ទង្វើព្រៃផ្សៃរបស់កងកម្លាំងថៃ

១០ តុលា ២០២៥ ជាថ្ងៃដែលកូនខ្មែរត្រូវត្រៀមកត់ត្រាទង្វើព្រៃផ្សៃរបស់កងកម្លាំងថៃ ធ្វើដាក់មកលើពលរដ្ឋស្លូតត្រង់ខ្មែរ


ប្រជាពលរដ្ឋខ្មែរនៅទីណាក៏ដោយ កុំភ្លេចតាមដានអ្វី ដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃកំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្មែរ ពាក់ព័ន្ធនឹងឥរិយាបទ និងការអនុវត្តនយោបាយរបស់ប្រទេសថៃ មកលើប្រទេស និងប្រជាពលរដ្ឋកម្ពុជា ហើយរង់ចាំចែករំលែក និងផ្សព្វផ្សាយឲ្យពិភពលោកបានដឹងអំពីអ្វី ដែលនឹងកើតឡើងនៅទីនោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ កងទ័ពថៃ ប្តេជ្ញារក្សាគោលជំហរក្នុងការដណ្តើមយកភូមិទាំងពីរពីកម្ពុជា។
ទង្វើព្រៃផ្សៃរបស់កងកម្លាំងថៃ
ដោយ

បើតាមការរាយការណ៍របស់សារព័ត៌មានថៃ នានា ដូចជា the Nation និង Khaosod ជាដើម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃឱសានវាទចុងក្រោយបង្អស់ ដែលអាជ្ញាធរ និងកងទ័ពថៃ បានដាក់កំហិតឲ្យប្រជាពលរដ្ឋខ្មែរប្រមាណ១៣៥គ្រួសារ នៅភូមិជោគជ័យ និង៣៥គ្រួសារទៀតនៅភូមិព្រៃចាន់ ឱ្យចាកចេញពីលំនៅឋាន និងដីកសិកម្ម ដែលពួកគេបានអាស្រ័យផលរាប់ដំណរ ដោយសម្អាងលើផែនទី ដែលគូសដោយឯកតោភាគីខ្នាត១/៥០.០០០ ដោយពុំមានការទទួលស្គាល់ពីកម្ពុជា និងអន្តរជាតិ។

តាមរយៈផែនទីឯកតោភាគីនេះ គឺវាផ្ទុយនឹងផែនទីខ្នាត១/២០០.០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជាលទ្ធផល នៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដែលមានការទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ហើយថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយភាគីទាំងពីរក្នុង MoU ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដែលគេស្គាល់ថា MoU ២០០0 ផងដែរ។

ក្រៅពីសម្អាងលើផែនទីឯកតោភាគីដោយខុសច្បាប់អន្តរជាតិនេះ ថៃ ក៏បានសម្អាងលើច្បាប់ព្រៃឈើ ច្បាប់អន្តោប្រវេសន៍ និងលិខិតបទដ្ឋានមួយចំនួនទៀត ដើម្បីគំរាមកំហែងពលរដ្ឋកម្ពុជា ដែលរស់នៅភូមិទាំងពីរខាងលើដោយមានទាំងការគំរាមចាប់ដាក់ពន្ធនាគារ១៥ឆ្នាំ និងពិន័យជាប្រាក់ប្រមាណជាង៣ពាន់ដុល្លារថែមទៀត បើពួកគេមិនចាកចេញ។

សម្រាប់កម្ពុជា នៅក្នុងនាមជាប្រទេសតូច មានសេដ្ឋកិច្ចទុនខ្សោយ ប្រជាពលរដ្ឋតិច ពិតជាបានត្រៀមរួចហើយនូវចំណាត់ការការទូត និងច្បាប់អន្តរជាតិ ដើម្បីទប់ទល់នឹងអ្វី ដែលកម្លាំងយោធា និងអាជ្ញាធរថៃបំពានមកលើបូរណភាព និងដែនអធិបតេយ្យកម្ពុជា។ ក្រៅពីនោះកម្ពុជា ក៏នឹងមានកងទ័ព ដែលមិនបំពាក់អាវុធនៅជាមួយនឹងប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋប្រឆាំងការអនុវត្តទាំងបំពានច្បាប់អន្តរជាតិរបស់ថៃ ផងដែរ។

ក្រៅពីនោះ កម្ពុជា ក៏សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា គ្រប់សមាសភាពនឹងរួបរួមគ្នាជាធ្លុងតែមួយ ដើម្បីប្រឈមមុខនឹងគម្រោងអនុវត្តច្បាប់ព្រៃដ៏ងងើលពីសំណាក់អាជ្ញាធរ និងកងកម្លាំងយោធាថៃ ឲ្យបានគ្រប់ៗគ្នា។ ក្រៅពីនោះពលរដ្ឋខ្មែរទាំងអស់គ្នា ក៏ត្រូវតែរួបរួមគ្នាជាសំឡេងតែមួយក្រោមក្បាលម៉ាស៊ីនតែមួយដែលមានរាជរដ្ឋាភិបាលស្របច្បាប់តម្រែតម្រង់ និងកំណត់គោលដៅ។ ប៉ុន្តែបើយើងធ្វើអ្វីដោយគ្មានក្បាល គ្មានកន្ទុយ មានមគ្គុទេសត្រឹមត្រូវទេនោះ កម្លាំងរបស់យើងមិនខ្លាំងឡើយ ប៉ុន្តែផ្ទុយទៅវិញបើយើងធ្វើអ្វីតែមួយដូចៗគ្នា យើងសង្ឃឹមថា យើងនឹងអាចទប់ស្កាត់ ឬក៏បញ្ជៀសបញ្ហានេះបាន។

សរុបមកសុខទុក្ខប្រជាពលរដ្ឋជិត២០០គ្រួសារនៅភូមិទាំងពីរ គឺជាសុខទុក្ខរួមគ្នារបស់ប្រជាពលរដ្ឋជាង១៧លាននាក់។ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងនោះ ក៏ជាទុក្ខលំបាករបស់ប្រជាពលរដ្ឋយទាំងអស់គ្នាទូទាំងប្រទេសផងដែរ។ ដូច្នេះពលរដ្ឋទាំងអស់ត្រូវរួបរួមគ្នាឲ្យមានស្មារតីតែមួយ ហើយចាំតាមដាន ចំាផ្សព្វផ្សាយ ចាំធ្វើសេចក្តីរាយការណ៍ពីទិដ្ឋភាពជាក់ស្តែង នៃអំពើដ៏ឃោឃៅរបស់កម្លាំងថៃ ធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ផ្អែកតាមលក្ខខណ្ឌដែលនាយករដ្ឋមន្ត្រីថៃ ដាក់ឱ្យលោក ត្រាំ តើកិច្ចប្រជុំចរចាស្វែងសន្តិភាពរវាងកម្ពុជា និងថៃ អាចទៅរួចទេ?

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗមួយចំនួន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការសម្របសម្រួលក្នុងការធ្វើជាអ…

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ