
លោកបណ្ឌិត ឌុច ដារិន្ទ សាស្ត្រាចារ្យសេដ្ឋកិច្ចបានគូសបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរយៈពេល៦៦ឆ្នាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់កម្ពុជាជាមួយពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺព្រលានយន្តហោះដ៏ចំណាស់នេះបានជួយទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ក្នុង១ឆ្នាំៗ និងបានជួយស្រូបទាញគម្រោងវិនិយោគថ្មីៗពីបរទេសចូលមកកម្ពុជារាប់រយរាប់ពាន់គម្រោង ដែលជាចលករដ៏សំខាន់មួយក្នុងការជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា នឹងក្លាយជាច្រកទ្វារកាន់តែទូលំទូលាយក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគពីបរទេស ហើយនឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងប្រកបដោយសក្ដានុពលនៅក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានឆ្លងកាត់ការបម្រើសេវាហោះហើរអស់ជាច្រើនជំនាន់ក្នុងរយៈពេលប្រមាណ៦៦ឆ្នាំកន្លងមកនេះ ជាស្ពានចម្លងដល់ជាតិសាសន៍នានាទៅគ្រប់តំបន់នៅលើពិភពលោក និងបានរួមចំណែកក្នុងការផ្សាភ្ជាប់វិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មទៅវិញទៅមកប្រកបដោយសន្តិភាព។ ទន្ទឹមនឹងជួយចម្លងភ្ញៀវទេសបរទេសពីប្រទេសនានារាប់លាននាក់មកកាន់ប្រទេសកម្ពុជា អាកាសយានដ្ឋានលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតានេះ ក៏បានផ្ដល់ផលប្រយោជន៍ទាំងផ្ទាល់ និងប្រយោលដល់ពលរដ្ឋជាច្រើនផងដែរ។
ដោយឡែកលោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ដែលមានអនុស្សាវរីយ៍ជាង១០ឆ្នាំនៅក្នុងព្រលានយន្តហោះនេះ បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាទីតាំងដ៏សំខាន់នៃការចាប់ផ្ដើមបើកសេដ្ឋកិច្ចរបស់កម្ពុជា។ លើសពីនេះអាកាសយានដ្ឋានអន្តរជាតិ ដែលជាច្រកអន្តរជាតិដ៏សកម្មរបស់កម្ពុជានេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបម្រើដល់វិស័យដឹកជញ្ជូន និងទេសចរណ៍រហូតធ្វើឱ្យកម្ពុជាទទួលបានការរីកចម្រើនមកដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានបើកប្រតិបត្តិការអស់រយៈពេលប្រមាណ៦៦ឆ្នាំហើយ។ អាកាសយានដ្ឋានដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតានេះ បានឆ្លងកាត់ជាច្រើនសម័យកាលរួមទាំងសម័យលន់ ណុល និងសម័យខ្មែរក្រហមផងដែរ។ អាកាសយានដ្ឋានអន្តរជាតិដែលសាងសង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ នេះ នឹងបិទប្រតិបត្តិការហោះហើរនៅយប់ថ្ងៃទី៨ រំលងអធ្រាត្រឈានចូលទី៩ ខែកញ្ញា ឆ្នាំ២០២៥៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ