ស្កែមអនឡាញជាដុំសាច់កាចសាហាវ នៃ សេដ្ឋកិច្ចក្នុងតំបន់ និង ពិភពលោក វាមិនមែនមានតែនៅប្រទេសកម្ពុជានោះទេ។ វាគឺជាមេរោគឆ្លង ដែលកំពុងរាតត្បាតពាសពេញតំបន់អាស៊ីអាគ្នេយ៍រាប់ចាប់តាំងពីប្រទេសថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ រហូតដល់វៀតណាម។ វាគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ជាអាវុធ។ ដូច្នេះការដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចព្យាយាមក្លែមពាក្យសំដី យកតែឈ្មោះកម្ពុជាមួយមកប្រើក្នុងចំណងជើងព័ត៌មានរបស់ពួកគេ គឺជាការលាបពណ៌ដ៏អយុត្តិធម៌បំផុតសម្រាប់កម្ពុជា ខណៈដែលកម្ពុជាខ្លួនឯង ក៏ជាជនរងគ្រោះនិងកំពុងដុតដៃដុតជើងបោសសំអាត ល្បែងនៃឧក្រិដ្ឋកម្មអន្តរជាតិនេះដែរ។
ជាការពិតណាស់រហូតមកទល់ពេលនេះ កម្ពុជាមិនបានប្រកែក ហើយក៏មិនបានទាត់ចោលសេចក្តីរាយការណ៍ដែលថា ខ្លួនកំពុងតែមានដុំសាច់កំណាច ស្កែមអនឡាញនេះឡើយ។ តែយ៉ាងណាកម្ពុជា មិនបាននៅស្ងៀមឱ្យសាច់កាចនេះ ស៊ីរូងតាមអំពើចិត្តនោះទេ ពោលគឺកម្ពុជាបាននិងកំពុងខិតខំវះកាត់ និងតាមច្រឹបធ្វើយ៉ាងណាសម្អាតកន្សោម នៃដុំសាច់កំណាច ដែលអាចនឹងវិវត្តន៍ទៅជាមហារីកចោល ជាបន្តបន្ទាប់មិនថាកន្សោមនោះធំ ឫតូចនោះឡើយ។
មកទល់ពេលនេះកម្ពុជាជាប្រជាជាតិមួយ ដែលកំពុងតែរងគ្រោះយ៉ាងដំណំដោយសារតែឧក្រិដ្ឋកម្មអនឡាញមួយនេះ។ ជាការពិតនៅក្នុងនាមជាប្រទេសតូចមានបច្ចេកវិទ្យាមិនសូវរីកចម្រើន សេដ្ឋកិច្ចទន់ខ្សោយ កម្ពុជាត្រូវបានឧក្រិដ្ឋជនឆ្លងដែនឆ្លៀត ឱកាសប្រើប្រាស់ចំណុចខ្សោយ ដើម្បីជាជម្រកជ្រកកោនធ្វើសកម្មភាពផ្សេងៗ។ ដោយសារតែភាពទន់ខ្សោយនេះហើយ កម្ពុជាត្រូវបានគេលាបពណ៌ ហើយកាឡៃពីស្រមោលនៃឧក្រិដ្ឋកម្មនេះ ទៅជាម្ចាស់រូបឧក្រិដ្ឋកម្មនេះពិតទៅវិញ។
សូមជម្រាបផងដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយ៉ាងច្បាស់ថា ស្កែមអនឡាញ គឺជាសេដ្ឋកិច្ចខ្មៅ ដែលត្រូវតែលុបបំបាត់។ កម្ពុជាលែងអង្គុយធ្វើរោគវិនិច្ឆ័យរង់ចាំការរិះគន់ទៀតហើយ ប៉ុន្តែបានចាប់ផ្ដើមវះកាត់ទាំងកន្សោមៗតែម្តង ដើម្បីសម្អាតប្រទេស។ កម្ពុជាដឹងអំពីសមត្ថភាពរបស់ខ្លួន ដូច្នេះហើយបានខិតខំពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានាដូចជាចិន កូរ៉េខាងត្បូង វៀតណាម សហរដ្ឋអាម៉េរិក និងប្រទេសជាច្រើនទៀត ដើម្បីសម្អាតខ្លួន និងវះកាត់កន្សោមដុំសាច់កំណាចនេះចោលឲ្យអស់តែម្តង។
ភស្តុតាងនៃការវះកាត់ដុំសាច់មហារីកនេះត្រូវបានស្ដែងឡើងតាមរយៈការវាយកម្ទេចបណ្ដាញឧក្រិដ្ឋជនជាបន្តបន្ទាប់ដូចជាមេឧក្រិដ្ឋជនស្កែម ចេន ហ្ស៊ី ដែលធ្វើសកម្មភាពតាមរយៈក្រុមហ៊ុនព្រីនស៍គ្រុប ដែលតែងតែប្រើប្រាស់សកម្មភាពសប្បុរសធម៌ ដើម្បីបិទបាំងបទល្មើសអនឡាញ និងលាងលុយកខ្វក់នៅកម្ពុជាកាលពីខែមករា ក៏ដូចជាដៃស្តាំរបស់ជននេះ គឺលោក លី ស្យុង ជាសមាជិកស្នូលក្នុងចង្កោមឧក្រិដ្ឋកម្មនេះតាមរូបភាពក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) កាលពីចុងខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះ។
កម្ពុជាមិនត្រឹមតែបង្ក្រាបដោយកម្លាំងនោះទេ ប៉ុន្តែថែមទាំងពង្រឹងកម្លាំងច្បាប់ ដោយកំណត់ទោសឧក្រិដ្ឋកម្មបច្ចេកវិទ្យារហូតដល់អស់មួយជីវិត ដើម្បីធានាថា ដុំសាច់កាច១ដុំនេះនឹងមិនរីកសាយមកវិញឡើយ។
បើយើងក្រឡកទៅមើលរបាយការណ៍ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងការឆបោកបច្ចេកវិទ្យា នៅចន្លោះខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានស៊ើបអង្កេតករណីបោកប្រាស់តាមប្រព័ន្ធអនឡាញបានចំនួន២៥០ ករណី នៅ ៩១ទីតាំងទូទាំងប្រទេស ដោយបាន បញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន១១២ករណី ជាមួយជនសង្ស័យជាង ១,០០០នាក់ ដែលរួមមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និង កម្ពុជា។ ដោយឡែកចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបាននិរទេសជនបរទេសជាង១៣,០០០នាក់មកពី៣៣ប្រទេសចេញពីប្រទេសកម្ពុជា។
សរុបសេចក្តីមកស្កែមអនឡាញ គឺជាសត្រូវរួមរបស់តំបន់ និង ពិភពលោក ចាំបាច់ដែលត្រូវប្រយុទ្ធប្រឆាំង។ ហើយការព្យាយាមដាក់បន្ទុកទោសទណ្ឌតែមកលើប្រទេសកម្ពុជា គឺជាការមើលរំលងឫសគល់ នៃបញ្ហា ដែលកើតចេញពីបណ្ដាញឧក្រិដ្ឋជនអន្តរជាតិ។ កម្ពុជាបាននិងកំពុងបង្ហាញពិភពលោកយ៉ាងច្បាស់ថា កម្ពុជាមិនត្រឹមតែមានឆន្ទៈនយោបាយក្នុងការបោសសម្អាតផ្ទះខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដ៏សកម្មក្នុងការការពារសន្តិសុខសេដ្ឋកិច្ចតំបន់ផងដែរ។ ដូច្នេះវាល្មមដល់ពេលហើយ ដែលពិភពលោកត្រូវឈប់ប្រើពាក្យរិះគន់ ហើយងាកមកជួយកាន់កាំបិតវះកាត់ជាមួយនឹងប្រទេសកម្ពុជា ដើម្បីលុបបំបាត់ជំងឺមហារីកស្កែមអនឡាញនេះឱ្យអស់ពីភពផែនដីនេះតែម្តង៕