
កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ អាចនឹងក្លាយជាព្រឹត្តិការណ៍ដ៏ល្បីល្បាញ និងស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងរបស់លោក ដូណាល់ ត្រាំ ដ្បិតប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង នៅពេលដែលោកបានដើរតួ ជាអ្នកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។
លោកត្រាំ បានគូសរំលេចជាច្រើនលើកច្រើនសារ រួមទាំងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិផង អំពីស្នាដៃរបស់លោក ក្នុងការបញ្ចប់សង្គ្រាមព្រំដែនរយៈពេល ៥ថ្ងៃ រវាងកម្ពុជា និងថៃ ហើយលោកបានប្រើប្រាស់សមិទ្ធផលនេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងតួនាទីជា មេដឹកនាំសន្ដិភាព ផងដែរ។
យោងតាមប្រភពព័ត៌មាន ដែលបានអះអាងប្រាប់កាសែត Politico បានឱ្យដឹងទៀតថា សម្រាប់គម្រោងធ្វើជាអធិបតី នៅក្នុងការចុះកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា និងថៃនេះដែរ សេតវិមានអាម៉េរិក បានស្នើសុំជាពិសេស ឱ្យអ្នករៀបចំកិច្ចប្រជុំកំពូល ដកមន្ត្រីចិន ចេញពីព្រឹត្តិការណ៍នោះ ដែលវានឹងធ្វើឱ្យ លោកត្រាំ កាន់តែក្លាយជាទីចាប់អារម្មណ៍សម្រាប់អន្តរជាតិ ប៉ុន្ដែ វាក៏បានទាញទម្លាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការសម្រុះសម្រួលជម្លោះរវាងកម្ពុជា និងថៃ នេះដែរ។
យ៉ាងណាក៏ដោយចុះ នៅពេល Politico ស្វែងរកការបញ្ជាក់អំពីរឿងនេះ មន្ត្រីសេតវិមាន បានឱ្យដឹងថា ទទួលស្គាល់ថា លោកត្រាំពិតជាកំពុងចរចាកិច្ចព្រមព្រៀងសន្ដិភាព ប៉ុន្ដែ លោកមិនបានកំណត់លក្ខខណ្ឌ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះទេ។ បែបនេះក្ដី មន្ត្រីសេតវិមានដដែលរូបនោះ បានព្រលយសម្ដីថា «ប្រទេសចិនមិនមានពាក់ព័ន្ធអ្វីទៅនឹងការចរចាសន្ដិភាពនោះឡើយ។»
ជុំវិញរឿងនេះ កាសែត Politico បានព្យាយាមទាក់ទងសួរនាំទៅកាន់ស្ថានទូតចិនដែរ ប៉ុន្ដែ មិនមានការឆ្លើយតបនោះទេ។
ពាក់ព័ន្ធនឹងសង្គ្រាមព្រំដែនកម្ពុជា និងថៃនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្មីៗនេះ បានបញ្ជាក់ដែរថា ការចូលរួមរបស់លោកដូណាល់ ត្រាំ គឺជាកិច្ចព្រមព្រៀងមួយរួចហើយ កាលពីខែកក្កដាកន្លងទៅ។
យ៉ាងណាមិញ នៅក្នុងករណីលោកត្រាំ នឹងយល់ព្រមលើសំណើចូលរួមជាអធិបតីក្នុងការចុះហត្ថលេខានោះមែន លោក អាន់វ៉ា អាចនឹងត្រូវរត់ខ្វែងដៃខ្វែងជើងមិនខានឡើយ ដើម្បីទទាក់ទទួលផ្គាប់ចិត្ត លោកត្រាំ ដ្បិតលោកត្រាំ ក៏មិនសូវជាមានប្រជាប្រិយភាពខ្លាំងនៅប្រទេសម៉ាឡេស៊ីនោះដែរ។ នេះបើតាមការគូសបញ្ជាក់របស់កាសែត Politico។
យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ នៅក្នុងការលូកដៃធ្វើជាអ្នកសម្របសម្រួលសន្ដិភាព បានក្លាយជាគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់សហរដ្ឋអាម៉េរិក។ ជាក់ស្ដែង លោកត្រាំ បានអះអាងក្ដែងៗប្រាប់មេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា លោកបានបញ្ចប់សង្គ្រាមចំនួន៧ នៅទូទាំងពិភពលោក រួមទាំងសង្គ្រាមកម្ពុជា-ថៃ នៅក្នុងរយៈពេលប្រមាណ ៧ខែ ដែលលោកបានឡើងកាន់អំណាច។
មេដឹកនាំមួយចំនួន រួមទាំងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកដូណាល់ត្រាំ និងបានស្នើបេក្ខភាពប្រធានាធិបតីអាម៉េរិករូបនេះ សម្រាប់ជាអ្នកទទួលបានពានរង្វាន់ណូបែលសន្ដិភាពផងដែរ។ ប៉ុន្ដែ ក៏មានមេដឹកនាំប្រទេសខ្លះ រួមទាំងប្រធានាធិបតី បារាំង លោក ម៉ាក្រុង ផង បានអះអាងថា ដើម្បីទទួលបានពានរង្វាននេះ លោកត្រាំ គួរតែបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងនៅអ៊ុយក្រែន ឱ្យបានជាមុនសិន។ ដោយឡែក នៅចុងក្រោយនេះ មេដឹកនាំកោះតៃវ៉ាន់ឯណោះវិញ ក៏បានចេញមកនិយាយដែរថា ប្រសិនបើលោកដូណាល់ ត្រាំ អាចធ្វើឱ្យមហាយក្សចិន បោះបង់ការប្រើប្រាស់កម្លាំងវាយដណ្ដើមយកកោះតៃវ៉ាន់ នោះទើបរូបលោក គួរតែទទួលបានពាន់រង្វាន់ណូបែលសន្ដិភាព៕