លោកបានគូសបញ្ជាក់ថា ការវិលត្រឡប់ទៅវិញរបស់ពលរដ្ឋមិនមែនតម្រូវតែលើជំនួយសង្គ្រោះបន្ទាន់មួយគ្រានោះទេ ប៉ុន្តែចាំបាច់ត្រូវមានការវិនិយោគរយៈពេលវែងលើការស្តារជីវភាព លទ្ធភាពទទួលបានដីធ្លី ការងារ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចសហគមន៍ ដើម្បីធានាថា ពួកគេអាចកសាងជីវិតថ្មីឡើងវិញដោយរឹងមាំ។
ផ្អែកតាមការវាយតម្លៃតម្រូវការជាក់ស្តែង ដែលធ្វើឡើងដោយអង្គការអុកស្វាម និងដៃគូអភិវឌ្ឍន៍ ទៅលើគ្រួសារដែលបានបាត់បង់លំនៅឋានក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នាខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា គ្រួសាររាប់ពាន់នៅតែប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរដូចជាការបាត់បង់ផ្ទះសំបែង សត្វពាហនៈ ឧបករណ៍កសិកម្ម និងប្រភពចំណូលបាត់បង់ទាំងស្រុង ព្រមទាំងកំពុងរងសម្ពាធបំណុល និងការខ្វះខាតឱកាសការងារ។ ក្នុងនោះស្ត្រី កុមារ មនុស្សចាស់ ជនមានពិការភាព និងគ្រួសារក្រីក្រ គឺជាក្រុមងាយរងគ្រោះបំផុត ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជុំវិញបញ្ហានេះ អង្គការអុកស្វាមបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ឱ្យបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ព្រមទាំងបង្កើនការវិនិយោគលើការស្តារជីវភាពរយៈពេលវែង ដើម្បីកាត់បន្ថយភាពក្រីក្រ និងពង្រឹងភាពធន់របស់សហគមន៍ឱ្យបានរឹងមាំឡើងវិញ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា លោក Amitabh Behar នាយកប្រតិបត្តិអង្គការអុកស្វាមអន្តរជាតិ បានគូសបញ្ជាក់ថា ការស្តារជីវភាពឡើងវិញមិនមែនគ្រាន់តែជាការជូនពួកគេត្រឡប់ទៅផ្ទះនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធសេដ្ឋកិច្ចមូលដ្ឋានឡើងវិញទាំងស្រុង និងជាការធានាថា សហគមន៍ដែលរងគ្រោះដោយសារជម្លោះទទួលបានការគាំទ្រ និងឱកាសចាំបាច់បំផុត ដើម្បីស្រោចស្រង់ជីវភាព និងសាងសង់អនាគតមួយដែលពោរពេញដោយសុវត្ថិភាព និងក្តីសង្ឃឹម។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីទី២២ ខែតុលា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកប្រមាណ៦២៥.០០០នាក់ត្រូវបានជួយសម្រួលឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណាពលរដ្ឋចំនួន២០.៩២៣នាក់ផ្សេងទៀតនៅតែបង្ខំចិត្តបន្តស្នាក់នៅក្នុងភូមិរង់ចាំ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានឡើយទេ ដោយសារតែលំនៅឋាន និងដីធ្លីរបស់ពួកគេស្ថិតនៅក្នុងតំបន់ដែលយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់៕
អត្ថបទ៖ ជា ម៉ារ៉ា