តើមានមូលហេតុអ្វីនៅពីក្រោយការពង្រីកមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសហ្វីលីពីន?

ហ្វីលីពីនសម្រេចបើកភ្លើងខៀវអនុញ្ញាតឱ្យបងធំអាមេរិកពង្រីកមូលដ្ឋានយោធា៤កន្លែងទៀតនៅក្នុងប្រទេស


យោធាអាមេរិកទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងម៉ានីលក្នុងការបង្កើតមូលដ្ឋានយោធាបួនកន្លែងបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន បន្ថែមពីលើមូលដ្ឋានយោធាចំនួន ៥ដែលមានស្រាប់ ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលត្រូវបានប្រកាស បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីលនៅថ្ងៃព្រហស្បតិ៍ ទី២ កុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ CNN។
ហ្វីលីពីនសម្រេចបើកភ្លើងខៀវអនុញ្ញាតឱ្យបងធំអាមេរិកពង្រីកមូលដ្ឋានយោធា៤កន្លែងទៀតនៅក្នុងប្រទេស

ជាការពិត ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ឆ្នាំ២០១៤ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចធ្វើការផ្លាស់ប្តូរ ឬបង្វែរកងទ័ពទៅកាន់មូលដ្ឋានជាក់លាក់ណាមួយក្នុងប្រទេស និងអាចសាងសង់មូលដ្ឋានយោធាបន្ថែមទៀត។

កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) គឺជាសសរស្តម្ភសំខាន់បំផុតមួយនៃសម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន តាមរយៈការគាំទ្រដល់ការហ្វឹកហ្វឺន សមយុទ្ធយោធា និងអន្តរប្រតិបត្តិការរវាងកងកម្លាំងនៃប្រទេសទាំងពីរ។ ការពង្រីកកិច្ចព្រមព្រៀង EDCA នេះនឹងធ្វើឱ្យសម្ព័ន្ធភាពរវាងទីក្រុងម៉ានីល និងវ៉ាស៊ីនតោនកាន់តែរឹងមាំ និងកាន់តែឋិតថេរជាងមុន ហើយនឹងពន្លឿនការធ្វើទំនើបកម្មនៃសមត្ថភាពយោធារួមនៃប្រទេសទាំងពីរ។

ទោះយ៉ាងណា សេចក្តីថ្លែងការណ៍រួមនោះ មិនបានបញ្ជាក់លម្អិតអំពីទីតាំងនៃមូលដ្ឋានយោធាថ្មីទាំងបួនកន្លែងដែលនឹងត្រូវសាងសង់ឡើងនោះទេ ដោយគ្រាន់តែបង្ហើបថា «ក្រោមការពង្រីកនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ នឹងអនុញ្ញាតឱ្យមូលដ្ឋានយោធាទាំងនោះមានតួនាទីក្នុងការជួយដល់ហ្វីលីពីនពេលមានគ្រោះមហន្តរាយក្នុងន័យមនុស្សធម៌ និងគ្រោះធម្មជាតិផ្សេងទៀត និងឆ្លើយតបនឹងបញ្ហាប្រឈមរួមគ្នា ហើយក៏មិនបានបញ្ជាក់ច្បាស់ថាជាបញ្ហាអ្វីនោះទេ»។

គួរជម្រាបថា មូលដ្ឋានយោធាអាមេរិកដែលកំពុងមានស្រាប់ក្នុងប្រទេសហ្វីលីពីនចំនួន៥ ក្រោមកិច្ចព្រមព្រៀង EDCA គឺមូលដ្ឋានទ័ពអាកាស ស៊ីសាបាសា(Cesar Basa), មូលដ្ឋានទ័ពបម្រុង ហ្វត ម៉េកសេសេ(Fort Magsaysay) មូលដ្ឋានទ័ពអាកាស លំបៀ(Lumbia) , អេតូនីអូ បេបទីស្តា(Antonio Bautista) និងមូលដ្ឋានទ័ពអាកាស មេកតាន់ បេនីតូ(Mactan Benito Ebuen)។ បច្ចុប្បន្ន គម្រោងទាំងនេះ បាននិងកំពុងសាងសង់ជិតបានសម្រេចរួចរាល់ហើយ។

តើសកម្មភាពយោធានរបស់អាមរិកនៅហ្វីលីពីន គឺជាការទប់ស្កាត់រារាំងនឹងប្រទេសចិន ឬមួយយ៉ាងណា?

ការពិតប្រកែកមិនបានឡើយ កាលពីដើមសប្តាហ៍នេះ មន្ត្រីការពារជាតិអាមេរិកជាច្រើននាក់បានប្រាប់សារព័ត៌មាន CNN ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការពង្រីកមូលដ្ឋានយោធារបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន ដែលពិតណាស់វាដើម្បីសម្លឹងឆ្ពោះទៅរកការត្រៀមទប់ទល់នឹងប្រទេសចិន ដែលកំពុងនឹងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងសកម្មក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង។

ជាមួយគ្នានោះ កងទ័ពម៉ារីនអាមេរិកបានបើកមូលដ្ឋានយោធាថ្មីមួយជាផ្លូវការនៅលើកោះ Guam ដែលជាកោះយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក នៅភាគខាងកើតនៃប្រទេសហ្វីលីពីន។ នោះគឺមូលដ្ឋានទ័ព ប្លាស(Blaz) គឺជាមូលដ្ឋានទ័ពម៉ារីនថ្មីដំបូងគេក្នុងរយៈពេល ៧០ឆ្នាំមកនេះ ដែលអាមេរិកសម្រេចបង្កើតឡើង មានកងទ័ពម៉ារីនឈរជើងប្រមាណ៥ពាន់នាក់។

យ៉ាងណាក៏ដោយ ការបង្កើតមូលដ្ឋានយោធាថ្មីនៅប្រទេហ្វីលីពីននេះ នឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធអាមេរិកនូវផ្នែកយុទ្ធសាស្ត្រ នៅលើគែមភាគអាគ្នេយ៍នៃសមុទ្រចិនខាងត្បូងដែលមានចម្ងាយត្រឹមតែជាង ៣២១ គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលចិនតែងតែអះអាងថា ជាផ្នែកមួយនៃទឹកដី អធិបតេយ្យភាពរបស់ខ្លួននោះ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាការពារជាតិទៅវិញទៅមកដែលបានចុះហត្ថលេខាដំបូងគេបំផុតនៅឆ្នាំ ១៩៥១ ដែលវានៅតែមានជាធរមាន និងបានក្លាយជាសម្ព័ន្ធនៃសន្ធិសញ្ញាទ្វេភាគីចាស់ជាងគេបំផុតនៅក្នុងតំបន់សម្រាប់សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត កាលពីដើមខែកុម្ភៈនេះ ហ្វីលីពីនបានប្រកាសថា ទាហានហ្វីលីពីននិងអាមេរិកចំនួន ១៦,០០០ នាក់នឹងចូលរួមក្នុងសមយុទ្ធ Balikatan ប្រចាំឆ្នាំ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមេសាខាងមុខនេះផងដែរ៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងព្រមានឆ្លើយតបដោយនុយក្លេអ៊ែរខ្លាំងក្លាបំផុតមិនធ្លាប់មាន ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង

ព័ត៌មាន
រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី ទី២ ខែកុម្ភៈ នេះ បានចេញមកគំរាមកំហែងថានឹងធ្វើការឆ្លើយតបដោយយោធាឱ្យបានខ្លាំងក្លាបំផុតមិនធ្ល…

ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលបន្ថែម ០,២៥% និងថាអាចនឹងមានជាបន្ដបន្ទាប់ទៀត

ព័ត៌មាន
ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ០១ ខែកុម្ភៈ បានសម្រេចដំឡើងអត្រាការប្រាក់គោលក្នុងអត្រា ០,២៥% បន្ថែមទៀត ដើម្បីរក្សាការដាក់សម្ពាធដល់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ