សេដ្ឋកិច្ច​

ការបើកដំណើរការអាជីវកម្មក្នុងតំបន់សេដ្ឋកិច្ច KERRY WORLDBRIDGE នឹង​ទាញ​យក​​ចំណូល​ជាច្រើន​សម្រាប់​កម្ពុជា


កម្ពុជា​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ របស់​ក្រុមហ៊ុន KERRY WORLD​ BRIDGE LOGISTICS ដែល​ជា​ការ​វិនិយោគ​ដ៏​ធំ​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​ម្ចាស់​គម្រោង​វិនិយោគ​រួម​ទុន​ជាមួយ​បរទេស។
តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge Logistics បើក​ដំណើរការ​ជា​ផ្លូវការ។ រូបភាព៖ ហេង ភារម្យ
ដោយ

នេះ​បាន​បង្ហាញ​ពី​កំណើន​លំហូរ​វិនិយោគ​និង​ការ​រីក​ចម្រើន​វិស័យ​ឧស្សាហកម្ម ផលិតកម្ម​ផលិត និង​កែច្នៃ ពាណិជ្ជកម្ម ដឹកជញ្ជូន ឡូជីស្ទីក និង​សេវា​កម្ម​ផ្សេង​ទៀត ដែល​បាន​និង​កំពុង​ដំណើរការ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស KERRY WORLDBRIDGE  និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ផ្សេង​ទៀត សម្រាប់​ទ្រទ្រង់​និរន្តភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន KERRY WORLDBRIDGE  SEZ និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Worldbridge Group of Companies មាន​ប្រសាសន៍​ថា នេះ​ជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​កំពុង​អភិវឌ្ឍ​វិស័យ​សេវាកម្ម​ផ្នែក​ភស្តុភារ ដឹកជញ្ជូន  និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ក្នុង​កម្រិត​ស្តង់ដារ​អន្តរជាតិ ដូច​បណ្តា​ប្រទេស ​នានា​ក្នុង​តំបន់ និង​នៅ​ពាសពេញ​ពិភព​លោក ដែល​អាច​ផ្តល់​ការ​ទ្រទ្រង់​និង​លើក​ស្ទួយ​សុវត្ថិភាព ប្រសិទ្ធ​ភាព​ក្នុង​ការ​ដឹកជញ្ជូន ការចល័ត ការផ្ទេរ និង​ការ​រក្សា​ទុក​ទំនិញ​សព្វ​សារពើ​របស់​អតិថិជន ឲ្យ​ផុត​ពី​ក្តី​កង្វល់ ពី​ការ​ខូចខាត​និង​ខ្ជះខ្ជាយ​ពេល​វេលា ព្រមទាំង​អាច​ទាក់ទាញ​វិនិយោគ​ផ្ទាល់ ទាំង​វិស័យ​ឧស្សាហកម្ម ផលិតកម្ម  គ្រឿងយន្ត និង​អេឡិចត្រូនិក​ពី​បរទេស តាមរយៈ​ការ​ផ្តល់​នូវ​សេវាកម្ម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្តង់ដារ​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា។

លោក George Yong Boon Yeo ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Kerry  និង​ជា​នាយក​ប្រតិបត្តិ នៃ​បណ្តាញ​ក្រុមហ៊ុន ភ័ស្តុភារ Kerry ដែល​ជា​ដៃគូ​វិនិយោគ​រួម​ទុន​ជាមួយ​លោក​ឧកញ៉ា សៀ ឫទ្ធី បាន​អះអាង​ថា ដោយសារ​មើល​ឃើញ​កម្ពុជា​ជា​កន្លែង​ដែល​មាន​សក្តានុពល​សម្រាប់​វិនិយោគ រួម​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ទើប​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​មក​បោះ​ទុន​វិនិយោគ​នៅ​ទីនេះ។

គេរំពឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ នឹង​រួម​ចំណែក​ដល់​ការទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​បង្កើត​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក។ (រូបភាព៖ ហេង ភារម្យ)

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​មាន​ប្រសាសន៍​ថា ការ​បើក​ឲ្យ​ដំណើរ​នេះ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ទុក​ចិត្ត​របស់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ លើ​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា ដែល​ជា​ផ្លែផ្កា​ទទួល​បាន​ពី​សន្តិភាព​និង​ស្ថិរភាព​នយោបាយ។

ឯកឧត្តម​បាន​បន្ត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​មជ្ឈមណ្ឌល​ភូមិ​សាស្ត្រ​ពិសេស​សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន ដូចជា តំបន់​ពាណិជ្ជ​កម្ម​សេរី និង​តំបន់​ផលិតកម្ម​ផលិត និង​កែច្នៃ​សេរី។ ហើយ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​នានា ជាពិសេស​ការ​បណ្តាក់​ទុន​វិនិយោគ​ពី​បរទេស (FDI) ដើម្បី​បង្កើន​នូវ​សកម្មភាព​សេដ្ឋកិច្ច​ជាតិ។

យោងតាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​បង្ហាញ​ថា ចាប់តាំង​ពី​ការ​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤៥​កន្លែង ក្នុង​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១២ កំពុង​ដំណើរការ​យ៉ាង​សកម្ម ដោយ​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ប្រមាណ​ជាង ២៦០​ក្រុមហ៊ុន និង​បង្កើត​​ការងារ​ប្រមាណ​ជាង ៨៦.០០០​កន្លែង។ 

រីឯ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជារួម មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ២,៨៣​ប៊ីលាន​ដុល្លារ (នាំចូល ១,៤១ ប៊ីលាន​ដុល្លារ និង​នាំចេញ ១,៤២ ប៊ីលាន​ដុល្លារ) ក្នុង​ឆ្នាំ​២០១៦ កើន​ឡើង​ប្រមាណ ១,២​ភាគរយ ធៀបនឹង​ឆ្នាំ​២០១៥ កន្លង​មក។ ហើយ​និន្នាការ​នៃ​កំណើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​សម្រាប់​ឆ្នាំ​ខាង​មុខៗ​ទៀត។

មន្ត្រីរដ្ឋាភិបាល និង​វិនិយោគិន​​ទស្សនា​ប្លង់​មេ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge ដែល​ទើប​ដាក់​ឲ្យ​ដំណើរការ។ (រូបភាព​៖ ហេង ភារម្យ)

ឯកឧត្តម វង្សី វិស្សុត សង្ឃឹម​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន Kerry Worldbridge Logistic LTD នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​នូវ​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់​សម័យ និង​សេវា​កម្ម​លំដាប់​ខ្ពស់ ហើយ​ភណ្ឌាគារ​គយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នឹង​មិន​ត្រឹម​តែ​បម្រើ​និង​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ធុរជន និង​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សន្និធិ​ទំនិញ និង​ផ្តល់​សេវា​កម្ម​ផ្សេង​ទៀត សម្រាប់​តម្រូវការ​របស់​បណ្តា​ប្រទេស​ជិត​ខាង​និង​ក្នុង​តំបន់​បន្ថែម​ទៀត។  

តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក Worldbridge International Cambodia និង​ក្រុមហ៊ុន Kerry Logistics ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​នៅ​អាស៊ី ដែល​បាន​បោះទុន​វិនិយោគ​ជាង ១០០​លាន​ដុល្លារ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ស្ពាន​ព្រែក​ហូរ ក្រុង​តាខ្មៅ។

ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ទីតាំង​វិនិយោគ​ដែល​បង្កើត​ឡើង​សម្រាប់​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ជា​ទូទៅ រដ្ឋាភិបាល​បាន​ផ្តល់​លក្ខខណ្ឌ​លើក​ទឹក​ចិត្ត​ផ្សេងៗ ដូចជា ការ​អនុគ្រោះ​ពន្ធ ការ​បម្រើ​ជូន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ ការ​សម្រួល​បែប​បទ​នាំ​ចេញ នាំ​ចូល​ទំនិញ ការ​សម្រួល​បែប​បទ​រដ្ឋបាល​នានា និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ជា​ច្រើន ដើម្បី​ជំរុញ​សកម្មភាព​វិនិយោគ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge បាន​បញ្ជាក់​ទៀត​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ចាំបាច់​ណាស់​ដើម្បី​ក្លាយ​ខ្លួន​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​តំបន់ ​សម្រាប់​តភ្ជាប់​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ 

លោក​ឧកញ៉ា​បន្ថែម​ថា ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ជួយ​ជំរុញ​ការ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​តំបន់​កាន់​តែ​មាន​ភាព​មមាញឹក​និង​ទាក់​ទាញ​ខ្លាំង​សម្រាប់​ការ​វិនិយោគ។

លោក​ឧកញ៉ា សៀ ឫទ្ធី បញ្ជាក់​ថា តាម​រ​យៈ​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge នឹង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត ៣​ម៉ឺន​នាក់ ហើយ​ទាក់​ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូល​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដោយ​ផ្ទាល់ ដែល​មាន​សាច់​ប្រាក់​មិន​តិច​ជាង ៣០០​លាន​ដុល្លារ​អាមេរិក​ឡើយ៕




អត្ថបទបន្ទាប់


ដំណឹង​ពី​ស្ថានភាព​​ជំងឺ​​របស់​វេជ្ជបណ្ឌិត Beat Richner...

ព័ត៌មាន
លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) នឹង​មិន​ទាន់​អាច​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ពេល​​ណា​មួយ​ឆាប់ៗ​ខាង​មុខ​នេះ​…

នាឡិកា​ដៃ​ស្ដេច​ បៅ ដាយ វៀតណាម ដាក់​លក់​ដេញថ្លៃ​ជាង​១លានដុល្លារ

ព័ត៌មាន
អ្នកស្រលាញ់​នាឡិកា​ដៃ​នៅ​ជុំវិញ​ពិភព​លោក​កំពុង​តាមដាន​ដំណឹង​នេះ។ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដែល​ល្បីល្បាញ​ខាង​ផលិត​នាឡិកា​ដៃ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ