ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ថា ការរៀបចំពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៦នេះ បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ដោយមានការចូលរួមចំនួន ៦៦ទូក ក្នុងនោះទូកវែង ១៤ទូក ទូកខ្នាតអន្តរជាតិ ៥០ទូក ទូកមួងចំនួន ២ទូក កីឡាករ កីឡាការិនីសរុបចំនួន ២ ៧៨១នាក់ ក្នុងនោះមានចំណុះពិត ២ ២៧១នាក់ និងកីឡាករបម្រុង ចំនួន ៥១០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានចូលរួមបើកពិធីប្រណាំងទូកនៅខេត្តកំពង់ធំពីម្សិលមិញ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខេត្តកំពង់ធំទាំងមូល ជាពិសេសឯកឧត្តមអភិបាលខេត្ត នួន ផារ័ត្ន ដែលជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងគណៈកម្មការរៀបចំទាំងអស់ ដែលបានរៀបចំកម្មវិធីនេះប្រកបដោយភាពទាក់ទាញ អធិកអធម សោភណភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដែលបានបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល និងបងប្អូនមកបណ្តាខេត្តផ្សេងទៀត ព្រមទាំងភ្ញៀវទេសចរអន្តរជាតិបានកម្សាន្តសប្បាយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនក្នុងខេត្តកំពង់ធំទាំងមូល។
ទន្ទឹមនឹងភាពអធិកអធមនៃពិធីប្រណាំងទូកឆ្នាំ២០២៦ នេះ ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចអំពីការប្រែប្រួលមុខមាត់ថ្មី និងការអភិវឌ្ឍយ៉ាងលឿននៃក្រុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល។ ឯកឧត្តមបានគូសបញ្ជាក់ថា ចលនការ និងវឌ្ឍនភាពជាក់ស្តែងទាំងនេះ បាននិងកំពុងប្រែក្លាយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងការអភិវឌ្ឍ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យក្លាយជាការពិតជាក់ស្តែង។ ក្នុងន័យនេះ ឯកឧត្តម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ចូលរួមធ្វើឱ្យខេត្តកំពង់ធំក្លាយទៅជាខេត្តរីកចម្រើនសម្រាប់បងប្អូនអ្នកកំពង់ធំទាំងមូល។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា បច្ចុប្បន្នប្រទេសជាតិយើង កំពុងទទួលរងការឈ្លានពានពីសំណាក់ប្រទេសជិតខាង ហើយការឈ្លានពាននេះមិនត្រឹមតែជាការទន្រ្ទានកាន់កាប់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឈ្លានពានលើទិដ្ឋភាពវប្បធម៌ និងប្រវត្តិសាស្រ្តផងដែរ។ ដូច្នេះ ពិធីបុណ្យអុំទូកនាថ្ងៃនេះ គឺបញ្ជាក់ពីកម្លាំងជាតិមួយ ក្នុងការលើកកម្ពស់ និងពង្រឹងវប្បធម៌ អារ្យធម៌ ប្រពៃណី និងប្រវត្តិសាស្រ្ត ដែលជាគ្រឹះដ៏រឹងមាំបំផុតនៃអត្តសញ្ញាណជាតិ ដើម្បីឱ្យបងប្អូនជនរួមជាតិខ្មែរទាំងមូល រួមទាំងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំយើងផងដែរ បានស្គាល់ថា យើងជាអ្នកណា មកពីណា ហើយសំខាន់ជាងនេះទៅទៀត គឺតើយើងត្រូវទៅណាទៀតទៅថ្ងៃអនាគត។ មួយវិញទៀត ពិធីនេះក៏មានន័យថា ជាការចូលរួមការពារអធិបតេយ្យភាពវប្បធម៌នៃប្រទេសយើង ដើម្បីអនាគតជាតិយើង និងដើម្បីភាពរឹងមាំនៃជាតិយើងទៅថ្ងៃក្រោយទៀត។
ឯកឧត្តម វង្សី វិស្សុត ក៏បានសម្តែងនូវការអបអរសាទរចំពោះទូកដែលទទួលបានជ័យលាភី និងថ្លែងនូវអំណរគុណចំពោះបងប្អូនកីឡាករគ្រប់ចំណុះទូកទាំងអស់ ដែលបានចួលរួមការប្រណាំងក្នុងរយៈពេលពីរថ្ងៃនេះ និងសូមខិតខំបន្ត ដើម្បីត្រៀមដណ្តើមជ័យលាភីនៅក្នុងការប្រកួតថ្នាក់ជាតិនៅភ្នំពេញ។ ក្នុងឱកាសនោះដែរឯកឧត្ដម វង្សី វិស្សុត និងលោកជំទាវ បានប្រគល់រង្វាន់ជូនដល់ទូកតាមចំណាត់ថ្នាក់ ទៅតាមប្រភេទទូក ដោយ៖ (១).ទូកខា្នតវែងបុរស៖ ផែនលេខ១ ទទួលបានថវិកា ៤ ០០០ ០០០រៀល, ផែនលេខ២ ទទួលបានថវិកា ២ ៨០០ ០០០រៀល, ផែនលេខ៣ ទទួលបានថវិកា ២ ០០០ ០០០រៀល (២).ទូកខ្នាតវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៣ ០០០ ០០០រៀល, ផែនលេខ២ ទទួលបានថវិកា ២ ៥០០ ០០០រៀល (៣).ទូកខ្នាតអន្តរជាតិបុរស៖ ផែនលេខ១ ទទួលបានថវិកា ១ ៥០០ ០០០រៀល, ផែនលេខ២ ទទួលបានថវិកា ១ ០០០ ០០០រៀល, ផែនលេខ៣ ទទួលបានថវិកា ៨០០ ០០០រៀល (៤). ទូកខ្នាតអន្តរជាតិនារី៖ ផែនលេខ១ ទទួលបានថវិកា ១ ៥០០ ០០០រៀល, ផែនលេខ២ ទទួលបានថវិកា ១ ០០០ ០០០រៀល និង (៥).ទូកមួងបុរស (ទូកចែវ)៖ ផែនលេខ១ ទទួលបានថវិកា ២ ០០០ ០០០រៀល, ផែនលេខ២ ទទួលបានថវិកា ១ ៥០០ ០០០រៀល។ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ១០ ០០០ ០០០រៀល, ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៥ ០០០ ០០០រៀល និងជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ៥ ០០០ ០០០រៀល គណៈកម្មការបច្ចេកទេស ចំនួន ២ ០០០ ០០០រៀល និងក្រុមការងារអត្ថាធិប្បាយ ចំនួន ១ ០០០ ០០០រៀលផងដែរ។