជាកន្លែងដែលប្រទេសសមាជិកណាតូមួយចំនួនបានសន្យាផ្តល់ជំនួយផ្នែកសព្វាវុធ និងហិរញ្ញវត្ថុបន្ថែមទៀតឱ្យប្រទេសអ៊ុយក្រែន។ លោក Medvedev បាននិយាយថា ជំនួយរបស់ពួកគេនឹងមិនរារាំងរុស្ស៊ីមិនឱ្យសម្រេចបានតាមគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនទេ។

លោក Medvedev បានសរសេរតាមកម្មវិធី Telegram ក្នុងន័យដើមថា៖ "លោកខាងលិចដែលឆ្កួតទាំងស្រុង មិនអាចមានគំនិតអ្វីផ្សេងទៀតទេ។ ... តាមពិត វាជាទីបញ្ចប់មរណៈហើយ។ សង្គ្រាមលោកលើកទី៣កាន់តែខិតជិតមកដល់ហើយ"។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានបន្តថា៖ "តើទាំងអស់នេះមានន័យយ៉ាងណាសម្រាប់ពួកយើង? អ្វីៗគ្រប់យ៉ាងគឺជាក់ស្តែងណាស់។ ប្រតិបត្តិការយោធាពិសេសនឹងបន្តជាមួយនឹងគោលដៅដដែល"។

ប្រទេសរុស្ស៊ីហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា "ប្រតិបត្តិការយោធាពិសេស" ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែននិងសម្ព័ន្ធមិត្តនិយាយថា រដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើសង្គ្រាមដោយអយុត្តិធម៌ ដើម្បីដណ្តើមយកទឹកដី និងត្រួតត្រាប្រទេសជិតខាង។

លោកខាងលិចនិយាយថា ខ្លួនចង់ជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាម ហើយមហាអំណាចបស្ចិមលោកបានផ្គត់ផ្គង់សព្វាវុធទំនើបៗ និងគ្រាប់រំសេវយ៉ាងច្រើនឱ្យអ៊ុយក្រែន។ មុនកិច្ចប្រជុំកំពូលណាតូបន្តិច ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រកាសថា ខ្លួននឹងផ្គត់ផ្គង់គ្រាប់បែកចង្កោមដែលអង្គការសហប្រជាជាតិនិងប្រទេសជាង១០០ ហាមឃាត់ ឱ្យទៅកងទ័ពអ៊ុយក្រែន។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា រដ្ឋាភិបាលលោកនឹងចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែនដែរ បន្ទាប់ពីមានការប្រកាសស្រដៀងគ្នាដោយចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះ ប្រទេសអាឡឺម៉ង់បានប្រកាសជំនួយថ្មីដែលមានតម្លៃ ៧០០ លានអឺរ៉ូ រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស ផាទ្រីយ៉ូត ចំនួនពីរ និងរថក្រោះ ព្រមទាំងយានយន្តប្រយុទ្ធជាច្រើនទៀត៕




អត្ថបទបន្ទាប់


ណាតូបង្ហាញច្បាស់ថា«អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយណាតូ» ខណៈលោកហ្សេលេនស្គីខកចិត្តយ៉ាងខ្លាំងថា មិនដឹងពេលណា

ព័ត៌មាន
ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ប្រទេសលីទុយអានី មេដឹកនាំណាតូបានសម្រេចចេញសេចក្តីប្រកាសមួយថា «អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅជាមួយសម្ព…

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងដែលមានសភាពជាង២០នាក់ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ