
ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានលើកទឹកចិត្តដល់ផលិតករក្នុងស្រុកចេញដើរខាងក្រៅប្រទេសឱ្យបានច្រើន និងចេះរួបរួមសហការជាមួយគ្នា ពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរចំណេះដឹងថ្មីៗ សម្រាប់បង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្មបានកាន់តែប្រសើរទាំងអស់គ្នា។
សម្រាប់ជំនួញខ្មែរដ៏ល្បីល្បាញរូបនេះ ការចាប់ដៃគូសហការវិនិយោគជាមួយបរទេស គឺជារឿងសំខាន់ផងដែរ ដ្បិតថាការសហការអាជីវកម្មជាមួយវិនិយោគិនបរទេស មិនត្រឹមតែជួយដល់ការធ្វើអាជីវកម្មប៉ុណ្ណោះទេ តែក៏ទទួលបាននូវហិរញ្ញវត្ថុ ចំណេះដឹងថ្មីៗពីការធ្វើជំនួញ និងការបើកទីផ្សារអាជីវកម្មបានលឿនផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី សង្កត់ធ្ងន់ថា ការត្រៀមខ្លួនរបស់ SME ក្នុងការទទួលដៃគូសហការពីបរទេស គឺជាកត្តាចម្បងដែលទាមទារឱ្យមានការផ្លាស់ប្តូរពីការធ្វើអាជីវកម្មបែបលក្ខណៈគ្រួសារទៅជាការធ្វើបែបលក្ខណៈបែបក្រុមហ៊ុន ដែលវិនិយោគិនបរទេសងាយស្រួលក្នុងការទទួលស្គាល់ក្នុងការសហការ៕





