ទីភ្នាក់ងារព័ត៌មាន Onlinekhabar របស់នេប៉ាល់ បានបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅត្រើយខាងភាគីចិន ដែលថតបានទិដ្ឋភាពដ៏រន្ធត់តក់ស្លុតដោយផ្ទាំងទន្លេភក់ និងកម្ទេចកម្ទីសំណង់ដ៏ធំសម្បើមបានបុកកម្ទេចអគារកម្ពស់៥ជាន់ឱ្យរលំដួលរលំមួយរំពេចកាលពីព្រឹកថ្ងៃទី២៦ ខែសីហា។ រលកភក់ដ៏ធំសម្បើមនេះបានលេបត្របាក់អគារទាំងមូល ខណៈហ្វូងមនុស្សរាប់សិបនាក់បានរត់ប្រសេចប្រសាច ដើម្បីគេចពីគ្រោះថ្នាក់រៀងៗខ្លួន។ កម្លាំងទឹកលាយឡំជាមួយភក់បក់បោកដ៏សាហាវនោះ បានកួចយករថយន្តក្រុង និងរថយន្តតូចៗអណ្តែតទៅជាមួយគួរឱ្យរន្ធត់។
លោក ស៊ូនីល ឡាមសាល (Sunil Lamsal) រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនេប៉ាល់បានគូសបញ្ជាក់ថា ទឹកជំនន់លាយឡំល្បាប់ភក់ដ៏កាចសាហាវ ដែលបានបុកផ្ទុះចេញពីទីបេធ្លាក់មកលើនេប៉ាល់តាមទន្លេ បូតេ ខូស៊ី បានវាយប្រហារស្រុករ៉ាស៊ូវ៉ា និងតំបន់ជុំវិញឱ្យខ្ទេចខ្ទាំយ៉ាងដំណំ។ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធគិតជាប្រាក់មានរហូតដល់២០០ពាន់លានរូពី ឬប្រមាណ ១,៣ពាន់លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះនាយកដ្ឋានផ្លូវថ្នល់នេប៉ាល់បានឱ្យដឹងថា ចរន្តទឹកបក់បោកតាមប្រព័ន្ធទន្លេ បូតេ ខូស៊ី និងទ្រីស៊ូលី បានផ្តាច់ស្ពានយ៉ាងហោចណាស់១៩កន្លែង និងបំផ្លាញផ្លូវថ្នល់ប្រវែងប្រមាណ៤០គីឡូម៉ែត្រ។ ក្រសួងបញ្ជាក់ថា នេះគ្រាន់តែជាតួលេខវាយតម្លៃបឋមប៉ុណ្ណោះ ខណៈស្ពានជាច្រើនទៀតកំពុងប្រឈមនឹងការបាក់រលំជាបន្តបន្ទាប់។ បន្ថែមលើនេះអាជ្ញាធរអគ្គិសនីនេប៉ាល់ បានរាយការណ៍ថា ទឹកជំនន់បានវាយប្រហាររោងចក្រវារីអគ្គិសនីធំៗចំនួន៣កន្លែង និងអនុស្ថានីយអគ្គិសនីកម្លាំង២២០គីឡូវ៉ាត់ឱ្យខូចខាតទាំងស្រុង ដែលធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីទូទាំងស្រុករ៉ាស៊ូវ៉ា និងតំបន់ជុំវិញនោះត្រូវកាត់ផ្តាច់ និងងងឹតសូន្យសុង។
ទោះបីជាមូលហេតុពិតប្រាកដនៃមហន្តរាយនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់យ៉ាងណាក្តី ប៉ុន្តែក្រុមអ្នកជំនាញធរណីវិទ្យា និងជលសាស្ត្រអាម៉េរិកបានវាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីសណ្ឋានដីចោទខ្លាំងនៃជួរភ្នំទីបេ បង្កឱ្យមានការបាក់ស្រុតដី និងផ្ទាំងទឹកកក ធ្លាក់ចូលទន្លេហិម៉ាឡៃយ៉ា។ បន្ទាប់មកវាបានបង្កើតជាទន្លេភក់ហូរធ្លាក់ចុះមកបុកទម្លុះទីក្រុង និងជ្រលងភ្នំក្នុងល្បឿនលឿនដូចផ្លេកបន្ទោរ ដែលស្ទើរតែមិនអាចទស្សន៍ទាយដឹងមុន ដែលធ្វើឱ្យមនុស្សពិបាកគេចផុត៕