Advertisement
កសិកម្មកម្ពុជា

ជ្រូកនាំចូលពីវៀតណាមច្រើនពេក ធ្វើឲ្យកសិករខ្មែរខាតឡុងចុង


ក្នុងឆ្នាំ២០១៧នេះ គឺជាឆ្នាំអាក្រក់បំផុត ដែលតម្លៃជ្រូករបស់កសិករខ្មែរធ្លាក់ថ្លៃយ៉ាងគំហុក ដោយបង្កឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកជាច្រើន បោះបង់មុខរបរនេះជាបន្តបន្ទាប់។ តម្លៃជ្រូករស់ក្នុងមួយគីឡូក្រាម គឺមានតម្លៃជាមធ្យម៥៥០០រៀល ខណៈកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦កន្លងទៅ ជ្រូករស់របស់កសិករខ្មែរ គឺជាមានតម្លៃចន្លោះពី៨ទៅ៩ពាន់រៀលក្នុងមួយគីឡូក្រាម។
រូបថត៖ ហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ
Advertisement

លោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ខេមបូណូមីសថា បច្ចុប្បន្ន តម្លៃជ្រូកជាលក្ខណៈគ្រួសារ គឺមានតម្លៃចន្លោះពី៥២០០រៀលទៅ៥៥០០រៀល ខណៈជ្រូកចិញ្ចឹមជាលក្ខណៈក្រុមហ៊ុនដែលមានសាច់ល្អលេខ១ មានតម្លៃត្រឹម៦០០០រៀលក្នុងមួយគីឡូក្រាម។ លោកអះអាងថា កសិករខ្មែរ លក់ជ្រូកខាត ដោយជ្រូកមួយក្បាលខាតចន្លោះពី២៥ទៅ៤០ដុល្លារ ដែលធ្វើឲ្យកសិករលើសពី៥០ភាគរយ បោះបង់ការចិញ្ចឹមជ្រូកនៅកម្ពុជា។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ឆ្នាំ២០១៧នេះ ចិនបានផ្អាកទិញជ្រូកពីប្រទេសវៀតណាម ធ្វើឲ្យកសិករវៀតណាមដែលចិញ្ចឹមជ្រូកច្រើនជ្រុល        មិនដឹងយកទៅលក់នៅឯណា ក៏នាំចូលមកកម្ពុជាក្នុងតម្លៃថោកណាស់ ដោយមួយគីឡូក្រាមគេលក់តែ៥ពាន់ទៅ៥២០០រៀល។ តម្លៃនេះ កសិករ វៀតណាមក៏ខាតដែរ តែហេតុអីបានជាកសិករខ្មែរត្រូវចូលរួមខាតជាមួយកសិករវៀតណាម?»។  

លោក ជេត ភិរម្យ បន្ថែមថា ការបណ្តោយឲ្យវៀតណាមនាំចូលជ្រូកមកកម្ពុជាយ៉ាងអនាធិបតេយ្យ  កំពុងតែសម្លាប់វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា។

លោកអត្ថាធិប្បាយបែបនេះថា៖«ជ្រូកផ្តល់ការងារដល់ពលរដ្ឋខ្មែរច្រើនណាស់ ដូចជា កសិករចិញ្ចឹមដោយផ្ទាល់ ចំណេញដល់អាជីករដឹកជញ្ជូនផ្តល់ការងារនៅកន្លែងកាប់សាច់ បង្កើតការងារដល់អាជីវករលក់រាយ បង្កើតការងារនៅកន្លែងដែលមានឧស្សាហកម្មកែច្នៃ។ មួយទៀត ជ្រូក វាស៊ីកន្ទក់ ពោត ដំឡូង…ដែលទាំងនេះ នឹងជួយទិញកសិផលរបស់ខ្មែរ។ ចុះបើពួកគាត់ឈប់ចិញ្ចឹម កម្ពុជាខាតច្រើនណាស់»។    

អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើរដ្ឋាភិបាល ត្រួតពិនិត្យ និងគ្រប់គ្រងការនាំចូលជ្រូកពីប្រទេសវៀតណាមឲ្យមានប្រសិទ្ធភាព ដោយនាំចូលឲ្យសមល្មម ធ្វើឲ្យទីផ្សារជ្រូកនៅកម្ពុជាឋិតថេរ ដើម្បីជំរុញលើកទឹកចិត្តដល់កសិករខ្មែរបន្តចិញ្ចឹមជ្រូកឡើងវិញ។  

Advertisement

ទាក់ទងនឹងបញ្ហាការនាំចូលជ្រូកនេះដែរ កាលពីខែសីហាឆ្នាំ២០១៧កន្លងទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងថា កម្ពុជាបានអនុវត្តគោលនយោបាយទីផ្សារសេរី ដែលត្រូវផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលកម្ពុជា មិនអាចបិទការនាំចូលទាំងស្រុងបានដោយឡែក វិស័យឯកជន ត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងការសិក្សាឲ្យបានល្អិតល្អន់អំពីកត្តាដែលធ្វើឲ្យថ្លៃដើមនៃការចិញ្ចឹមជ្រូករបស់យើងថ្លៃជាងប្រទេសជិតខាង។

ទន្ទឹមគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ត្រូវពិនិត្យមើលពីគុណភាពនិងសុវត្ថិភាពនៃការចិញ្ចឹម ដើម្បីធានាដល់សុខុមាលភាពសង្គម និងផ្តល់ភាពជឿទុកចិត្តដល់ពលរដ្ឋដែលទទួលទានប្រចាំថ្ងៃ»។ 

បើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី មូលហេតុដែលកម្ពុជាមិនអាចបិទការនាំចូលជ្រូកពីបរទេស គឺដោយសារតែកសិករខ្មែរអាចផលិតសាច់ជ្រូក បានតែពី៥០ទៅ៦០ភាគរយនៃតម្រូវការសរុបក្នុងស្រុក។ បើទោះបីអនុញ្ញាតឲ្យមានការនាំចូលពិតមែន ប៉ុន្តែ រដ្ឋាភិបាល នឹងរឹតបន្តឹងការនាំចូលជ្រូកខុសច្បាប់។ នេះជាការអះអាងរបស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នាពេលកន្លងមក។

របាយការណ៍ពិតឃាដសត្វទូទាំងប្រទេសរបស់ក្រសួងកសិកម្ម បានបង្ហាញថា កាលពីឆ្នាំ២០១៦ ការផ្គត់ផ្គង់ជ្រូកមានចំនួន ៨៩៤ ០០០ក្បាល ដោយក្នុងនោះ ជ្រូកនាំចូលមានចំនួន ៤៥៩ ០០០ក្បាល៕   

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិន​ស្ត្រី​ដែល​សាង​ភាព​ល្បីល្បាញ​ដោយ​នាំ​កាហ្វេ​មណ្ឌលគិរី​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ

ព័ត៌មាន
កន្លង​មក គេ​សង្កេត​ឃើញ​ថា កាហ្វេ​នៅ​កម្ពុជា ភាគច្រើន​គឺ​នាំចូល​ពី​បរទេស ពីព្រោះ យុវជន​ខ្មែរ​បាន​និង​កំពុង​ឈ្លក់​វង្វេង​នឹង​កាហ្វេ​ដែ...

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​​នាំ​ចេញ​ជាង​​២៣២​​លាន​​ដុល្លារ​នៅ​ឆ្នាំ​នេះ

ព័ត៌មាន
ទឹក​ប្រាក់​នាំចេញ​ប្រមាណ​ជាង ២៣២​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) សម្រេច​បាន​ នៅ​ឆ្នាំ​នេះ ខណៈ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ